header ads

Sponsor

កណ្តាលៈ ចៅក្រមសាលាដំបូងខេត្តកណ្ដាល នៅថ្ងៃសៅរ៍ ទី១៩ មករា ឆ្នាំ២០១៩នេះ បានចេញដីកាសម្រេចឃុំខ្លួនឃាតកស្រី ដែលសម្លាប់មនុស្សប្លន់យកទ្រព្យសម្បត្តិ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន តាមមាត្រា២០០នៃក្រមព្រហ្មទណ្ឌ។

មាត្រា២០០នៃក្រមព្រហ្មទណ្ឌបានកំណត់អោយផ្ដន្ទាទោសជនត្រូវចោទដាក់ពន្ធនាគារអស់មួយជីវិត។

ឃាតក ដែលតុលាការឃុំខ្លួនឈ្មោះ សុខ ចាន់ថា ភេទស្រី អាយុ៣៩ឆ្នាំ មានទីលំនៅ ភូមិបឹង ឃុំរកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។ ជន​​រងគ្រោះ ដែលត្រូវឃាតកសម្លាប់​ឈ្មោះ​ ឈុន​ ទូ​ ភេទស្រី អាយុ​៥៦ឆ្នាំ​ មុខរបរ ​ចងការប្រាក់ មាន​ស្រុក​កំណើត​ស្ថិត​នៅ​ឃុំ​ស្រៃ​អំបិល​ ស្រុក​បុទុមសាគរ​ ខេត្ត​កោះកុង​ បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​បឹង​ ​ឃុំ​រកា​ ស្រុក​កណ្ដាល​ស្ទឹង ​ខេត្ត​កណ្ដាល​។

ពាក់ព័ន្ធការស្លាប់ជនរងគ្រោះ បើតាម​សម្ដី​របស់​ក្រុម​គ្រួសារ ​បានឲ្យ​ដឹងថា កាល​ពី​វេលាម៉ោង​៥ល្ងាច ​ថ្ងៃ​ទី​១៤ ខែ​មករា ប្ដី​របស់​ជនរងគ្រោះបាន​ត្រឡប់​មក​ពី​ធ្វើ​ការ​វិញ ​ស្រាប់​តែ​អត់​ឃើញ​ប្រពន្ធ​របស់​គាត់​ ភ្លាម​ៗ​នោះ​គាត់​បាន​ហៅ​ពី​រ​ទៅ​បី​ដង ​តែ​អត់​តប​វិញ​សោះ​ ហើយ​ទ្វារ​ផ្ទះ​បើក​ចំហទៀត​។ មួយ​សន្ទុះ​ក្រោយ​មក​គាត់​បាន​ដើរ​ចូល​ទៅ​ក្នុង​ផ្ទះ​ ហើយ​បើក​ទ្វារ​បន្ទប់​​ដើ​រ​ចូល​ ស្រាប់​តែ​ឃើញ​ប្រពន្ធ​របស់​គាត់​បាន​ដេក​ស្លាប់​នៅ​ពីមុខ​ទូលុយ​យ៉ាង​អាណោចអាធ័ម​ ភ្លាមៗ​នោះ​គាត់​បាន​ស្រែក​ឆោឡោ​ឲ្យ​អ្នក​ជិត​ខាង​​ជួយប្រពន្ធ​គាត់ផង ប៉ុន្តែប្រពន្ធគាត់បានស្លាប់ទៅហើយ ។ ចំណែក​ឯ​ទូ​ដាក់​លុយ ​និងគ្រឿង​អលង្ការ​មួយ​ចំនួន​ ត្រូវ​បាន​បាត់​បង់​គ្មាន​សល់​ឡើយ​។

បន្ទាប់ពីផ្អើលឆោឡោសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវលុះដល់យប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ ទើបកំណត់បាននូវមុខសញ្ញាជនដៃដល់ក៏ធ្វើដំណើរទៅខេត្តកំពង់ធំ ដោយផ្អែកតាមលទ្ធផលស្រាវជ្រាវរយៈពេល៣ថ្ងៃ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ សមត្ថកិច្ចក៏បានចាប់ឃាត់ខ្លួនឃាតករដៃដល់ រួមទាំងវត្ថុតាងនៅចំណុច ភូមិកំពង់សំរោង ឃុំស្រយ៉ូវ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ ។

បន្ទាប់ពីធ្វើការឃាត់ខ្លួនសួរនាំ ជនដៃដល់រូបនេះ បានសារភាពថា ក្រោយពីខ្លួនបានជាប់ជំពាក់បំណុលលុយកាក់ អ្នកក្នុងភូមិជាមួយគ្នា និងលុយធនាគារ ខ្លួនគេពិបាកចិត្តណាស់ ព្រោះគេតាមមកទារលុយជាបន្តបន្ទាប់ ហើយបានគិតគម្រោងថា ធ្វើយ៉ាងណារកប្រាក់យកមកដោះស្រាយបំណុលនេះបាន ក៏រៀបចំខ្សែអង្រឹងប្រវែងកន្លះម៉ែត្រត្រៀមទុកក្នុងហោប៉ៅខោហើយរកឱកាសសម្លាប់ជនរងគ្រោះ។ បន្ទាប់មកបានធ្វើដំណើរជិះម៉ូតូមកផ្ទះជនរងគ្រោះនៅថ្ងៃកើតហេតុ ពេលថ្ងៃជិតត្រង់ ហើយគោះទ្វារហៅជនរងគ្រោះចូលទៅអង្គុយមើលទូរទស្សន៍ នៅក្នុងផ្ទះជាមួយជនរងគ្រោះ ព្រោះជាមនុស្ស រាប់អានគ្នា និយាយគ្នាពីនេះ ពីនោះខ្លះរួចមក ជនរងគ្រោះនាំខ្លួនគេចូលមើលកម្រាលពូកថ្មី នៅក្នុងបន្ទប់ ។ ដោយបានឱកាសមកដល់ ក៏យកខ្សែអង្រឹងរឹតក វាយប្រតាយប្រតប់គ្នា ជាមួយជនរងគ្រោះនៅក្នុងបន្ទប់ដេក ហើយជនរងគ្រោះដណ្ដើមបានខ្សែអង្រឹងវិញ រឹតកខ្លួនគេរើសបម្រាស់​ទម្រាំតែរួច រឹតកវិញ និងច្របាច់ក បន្ថែមរហូតដល់ជនរងគ្រោះលែងកម្រើក រួចខ្លួនអង្គុយសម្ងំ​នៅខាងក្នុងបន្ទប់ទាល់តែបាត់ហត់ ទើបបន្តសកម្មភាព រើកកាយយកខ្សែដៃ១ខ្សែ យកខ្សែក១ខ្សែ របស់ជនរងគ្រោះ ហើយដើរមកទាញថតទូជ័រ បើកឃើញកូនកាបូបដាក់លុយនៅក្រោមខោអាវ ដកយកតែលុយ ដុល្លារ ក្រដាស១០០ និងក្រដាស ៥០ ក្រដាស ២០ ខ្លះ ជាមួយលុយខ្មែរ ដោយមិនបានរើ កកាយបើកទូរឈើ និងបើកកាបូបខ្មៅ យួរដៃ របស់ជនរងគ្រោះទេ បន្ទាប់មកដើរគេចចេញតាមរបងខាងត្បូង ចេញមកផ្លូវហើយគេចខ្លួនមកស្នាក់នៅខេត្តកំពង់ធំបាន២ថ្ងៃ ក៏ត្រូវសមត្ថកិច្ចតាមមកចាប់ខ្លួនតែម្ដង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post