header ads

Sponsor

ភ្នំពេញៈ អាហារក្លែងក្លាយ មានជាតិពុល ជាតិគីមីហាមឃាត់ ទំនិញក្លែងក្លាយដែលនាំចូលពីបរទេស ក៏ដូចជាទំនិញផលិតក្នុងស្រុកមួយចំនួន បានក្លាយជាប្រធានបទក្តៅគគុក និងជាការព្រួយបារម្ភរបស់រដ្ឋាភិបាលខ្មែរ ជាពិសេសពលរដ្ឋខ្មែរទូទាំងប្រទេស ។

ការបារម្ភនេះត្រូវបានពលរដ្ឋចោទជាសំណួរថា តើយួន-ចិនចង់សម្លាប់ពលរដ្ឋខ្មែរដោយប្រយោលឬយ៉ាងណា? ហេតុអ្វីការអនុវត្តន៍ច្បាប់របស់មន្ត្រីជំនាញ ធូររលុងបែបនេះ? ឬជាអំពើពុករលួយបំផ្លាញសាសន៍ខ្មែរខ្លួនឯង? ឬមកពីយន្តការអនុវត្តន៍ច្បាប់របស់មន្ត្រីជំនាញ នៅមានភាពកំសោយពាក់ព័ន្ធសុវត្ថិភាពចំណីអាហារ?

បើពុំមានវិធានការទប់ស្កាត់ និងបង្ក្រាបទាន់ពេលវេលា ដូចភ្លៀងរលឹមទេ ប្រជាជនងាយ និងរងគ្រោះថ្នាក់ ប៉ះពាល់សុខភាពធ្ងន់ធ្ងរបំផុត ចំពោះការទទួលទានគ្រឿងឧបភោគ បរិភោគដែលលួចផលិតគ្មានស្តង់ដារ និងប្រើសារធាតុគីមីជាដើម ។ ដូចដែលប្រិយមិត្តបានឃើញជាក់ស្តែងនេះ មានទាំងទឹកត្រី ទឹកម្ទេស ទឹកសៀង ទឹកខ្មេះ ទឹកក្បុង ទឹកស៊ីអ៊ីវ សរុបជាង៤០មុខ ដែលរោងចក្រមួយ បានលួចផលិត ដោយគ្មានស្តង់ដារ គ្មានបច្ចេកទេស​ ត្រូវបានកម្លាំងប្រតិបត្តិការពិសេស នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ចុះបង្ក្រាបបានទាន់ពេលវេលា ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព ។

ការចុះត្រួតពិនិត្យ និងបង្ក្រាបជាក់ស្ដែងនេះ ធ្វើឡើងកាលពីវេលាម៉ោង០១:០០នាទី​រសៀល​ ថ្ងៃសុក្រ​ ទី១៨ ខែមករា ឆ្នាំ២០១៩នេះ ក្រុមកម្លាំងប្រតិបត្តិការពិសេស នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដោយមានការសម្របសម្រួល ពីលោកក្រឡាបញ្ជី និងជាតំណាងឲ្យព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ រួមទាំងមានការសហការពីមន្ត្រីកាំកុងត្រូល មន្ត្រីស្តង់ដារ មន្រ្តីសិប្បកម្ម និងកសិកម្ម រួមទាំងចៅសង្កាត់ និងមេប៉ុស្តិ៍កាកាប២ បានចុះត្រួតពិនិត្យរោងចក្រមួយកន្លែង យីហោ​ "មិនវៃសៀន ស៊ីហ្សិននីង ថេកណូឡូជី ខូអិលធីឌី MIN WAISIAN SEASONING TECHNOLOGY Co.Ltd​" នៅតាមបណ្ដោយផ្លូវបេតុងលេខ១១៣K ទល់មុខអាកាសយានដ្ឋាន​អន្តរជាតិភ្នំពេញ ស្ថិតនៅក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

ដោយលទ្ធផល​ ក្រោយពីត្រួតពិនិត្យខាងលើនោះ សមត្ថកិច្ចបានរកឃើញនូវ គ្រឿងបរិភោគក្លែងក្លាយ​ ដែលមានចំនួនរហូតទៅដល់ ៤០​ប្រភេទឯណោះ ដែលលួចផលិតគ្មានស្តង់ដារ គ្មានបច្ចេកទេស​ មានដូចជា ៖ ទឹកស៊ីអ៊ីវ​, ប្រេងខ្យង​, ដុំស៊ុប​មាន់​, ម្សៅ​ស៊ុប​មាន់​, ម្សៅ​ស៊ុប​មាន់​, ទឹកស៊ីអ៊ីវ​ចំហ៊យត្រី, ទឹកសៀងជូហិល, ទឹកបេះប៉ោះ, ទឹកខ្មេះ​, ទឹកសៀង​, ព្រមទាំង​ទឹកម្ទេស​​, ទឹកត្រី​ និងគ្រឿងឧបភោគជាច្រើនមុខទៀត -ល- ។

ខណៈពេលដែលសមត្ថកិច្ចបានចុះទៅត្រួតពិនិត្យនោះ មានទាហានពាក់ផ្កាយបីម្នាក់​ ត្រូវបានចិនក្នុងរោងចក្រហៅមកជួយបកប្រែប៉ុណ្ណោះ​ មិនមែនមកជួយ​អន្តរាគមន៍អ្វីនោះទេ ជាក់ស្ដែង​សមត្ថកិច្ច​ចម្រុះ​នៅ​តែ​បន្ត​អនុវត្ត​ទៅ​តាម​នីតិវិធី​ច្បាប់​ដដែល ។

សមត្ថកិច្ចជំនាញបានបញ្ជាក់អោយដេងថា ជាក់ស្ដែង​ផលិតផល និងការវេចខ្ចប់ខ្វះគុណភាព អនាម័យ និងមិនមានវិញ្ញាបនបត្រ​បញ្ជាក់ពីគុណភាព ពីមជ្ឈមណ្ឌលមន្ទីរពិសោធន៍ឧស្សាហកម្មកម្ពុជា និងពុំមានចុះបញ្ជីម៉ាកផលិតផលនោះទេ រីឯវត្ថុធាតុដើម​ បានលួចនាំចូលពីប្រទេសចិន និងថៃ ដោយគ្មានច្បាប់អនុញ្ញាត និងមានចេតនាបន្លំសមត្ថកិច្ច ដូច្នេះព្រះរាជអាជ្ញាសម្រេច បញ្ជាអោយផ្អាកការផលិត និងបិទទីតាំងជាបណ្តោះអាសន្ន ហើយនាំខ្លួនជនសង្ស័យដែលជាម្ចាស់ទីតាំង រួមទាំងកម្មករចិនចំនួន ០៦នាក់ (មានស្រី១នាក់) ចំណែកឯកម្មករខ្មែរចំនួន ០៤នាក់ ស្រី០៣នាក់ទៀត កម្លាំងពិសេសមិនបានយកទៅសាកសួរបំភ្លឺនៅលេខាធិការដ្ឋានឡើយ ។ ខណៈមន្ត្រី​ជំនាញ​ប្រយុទ្ធ​ប្រឆាំង​ផ​លិ​តផលក្លែង​ក្លាយ​បានរៀបចំ​សំណុំ​ឯកសារ ដើម្បី​បញ្ជូន​ទៅ​កាន់​តុលាការ ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់ ។

ពាក់ព័ន្ធករណីលួចផលិត ទឹកត្រី ទឹកម្ទេស ទឹកសៀង ទឹកខ្មេះ ទឹកក្បុង ទឹកស៊ីអ៊ីវ ដោយខុសច្បាប់គ្មានស្តង់ដារ ប្រើសារធាតុគីមីនេះ ខាងកម្លាំងប្រតិបត្តិការពិសេស នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ក៏សូមអំពាវនាវអោយបងប្អូនប្រជាជន មានការប្រុងប្រយ័ត្នមុន និងបរិភោគ ខណៈមានជនទុច្ចរិតក៏ដូចជាម្ចាស់សិប្បកម្មខ្លះ រកស៊ីប្រណាំងប្រជែងពាណិជ្ជកម្មភាព ដោយគ្មានភាពស្មោះត្រង់ ដោយបានលួចផលិតគ្រឿងឧបភោគ បរិភោគក្លែងក្លាយ ប្រើសារធាតុគីមី បណ្តាលអោយប៉ះពាល់សុខភាព ដូច្នេះបងប្អូនប្រជាពលរដ្ឋគ្រប់ខេត្តក្រុងទាំងអស់ មេត្តាជួយផ្តល់ដំណឹងប្រសិនបានជួបប្រទះ ឬដឹងថាមានទីតាំងសិប្បកម្មផលិតគ្រឿងឧបភោគ បរិភោគក្លែងក្លាយនេះជាដើម ដើម្បីបង្ក្រាបប្រយោជន៍ការពារសុខមាលភាពប្រជាជន ក្នុងក្របខណ្ឌទូទាំងប្រទេស ក៏ដូចជាភ្ញៀវទេសចរណ៍ អ្នកវិនិយោគបរទេសផងនោះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post