header ads

Sponsor

សៀមរាបៈ មន្ត្រីរដ្ឋបាលជលផលនៃខេត្តសៀមរាបបានអះអាងប្រាប់អ្នកកាសែត នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ថា គ្មានការឈូសឆាយដីព្រៃលិចទឹក ក្នុងតំបន់បឹងពារាំង ដូចការបង្ហោះតាមបណ្តាញសង្គមហ្វេស ប៊ុក របស់បុគ្គលមួយចំនួននោះទេ ។ ប៉ុន្តែតាមលោកចុះទៅមើលជាក់ស្តែង គឺមានតែការជួសជុលផ្លូវចាស់ ដែលអតីតអភិបាលខេត្តសៀមរាប គឺលោក ឃឹម ប៊ុនសុង បានអនុញ្ញាត ឲ្យធ្វើដើម្បីឲ្យពលរដ្ឋ និងភ្ញៀវទេសចរ អាចធ្វើដំណើរទៅកម្សាន្តមានភាពងាយស្រួលតែប៉ុណ្ណោះ ។

លោក ពត វណ្ណដេត នាយរងផ្នែករដ្ឋបាលជលផលចុងឃ្នៀស ទទួលរួមបានបញ្ជាក់ថា រូបលោករួមទាំងមន្ត្រីបានចុះពិនិត្យផ្ទាល់ គឺពុំមានការឈូសឆាយដីព្រៃលិចទឹក ដូចការបង្ហោះព័ត៌មានតាមបណ្តាញសង្គមនោះទេ ។ ថ្មីៗនេះ មានជនអគតិ បំប៉ោងព័ត៌មានថា ដីព្រៃលិចទឹកនៅតំបន់បឹងពារាំង ត្រូវគេឈូសឆាយច្រើនហិកតា តែធាតុពិតគឺពុំមាននោះឡើយ ។

លោកបន្តថា ស្នាមចន្លោះឈូសផ្លូវកាត់ប៉ុន្មានម៉ែត្រនោះ គឺតាំងពីឆ្នាំមុនមកម្លេះ ដែលពេលនោះលោកណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម ក៏បានចុះពិនិត្យជាក់ស្តែង ហើយលោកបានបញ្ជាក់ថា ប្រសិនបើចង់ឈូសធ្វើផ្លូវយ៉ាងណា គឺត្រូវសុំអនុញាតច្បាប់ត្រឹមត្រូវ ។ លោកបន្ថែមថា រាល់ការផ្សាយព័ត៌មានទោះពិតឬមិនពិត គឺចាំបាច់យើងត្រូវចុះពិនិត្យជាក់ស្តែង ។ ប៉ុន្តែឆ្លងកាត់ការពិនិត្យ ឃើញថា វាពុំមែនជាការពិត ដូចអ្វីដែលគេបង្ហោះនោះឡើយ ។

ចំណែកលោកសុខ សំណាង តំណាងសហគមន៍ទេសចរ វប្បធម៌ធម្មជាតិបឹងពារាំង ក៏បានបញ្ជាក់ថា លោកសុំច្រានចោលទាំងស្រុង ចំពោះព័ត៌មានដែលចោទថា មានការឈូសឆាយដីព្រៃលិចទឹកក្នុងការធ្វើផ្លូវចូលទៅកាន់តំបន់បឹងពារាំងនេះ ។ លោកបន្តថា ប៉ុន្មានថ្ងៃមុនដោយសាផ្លូវចូលទៅកាន់តំបន់ទេសចរខាងលើ មានសភាពពិបាកក្នុងការធ្វើដំណើរ ដោយដានជើងសត្វគោក្របី និងជង្ហុកជ្រៅៗ ទើបខាងលោកយកត្រាត់ទ័រទៅបោសសំអាត ។ ប៉ុន្តែមិនមានការប៉ះពាល់ដល់ដើមឈើដែលជាព្រៃលិចទឹកនោះទេ ។

លោកសុខ សំណាង បញ្ជាក់ថាចំពោះផ្លូវចូលទៅកាន់តំបន់ទេសចរបឹងពារាំង ដែលមានពេលបច្ចុប្បន្ន គឺជាផ្លូវដែលកសាងឡើងដោយអាជ្ញាធរខេត្ត ទាំងថវិការនិងគ្រឿងចក្រ ក្នុងពេលលោកឃឹម ប៊ុនសុង ជាអភិបាលខេត្ត ។ ពុំមែនសហគមន៍មានសមត្ថភាពធ្វើនោះឡើយ ចឹងទេសូមប្រជាពលរដ្ឋ និងសមត្ថកិច្ចពាក់ព័ន្ធមេត្តាជ្រាប ។ ចំណែកឯអ្នកបំប៉ោងព័ត៌មាន សូមកុំសូមកុំចេះតែបំប៉ោង ព្រោះតែចង់បានប្រយោជន៍ ព្យាយាមធ្វើគ្រប់សកម្មភាព ដើម្បីឲ្យខេត្តទេសចរមួយនេះមានចលាចល ។ ពីព្រោះថា តំបន់ទេសចរបឹងពារាំងពេលនេះ កំពុងស្រូបយកអ្នកទេសចរណ៍ជាតិ និងអន្តរជាតិកាន់តែច្រើនទៅៗ តាមរយៈការទស្សនាព្រៃធម្មជាតិ ដែលមានផ្ទៃទឹកល្វឹងល្វើយ ប្រភពត្រី សត្វស្លាបទឹក និងសត្វផ្សេងៗទៀតយ៉ាងច្រើន ។

លោកសុខ សំណាង បញ្ជាក់ទៀតថា លោកសំណូមពរឲ្យខាងបងប្អូនអ្នកព័ត៌មានទាំងអស់ គួរណាស់សរសេរព័ត៌មានផ្សេងៗឲ្យមានប្រភពត្រឹមត្រូវ ទាំងសងខាងមិនលម្អៀង ដើម្បីអ្វើយ៉ាងណាឲ្យប្រទេសយើងមានការរីកចម្រើនដូចប្រទេសមួយចំនួននៅលើសកលលោក៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post