
ភ្នំពេញៈ ទម្លាប់ពេលស្រវឹងកាច! នាយទាហានពាក់ស័ក្តិម្នាក់ ចេញពីញាំការ បើកម៉ូតូក្នុងពេលស្រវឹងស្រាទ្រេតទ្រោត ឆ្លងកាត់គោលដៅត្រួតពិនិត្យ អនុវត្តច្បាប់ចរាចរណ៍របស់អធិការដ្ឋាននគរបាលខណ្ឌទួលគោក សមត្ថកិច្ចហៅឲ្យឈប់អែបខាងសិន ដើម្បីត្រួតពិនិត្យ បែរជាប្រើសម្ដីអសីលធម៌ដាក់មន្ត្រីនគរបាលចរាចរណ៍ ទើបសមត្ថកិច្ចចាប់វាស់ជាតិអាកុល ផាកពិន័យតែម្ដង។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៩៖៥០នាទីយប់ថ្ងៃសុក្រ ទី២៥ ខែមករា ឆ្នាំ២០១៩នេះ នៅត្រង់ចំណុចខាងមុខសណ្ឋាគារផ្កាឈូកទិព្វ តាមបណ្តោយផ្លូវមុន្នីរ៉េត ស្ថិតក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បុរសដែលត្រូវសមត្ថកិច្ចចាប់វាស់ជាតិអាកុលនោះ ឈ្មោះ ស្រ៊ាង ពិសិដ្ឋ មុខរបរ នាយទាហានកងយោធពលខេមរភូមិន្ទ កងឯកភាព មជ្ឃមណ្ឌលបោសសំអាតមីន ក.ម.ជ ឋានន្តរសក្ដិវរសេនីយ៍ត្រី (ស័ក្តិ៤) អត្តលេខ 058613 ។
លោក ជិន រតនៈ អធិការរងទទួលបន្ទុកផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍ នៃអធិកាដ្ឋាននគរបាលខណ្ឌទួលគោក ដែលបានដឹកនាំកម្លាំងប៉ុស្តិ៍ និងកម្លាំងអន្តរាគមន៍ខណ្ឌ បានដាក់គោលដៅចុះត្រួតពិនិត្យអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី និងអាវុធជាតិផ្ទុះ ព្រមទាំងត្រួតពិនិត្យជាតិអាល់កុល នៅចំណុចមុខសណ្ឋាគារផ្កាឈូកទិព្វខាងលើ បានប្រាប់ភ្នាក់ងារ ខេមប៉ុស្តិ៍ ថា មុនពេលឃាត់ខ្លួននាយទានហានពាក់ស័ក្តិ៤នោះ គឺកម្លាំងកំពុងត្រួតពិនិត្យនៅចំណុចខាងលើ ដោយធ្វើការត្រួតពិនិត្យប្រជាពលរដ្ឋ និងអ្នកដំណើរដែលឆ្លងកាត់ មិនគោរពច្បាប់ចរាចរណ៍ និងធ្វើការផាកពិន័យដូចសព្វដង ក្រោយមកស្រាប់តែ មានបុរសជានាយទាហានម្នាក់ បានជិះម៉ូតូមួយគ្រឿង ម៉ាក Zoomer X ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខភ្នំពេញ 1GR-6654 ដោយមានពាក់មួកសុវត្ថិភាព និងដាក់កញ្ចក់ត្រឹមត្រូវដែរ ចូលមកដល់ដោយមានលក្ខណៈស្រវឹងទ្រេតទ្រោត ហើយក៏ឃើញនៅលើម៉ូតូមានស្រាបៀរ ABC ៣កំប៉ុងច្រកថង់ នៅកន្លែងដាក់ជើង ទើបលោកហៅឲ្យឈប់អែបខាងសិន ដើម្បីត្រួតពិនិត្យ ហើយពេលនោះបុរសខាងលើនោះ មិនចង់ឈប់ទេ ចង់ជិះគេចពីសមត្ថកិច្ច តែគេចមិនរួច ទើបសមត្ថកិច្ចអោយជិះឡើងមកលើចិញ្ចើមផ្លូវ ។
លោកអធិការងបន្តថា ក្រោយពេលចុះពីលើម៉ូតូមក លោកក៏បានអប់រំណែនាំ សូមកុំបើកបរ ដោយពិសាគ្រឿងស្រវឹងបែបនេះទៀត តែនាយទាហានរូបនោះ បែរជាចុចទូរស័ព្ទទៅអ្នកដទៃអោយជួយអន្តរាគមន៍ហើយ ដោយមិនស្ដាប់ការអប់រំណែនាំរបស់លោកឡើយ រួចបែរជាហុចទូរស័ព្ទអោយលោកនិយាយជាមួយ អ្នកដែលចង់ជួយអន្តរាគមន៍ទៅវិញ តែលោកមិននិយាយទេ ទើបនាយទាហាននោះខឹងចិត្តពេក ក៏បានប្រើសម្ដីអសីលធម៌ដាក់លោកអធិការរងថា "ហ៊ែងនឹងស្អីហា អាប៉ូលិសថោក" ទើបលោកអធិការបញ្ជាឲ្យកម្លាំងនគរបាលអនុវត្តច្បាប់ នាំនាយទាហាននោះសុំធ្វើការត្រួតពិនិត្យជាតិអាកុលតែម្ដង ។
ជាក់ស្ដែងបើតាមការផ្លុំពិនិត្យនោះ រកឃើញថា មានកម្រិតជាតិអាល់កុល ១,០៣ មីលីក្រាម /ក្នុង១លីត្រខ្យល់ ទើបសមត្ថកិច្ចចេញលិខិតផាកពិន័យ យោងតាមច្បាប់ចរាចរណ៍ដែលបានចែងក្នុងមាត្រា៧៧ នៃច្បាប់ចរាចរណ៍ផ្លូវគោកថ្មី។
បន្ទាប់មកនគរបាលចរាចរណ៍ ក៏អនុញ្ញាតអោយត្រឡប់ទៅផ្ទះវិញ ក្រោយធ្វើការផាកពិន័យតាមច្បាប់រួច៕
សូមបញ្ជាក់ថា ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី មាត្រា៧៧ បានចែងដូចខាងក្រោម ៖ មាត្រា៧៧ ជនណាបើកបរយានយន្តនៅពេលដែលខ្លួនស្ថិតក្នុងភាពស្រវឹង ដោយមានជាតិអាល់កុលចាប់ពី 0,40 (សូន្យក្បៀសសែសិប) មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី 0,80 (សូន្យក្បៀសប៉ែតសិប) ក្រាមក្នុងមួយលីត្រឈាម ឡើងទៅ ត្រូវផ្ដន្ទាទោស ដាក់ពន្ធនាគារពី ១ខែ ទៅ ៦ខែ និងពិន័យជាប្រាក់ ៨០០,០០០ រៀល (ប្រាំបីសែនរៀល) ទៅ ៤០០០,០០០ រៀល (បួនលានរៀល)៕


















