
សៀមរាបៈ កម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបដឹកនាំដោយ លោក ជា គឹមសាន ស្នងការរងទទួលផែនអន្តោប្រវេសន៍ និងលោក ជួន សុបញ្ញា ព្រះរាជអាជ្ញារង បានបង្រ្កាបទីតាំងបើកកន្លែងលេងល្បែងស៊ីសងខុសច្បាប់មួយកន្លែង បង្កប់ក្នុងទីតាំងមជ្ឈមណ្ឌលកម្សាន្ត។
ប្រតិបត្តិការនេះ ធ្វើឡើងនៅវេលាម៉ោង១០យប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ហើយទើបតែនៅម៉ោង៨ព្រឹកថ្ងៃទី២៦មករា ២០១៩ សមត្ថកិច្ចបានមកដឹកយកវត្ថុតាងទៅតុលាការ ក្នុងនោះកម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គំ ដឹកនាំសម្របសម្រួលនីតិវិធីដោយ លោក ជួន សុបញ្ញា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប។
បើតាមសម្តីមន្ត្រីសមត្ថកិច្ច បានឲ្យដឹងថា កាចុះបង្រ្កាបករណីបើកកន្លែងលេងល្បែងស៊ីសងខុសច្បាប់ បង្កប់ក្នុងទីតាំងមជ្ឈមណ្ឌលកម្សាន្តឈឹងស៊ឺអ៊ីងស៊ាង ស្ថិតនៅភូមិ មណ្ឌល១ សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ក្បែរផ្សាររាត្រី ត្រីកោណ និងផ្សារចាស់ នឹងបានឃាត់ខ្លួនមនុស្សចំនួន៤នាក់ ភេទប្រុស ជាជនជាតិចិន រួមនឹងវត្ថុតាងម៉ាស៊ីនសម្រាប់លេងល្បែងស៊ីសងចំនួន៣២គ្រឿង និងវត្ថុតាងផ្សេងៗមួយចំនួនទៀតបញ្ជូនមកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្ត។
ជនសង្ស័យទាំង៤នាក់ ១-ឈ្មោះ JIANG JIANCHUN ភេទប្រុស កើតឆ្នាំ១៩៨០ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EE១៣៦២៩៤៥។ ២-ឈ្មោះ TONG CHAO ភេទ ប្រុស កើតឆ្នាំ ១៩៩០ ជនជាតិ ចិន មិនមានលិខិតឆ្លងដែនជាប់ខ្លួន។ ៣-ឈ្មោះ XU HONGXING ភេទ ប្រុស កើតឆ្នាំ ១៩៨០ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ EC៤ ៧៦៧៣៨៨។ ៤-ឈ្មោះ HAO BIN ភេទ ប្រុស កើតឆ្នាំ១៩៨៣ ជនជាតិចិន មិនមានលិខិតឆ្លងដែនជាប់ខ្លួន។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ ត្រូវបានលោក ជួន សុបញ្ញា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាបសម្រេចឲ្យឃាត់ខ្លួនបណ្តោះអាសន្ន នឹងធ្វើការស៊ើបអង្កេត និងអនុវត្តនីតិវិធី ដើម្បីបន្តការសាកសួរ នឹងរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធី ទោះជាថៅកែ និងអ្នកនៅពីក្រោយខ្នង រត់គេចខ្លួនក៏ដោយ៕










