header ads

Sponsor

ភ្នំពេញៈ ជនសង្ស័យ២នាក់ ធ្លាប់ធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់ បានសម្រេច កាលពីខែមីនា ឆ្នាំ២០១៨ នៅសង្កាត់ដង្កោ ខណ្ឌដង្កោ ឥឡូវមកជាប់ខ្នោះសមត្ថកិច្ចខណ្ឌសែនសុខល្មម នៅវេលាម៉ោង៦៖០០នាទី ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចភូមិអ័កគីដេរ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ តាមចំណារឯកភាពរបស់ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ទី១-ឈ្មោះ យ៉េន គឹមស័ក្ត ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ (គ្មានសារធាតុញៀន)។ ទី២-ឈ្មោះ យ៉េង យូរ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិអ័កគីដេរ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ(គ្មានសារធាតុញៀន)។ រីឯជនរងគ្រោះ មិនស្គាល់អត្តសញ្ញាណ (ពុំបានដាក់ពាក្យបណ្តឹង)។ សម្ភារៈបាត់បង់៖ កាបូបប្រាក់ដៃមនុស្សស្រី ចំនួន១ មានលុយចំនួន១៥ដុល្លារ។

ប្រភពពីសមត្ថកិច្ច បានឲ្យដឹងទៀតថា មុនពេលកើតហេតុ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១១និង៣០នាទី កម្លាំងប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម បានធ្វើការល្បាតក្នុងភូមិសាស្ត្រ ដល់ចំណុចកើតហេតុខាងលើ បានឃើញជនសង្ស័យ២នាក់ កំពុងដើរតាមផ្លូវ ដោយមានការសង្ស័យកម្លាំងល្បាតយើងបានហៅជនសង្ស័យឲ្យឈប់ធ្វើការត្រួតពិនិត្យ និងសួរនាំ ក្រោយមកជនសង្ស័យខាងលើ បានសារភាពថា ខ្លួន និងបក្ខពួកធ្លាប់ធ្វើសកម្មភាពឆក់កាបូបដៃពីមនុស្សស្រីម្នាក់ ធ្វើដំណើរតាមផ្លូវ ម្តុំភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ កាលពីខែមីនា ឆ្នាំ២០១៨ ទើបមានចំណារឯកភាពពីព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ អនុញ្ញាតឲ្យអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើតែម្តង។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post