header ads

Sponsor

ភ្នំពេញៈ សភាស៊ើបសួរសាលាឧទ្ធរណ៍ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩នេះ បានសម្រេចបន្តការឃុំខ្លួនលោក រ៉ាត់ រ័ត្នមុនី រហូតដល់តុលាការថ្នាក់ក្រោម សម្រេចដល់អង្គសេចក្ដី។

សេចក្ដីសម្រេចថ្មីនេះ ធ្វើឡើងដោយកំបាំងមុខជនជាប់ចោទ តែចាត់ទុកជាចំពោះមុខដោយសារតែអនុរ័ក្សពន្ធនាគារមិនបានបញ្ជូនលោក រ័ត្នមុនី មកតុលាការទេ។

កាលពីព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩នេះ សភាស៊ើបសួរសាលាឧទ្ធរណ៍ បានលើកយកសំណុំរឿងសុំនៅក្រៅឃុំរបស់ផលិតកវីដេអូ “ម្ដាយខ្ញុំលក់ខ្ញុំ” មកបើកសវនាការអសាធារណៈ ប៉ុន្តែបានសម្រេចថា នឹងប្រកាសសេចក្ដីសម្រេចនៅថ្ងៃទី៣១ ខែមករានេះ។

ជនជាប់ចោទលោក រ៉ាត់ រ័ត្នមុនី ត្រូវបានបញ្ជូនមកនៅចំពោះមុខក្រុមប្រឹក្សាសភាស៊ើបសួរ ប៉ុន្តែតុលាការមិនអនុញ្ញាតឲ្យអ្នកសារព័ត៌មានស្ថិតនៅក្នុងបន្ទប់សវនាការនោះទេ។

ប្រភពព័ត៌មានពីសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨កន្លងទៅ សមត្ថកិច្ចក្រសួងមហាផ្ទៃ បានបញ្ជូនប្រធានសហជីពកម្មករសំណង់ ដែលមានមូលដ្ឋាននៅប្រទេសថៃ ហើយជាប់ពាក់ព័ន្ធនិងសំណុំរឿងផលិតខ្សែវីដេអូរឿង “ម្ដាយខ្ញុំលក់ខ្ញុំ” មកតុលាការហើយ ដើម្បីសាកសួរ និងសម្រេចតាមច្បាប់។

ក្រោយសាកសួរ តុលាការបានសម្រេចឃុំខ្លួនលោក រ៉ាត់ រ័ត្នមុនី។ ២សប្ដាហ៍ក្រោលមកជនជាប់ចោទបានដាក់ពាក្យសុំនៅក្រៅឃុំ ប៉ុន្តែតុលាការបានបដិសេធ ទើបជនជាប់ចោទបានប្ដឹងមកសាលាឧទ្ធរណ៍ ហើយនៅព្រឹកថ្ងៃទី៣០ ខែមករា សភាស៊ើបសួរបានយកសំណើរនេះមកពិភាក្សា ហើយនឹងធ្វើសេចក្ដីសម្រេចនៅថ្ងៃស្អែក។

អ្នកស្រី ឡុង គីមហ៊ាង ដែលត្រូវជាភរិយាលោក រ៉ាត់ រ័ត្នមុនី បានប្រាប់អ្នកកាសែតថា ស្វាមីរបស់អ្នស្រីឈ្មោះ រ៉ាត់ រ័ត្នមុនី ដែលជាប្រធានសហជីពកម្មករសំណង់ និងភ្នាក់ងារសារព័ត៌មានរុស្ស៊ីធូដេ (RT) ត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួន នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ ហើយបញ្ជូនមកឲ្យសមត្ថកិច្ចកម្ពុជាវិញ តាមការស្នើសុំ។

អ្នកស្រី ឡុង គឹមហ៊ាង ក៏បានអះអាងថា ការចាប់ខ្លួនស្វាមីគាត់នេះ ពាក់ព័ន្ធនិងការផលិតវីឌីអូឯកសារមួយមានចំណងជើងថា “ម្តាយខ្ញុំលក់ខ្ញុំ” របស់សារព័ត៌មានរុស្ស៊ី ធូដេ (RT)។

វីឌីអូ “ម្តាយខ្ញុំលក់ខ្ញុំ” និយាយពីស្ត្រីខ្មែរលក់កូនស្រីខ្លួនឯង ដោយសារតែជីវភាពខ្វះខាត និង រៀបរាប់ពីស្ថានភាពនៃការប្រកបអាជីវកម្មផ្លូវភេទនៅកម្ពុជា បានធ្វើឲ្យរាជរដ្ឋាភិបាលខឹងសម្បាយ៉ាងខ្លាំង ព្រោះថា ជាការមួលបង្កាច់កិត្យានុភាព កិតិ្តយស និងសេចក្ដីថ្លៃថ្នូររបស់ស្ត្រីខ្មែរ។

សមត្ថកិច្ចកម្ពុជា បានបកស្រាយថា វីឌីអូនោះ គឺជាការប្រឌិតឡើងដើម្បីធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់កម្ពុជាតែប៉ុណ្ណោះ។

សាច់ញាតិរបស់ជនជាប់ រួមជាមួយអ្នកតវ៉ាអាជីព បានព្យាយាមម្ដងជាពីរដង សុំឲ្យស្ថានទូតរូស្ស៊ីជួយអន្តរាគមន៍មករាជរដ្ឋាភិបាល ដើម្បីឲ្យលោក រ័ត្នមុនី នៅក្រៅឃុំ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post