ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា បច្ចុប្បន្នចំនួនប្រជាពលរដ្ឋខ្មែរ ដែលបានកាត់ និងជាប់ខ្សែស្រឡាយចិន កាន់តែមានច្រើន ខណៈចូលឆ្នាំចិន នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ។
ក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកសម្តេចតេជោ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ បានបង្ហាញថា នៅសល់តែ៤ថ្ងៃទៀតប៉ុណ្ណោះ ថ្ងៃចូលឆ្នាំចិននឹងមកដល់។ ទោះបីពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នៅក្នុងខែមេសា ក៏ពិតមែន តែសង្កេតឃើញថា កម្ពុជាចូលឆ្នាំទាំង៣ គឺឆ្នាំសកល, ឆ្នាំចិន, និងឆ្នាំខ្មែរ មានអ្នកចូលរួមអបអរសាទរយ៉ាងច្រើនកុកកុញ។
ពាក់ព័ន្ធចូលឆ្នាំចិនវិញ សម្តេចតេជោ “ជាពិសេសសព្វថ្ងៃនេះ មានបងប្អូនខ្មែរកាត់ចិន ឬក៏បានភ្ជាប់សាច់ឈាមខ្សែស្រឡាយចិន ក៏មានកាន់តែក៏ច្រើនផងដែរ”។
សម្តេចនាយករដ្ឋមន្រ្តី បានលើឡើងទៀតថា កាលពីជំនាន់ ប៉ុល ពត ប្រល័យពូជសាសន៍ (១៩៧៥ -១៩៧៩) គ្មានបុណ្យសាសនាអ្វីទាំងអស់ ហើយពលរដ្ឋក៏គ្មានសិទ្ធិសេរីភាពអ្វីដែរ គឺមានតែគេបង្ខំឲ្យធ្វើការទាំងយប់ទាំងថ្ងៃ រស់នៅបែកបាក់ព្រាត់ប្រាស់គ្រួសារ និងរង់ចាំតែសេចក្តីស្លាប់តែមួយមុខប៉ុណ្ណោះ។ សូម្បីតែមានសាច់ឈាមពណ៌សម្បុរ “ស” ក៏គេចោទថាខ្មាំងដែរ។
ក្រោយពីប្រទេសជាតិ មានសុខសន្តិភាពពេញលេញ ពលរដ្ឋមានសិទ្ធិសេរីភាពគ្រប់យ៉ាង ក្នុងការជ្រើសរើស និងប្រតិបត្តិជំនឿសាសនា និងរៀបចំពិធីបុណ្យប្រពៃណីតូចធំ រួមទាំងពិធីបុណ្យចូលឆ្នាំនៃជនជាតិនីមួយៗ ទៅតាមជំនឿរៀងៗខ្លួនដោយសេរី៕
