ភ្នំពេញៈ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចទូរស័ព្ទ និងអាយកូមរបស់សន្តិសុខពីរនាក់ ខណៈពេលកំពុងដេកលង់លក់ក្នុងដំណេកបានសម្រេច តែស៊យពេលសៀតចង្កេះធ្វើសង្ហារ ត្រូវជនរងគ្រោះឃើញ ទើបចាប់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩៖៣០នាទីព្រឹក ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចក្នុងហាងប្រាយស្តា ក្រុម៥ ផ្លូវ១០១១ ស្ថិតក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
នគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ផុន មិថុនា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារធាតុញៀន)។ ចំណែកជនរងគ្រោះចំនួន២នាក់ រួមមាន ១.ឈ្មោះ ស៊ិន ពៅ ភេទប្រុស អាយុ៣៤ឆ្នាំ និង២.ឈ្មោះ ស៊ាប យ៉ា ភេទប្រុស អាយុ២៣ឆ្នាំ។ ទាំង២នាក់ ជាសន្តិសុខយាមហាងប្រាយស្តា ស្នាក់នៅក្នុងហាងប្រាយស្តា ផ្លូវ១០១១ ភូមិពោងពាយ សង្កាត់ភ្នំពេញ ខណ្ឌសែនសុខ។ សម្ភារៈបាត់បង់ៈ ទូរសព្ទដៃចំនួន២គ្រឿង ម៉ាក អាយហ្វូន១គ្រឿង និងម៉ាកខេមហ្វូន១គ្រឿង, សម្ភារៈបន្សល់ទុកមានអាយកូមចំនួន១គ្រឿងម៉ាក Megaband។
មុនពេលកើតហេតុ ជនរងគ្រោះទាំង២ បានដេកនៅ (ចំណុចកើតហេតុខាងលើ) លុះដល់ម៉ោងកើតហេតុខាងលើ ជនរងគ្រោះក្រោកពីដេកមិនឃើញទូរស័ព្ទរបស់ខ្លួន ក៏មានឆោឡោឡើង រួចជនរងគ្រោះឈ្មោះ ស៊ាប យ៉ា ថា ពេលខ្លួនដេក បានឃើញមនុស្សប្រុសម្នាក់ ស្លៀកខោប៉ារ៉ាដើរចូល រួចខ្លួនក៏ដេកទៅវិញ។ លុះដល់ម៉ោង៣៖០០នាទីរសៀលថ្ងៃដដែល ពួកខ្លួនបានឃើញជនសង្ស័យខាងលើ ដើរកាត់មុខហាងប្រាយស្តា ដោយមានសៀតអាយកូម ដែលខ្លួនបាត់ ក៏នាំគ្នាឃាត់ខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថិកិច្ចប៉ុស្តិ៍ភ្នំពេញថ្មី ធ្វើការសាកសួរ រួចជនរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង។
បច្ចុប្បន្ន ជនសង្ស័យ កំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕