
ភ្នំពេញៈ យ៉ាងហោចណាស់មនុស្សជិត១០នាក់ ត្រូវឃាត់ខ្លួន ខណៈជាច្រើននាក់ទៀតរត់ចោលម៉ូតូអស់ ខណៈពេលកម្លាំងសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ចុះបង្រ្កាបសង្វៀនបញ្ជល់មាន់ដ៍ធំមួយកន្លែង កាលពីរសៀល ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ នៅបរិវេណដីព្រៃទុកចោលមួយកន្លែង ស្ថិតក្នុងភូមិចំរើនផល សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ប្រជាពលរដ្ធនិយាយថា មនុស្សរាប់សិបនាក់ បានមកជល់មាន់ពេលម្ចាស់សង្វៀនបើកលេងម្ដងៗ មិនដឹងថា មកពីកន្លែងណាខ្លះទេ ហើយគេពិនិត្យឃើញអ្នកលេងមានមុខប្លែកៗ មកលេងល្បែងភ្នាល់មាន់ យ៉ាងគគ្រឹកគគ្រេង នៅក្នុងសង្វៀនខាងលើនេះ ស្រែកកងរំពង គ្មានក្រែងចិត្តអ្នកភូមិឡើយ អ្នកភូមិនិយាយថា ពេលខ្លះក៏មានការឈ្លោះប្រកែកគ្នាបង្កចលាចលពេញភូមិ រីឯសមត្ថកិច្ច ឬអាជ្ញាធរមូលដ្ឋានប៉ុស្តិ៍នគរបាលបឹងទំពុនទី១វិញ មិនបាច់និយាយទេ បានត្រឹមតែចុះមកសម្រួល កុំឲ្យមានចលាចលកើតឡើងហើយត្រឡប់ទៅវិញបាត់ ដែលទំនងម្ចាស់សង្វៀនមានខ្នងធំហើយ ព្រោះទាំងមេប៉ុស្តិ៍ ទាំងអធិការខណ្ឌ មិនហ៊ានបង្ក្រាបផង កុំថាឡើយបញ្ជាពីណាមក ក៏មិនខ្ចីខ្វល់ជាមួយនឹងល្បែងនេះដែរ ។
ពលរដ្ឋដែលរស់នៅតំបន់នោះក៏បានពោលថា "ទាល់តែសម្ដេចតេជោ ស្រែកទើបដឹងប្រឹង" ដូចច្នេះមានន័យថា បទបញ្ជាលោក ឃួង ស្រេង អភិបាលរាជធានី និងបទបញ្ជាលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ គ្មានប្រសិទ្ធភាពសម្រាប់បញ្ជាអធិការខណ្ឌមានជ័យ ក្នុងការបង្ក្រាបល្បែងស៊ីសងក្នុងខណ្ឌមានជ័យបានឡើយ ទើបបន់ល្បែងខុសច្បាប់ពេញមូលដ្ឋានទុកតាំងពិព័រណ៍បែបនេះ ។
ប្រភពពីមន្ត្រីនគរបាលដែលចុះបង្ក្រាបបានបង្ហើបឲ្យដឹងថា សង្វៀនបញ្ជល់មាន់គ្មានច្បាប់ទម្លាប់នោះ បានបើកដំណើរការច្រើនខែណាស់ហើយ តែមិនដឹងថាគ្រប់គ្រងដោយអ្នកណានោះទេ ជាក់ស្ដែងក្រោយពីលោក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដាក់បទបញ្ជា ទើបកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានរាជធានីភ្នំពេញ បើកកិច្ចប្រតិបត្តិការបង្រ្កាបតែម្ដង ។
ការបង្ក្រាបនេះមានការដឹកនាំកម្លាំងដោយលោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ ដោយមានការសម្របសម្រួលលោក ប្លង់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចំណែកកម្លាំងប៉ុស្តិ៍រដ្ឋបាលបឹងទំពុនទី១ ជាក់ស្ដែងគ្រាន់តែមកចូលរួមសហការតែប៉ុណ្ណោះ ។
ជាក់ស្តែងក្នុងប្រតិបត្តិការនេះ មានការឃាត់ខ្លួនមនុស្សចំនួន ១០នាក់ (ប្រុស) ព្រមទាំងដកហូតវត្ថុតាងមួយចំនួនធំ រួមមាន ៖ សត្វមាន់ឈ្មោល (មាន់ជល់) ជាច្រើនក្បាល និងម៉ូតូចំនួន ២១គ្រឿង ដែលក្នុងនោះក៏មានម៉ូតូដែលម្ចាស់រត់ចោល ។
បច្ចុប្បន្នក្រោយពេលប្រតិបត្តិការចំពោះមនុស្ស និងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាំយកទៅចាត់ការបន្តតាមនីតិវិធី៕











