
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា៖ ផ្ទះដែលត្រូវអគ្គិសភ័យឆាបឆេះទាំងព្រឹកនោះ ធ្វើអំពីថ្មកំពស់២ជាន់ ដែលមានម្ចាស់ឈ្មោះ ឆោម ក្រឹត ភេទប្រុស អាយុ ជាង៥០ឆ្នាំ មានមុខរបរជា មន្ត្រីបំរើការងារនៅសាលាស្រុកកំពង់រោទិ៍ ផ្ទះកើតហេតុមានដាក់លក់ទំនិញគ្រឿងកំប៉ុង គ្រឿងទេស កាហ្វេ និងហ្វូតូកូពី ។
នៅមុនពេលកើតហេតុ ភ្ញៀវដែលបានមកហូបកាហ្វេនៅផ្ទះនោះមានអារម្មណ៍ថាមានក្លិនឆ្ងៀមចម្លែក ហើយក៏នាំគ្នាដើររកប្រភពនៃក្លិននោះ រហូតបានប្រទះឃើញនៅក្នុងបន្ទប់ឡាវតឿមានភ្លើងកំពុងឆាបឆេះព្រមទាំងមានផ្សែងខ្មួលខ្មាញ់ក៏នាំគ្នាទូរស័ព្ទ ហៅរថយន្តពន្លត់អគ្គិសភ័យរបស់អធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍ ដើម្បីចេញអន្តរាគមន៍ពន្លត់ភ្លើងដែលកំពុងឆេះផ្អើលអស់អ្នកទីរួមស្រុកកំពង់រោទិ៍ ទាំងព្រឹកតែម្តង ។
សមត្ថកិច្ចបន្តទៀតថាៈ ក្រោយពីទទួលបានព័ត៍មាននេះភ្លាមក្រុមរថយន្តពន្លត់អគិ្គសភ័យក៏បានធ្វើការទំនាក់ទំនងគ្នា រហូតមានរថយន្តពន្លត់អគិ្គសភ័យចំនួន៤គ្រឿង បានមកជួយពន្លត់គ្នារហូតដល់ម៉ោង១០ព្រឹកថ្ងៃដដែល អគ្គិសភ័យក៏បានរលត់ទាំងស្រុងប៉ុន្តែនៅពុំទាន់ដឹងថាអគ្គិសភ័យខាងលើបង្កឱ្យមានការខូចខាតអស់ទ្រព្យសម្បត្តិប៉ុន្មាននៅឡើយទេ ។
សូមបញ្ចាក់ផងដែរថា៖ មូលហេតុដែលបង្កឱ្យមានគ្រោះអគ្គិសភ័យនេះ គឺសង្ស័យបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ឌុយខ្សែសាកថ្មបញ្ចូលទូរស័ព្ទសាកទុកចោលទើបបណ្តាលឱ្យឆេះតែម្តង ។
សូមបងប្អូនប្រជាពលរដ្ឋរត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះអគ្គិភ័យដែលបង្កដោយ ឆ្លងអគ្គីសនី ភ្លើងទៀន ភ្លើងធូកម ភ្លើងចង្ក្រានជាដើម ៕ ដោយ៖ស្វាយរៀង








