header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពង់ឆ្នាំងៈ មានការភ្ញាក់ផ្អើលមួយបានកើតឡើង នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចភូមិក្តុល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ដោយប្រជាពលរដ្ឋ បានប្រទះឃើញសពក្មេងប្រុសម្នាក់ ឈ្មោះ រិន សារ៉ុង អាយុ៣ឆ្នាំ រស់នៅភូមិក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលមានឪពុកឈ្មោះ ស៊ីម សារឿន អាយុ២២ឆ្នាំ និងម្តាយឈ្មោះ នឿន សុភីន អាយុ២១ឆ្នាំ បានស្លាប់នៅក្នុងទឹកស្ទឹងមួយកន្លែង មានចម្ងាយពីផ្ទះក្មេងរងគ្រោះ ប្រមាណជា៨០០ម៉ែត្រ ដោយមានស្លាកស្នាមគួរឲ្យសង្ស័យថា ជាករណីឃាតកម្ម ទើបប្រជាពលរដ្ឋ និងក្រុមគ្រួសារសព បានផ្ដល់ដំណឹងនេះជូនទៅអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ដើម្បីធ្វើការស្រាវជ្រាវ។

បន្ទាប់ពីសមត្ថកិច្ចធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ក៏បានកំណត់មុខសញ្ញាថា ពិតជាករណីឃាតកម្មមែន ក៏ធ្វើការស្រាវជ្រាវរហូតទៅដល់ការឃាត់ខ្លួនមនុស្សប្រុសស្រី ចំនួន៤នាក់ ដើម្បីធ្វើការសាកសួរ។

បន្ទាប់ពីសមត្ថកិច្ចធ្វើការសាកសួរនាំអស់ជាច្រើនម៉ោង ជាលទ្ធផលក្មេងប្រុសម្នាក់ ឈ្មោះ ប៊ុន សុធារិទ្ធ អាយុប្រហែល១០ឆ្នាំ រស់នៅភូមិដំណាក់អំពិល ឃុំក្តុលសែនជ័យ បានសារភាពថា ខ្លួនពិតជាបានសម្លាប់ឈ្មោះ រិន សារ៉ុង អាយុ៣ឆ្នាំ ពិតប្រាកដមែន ដោយមានការរួមគំនិតពីមនុស្ស៣នាក់ទៀត។ ហើយសកម្មភាពសម្លាប់នោះ មុនពេលកើតហេតុ គេបានលួងលោមក្មេងរងគ្រោះជិះកង់ជាមួយ ហើយក៏ដឹកយកក្មេងរងគ្រោះ ទៅសម្លាប់នៅចំណុចមាត់ស្ទឹង ដោយចាប់ជ្រមុជទឹកស្ទឹងសម្លាប់តែម្តង ដើមចមដោយសារតែរឿងគំនុំរវាងម្តាយក្មេងរងគ្រោះ ធ្លាប់ទះកំភ្លៀងទៅលើរូបគេ កាលពីពេលកន្លងទៅ។

តែទោះជាយ៉ាងណា រឿងរ៉ាវខាងលើនេះ សមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវសួរនាំមនុស្ស៣នាក់ទៀត យ៉ាងយកចិត្តទុកដាក់ ដើម្បីស្វែងរកអ្នកដែលពាក់ព័ន្ធយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post