header ads

Sponsor

បន្ទាប់ពីការរង់ចាំអស់រយៈពេលមួយសប្តាហ៍មក ក្រុមហ៊ុន vivo បានធ្វើការប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីចុងក្រោយបំផុតរបស់ខ្លួនគឺ vivo APEX 2019 ជាផ្លូវការហើយ។ ស្មាតហ្វូននេះ គឺមិនត្រឹមតែមានការរចនារូបរាងយ៉ាងពិសេសប្លែកពីគេនោះទេ ប៉ុន្តែលក្ខណៈសម្បត្តិរបស់វា គឺពិតជាខ្លាំងក្លាមែនទែននៅក្នុងចំណោមស្មាតហ្វូនជាច្រើននៅឆ្នាំ 2019 នេះ។

ការរចនារូបរាង 
ស្មាតហ្វូនស៊េរីថ្មី vivo APEX 2019 នេះ មានរូបរាងធ្វើពីកញ្ចក់យ៉ាងស្រស់ស្អាត គ្មានគែមដែលធ្វើពីលោហធាតុនោះទេ ដែលនេះគឺស្រដៀងគ្នាទៅនឹងម៉ូដែលស្មាតហ្វូន Mi MIX series របស់ក្រុមហ៊ុន Xiaomi អញ្ចឹងដែរគឺមានតួខ្លួនធ្វើពីសេរ៉ាមិច។ ក្រុមហ៊ុនvivo បានហៅការរចនានេះថា គឺជា Super Unibody។ ស្មាតហ្វូនដ៏ស្រស់ស្អាតនេះ គឺមិនមានប៊ូតុងសម្រាប់ចុចនោះទេ ប៉ុន្តែវាមានប៊ូតុងដែលជាប្រភេទ Touch ។  ស្មាតហ្វូនស៊េរីថ្មី APEX 2019 នេះ ក៏មានរន្ធ Speaker ដែរដោយសារតែវាប្រើប្រាស់នូវបច្ចេកវិទ្យាសំឡេងនៅលើអេក្រង់តែម្តង។ បច្ចេកវិទ្យានេះ គឺប្រើប្រាស់ដូចគ្នាផងដែរនៅលើផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះសម្រាប់ការចាក់សំឡេងលឺ Loudspeaker ។

អ្វីដែលកាន់តែអស្ចារ្យជាងនេះទៀតនោះ ស្មាតហ្វូនដ៏ស្រស់ស្អាតនេះ ប្រើប្រាស់នូវបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃក្រោមអេក្រង់ជំនាន់ចុងក្រោយបំផុតរបស់ vivo ដែលការស្កេនដោះសោរ គឺនៅកន្លែងណាក៏បានដែរនៅលើអេក្រង់នេះ។ មិនថាលោកអ្នកដាក់ម្រាមដៃនៅត្រង់កន្លែងណានៅលើអេក្រង់នេះទេ ស្មាតហ្វូននេះអាចដោះសោរបាន។ វាក៏ទ្រទ្រង់នូវការដោះសោរទូរស័ព្ទដោយប្រើប្រាស់ម្រាមដៃពីរផងដែរ។ ដោយសារតែស្មាតហ្វូននេះមិនមានភ្ជាប់ជាមួយនឹងរន្ធប្រហោងអ្វីនោះ អ្នកប្រហែលជាឆ្ងល់ថាតើស្មាតហ្វូននេះត្រូវបញ្ចូលថាមពលថ្មដោយរបៀបណាទៅ។ 

ក្រុមហ៊ុន vivo ត្រូវបានគេមើលឃើញថា គឺបានដើរផ្លូវថ្មីប្លែកពីស្មាតហ្វូន Meizu Zero ជាជាងការប្រើប្រាស់នូវបច្ចេកវិទ្យាបញ្ចូលថាមពលថ្មឥតខ្សែ wireless charging ដោយស្មាតហ្វូន APEX 2019 គឺបានប្រើប្រាស់នូវរន្ធដោតម៉ាញ៉េទិច magnetic charging connector pins ដែលស្រដៀងគ្នាទៅនឹងអ្វីដែលអ្នកធ្លាប់មើលឃើញនៅលើស្មាតវ៉ច។ សម្រាប់ Connector Pins នេះក៏ប្រើប្រាស់សម្រាប់ការបញ្ជូនទិន្នន័យផងដែរ។ ស្មាតហ្វូន vivo APEX 2019 នេះមាន 3 ពណ៌សម្រាប់ធ្វើការជ្រើសរើសគឺពណ៌ទឹកប្រាក់ ពណ៌ខ្មៅ និងពណ៌ស។

លក្ខណៈសម្បត្តិ
ស្មាតហ្វូននេះ មានអេក្រង់ទំហំ 6.39-inch AMOLED display ជាមួយនឹងកម្រិតភាពច្បាស់ 2340x1080pixel។  vivo APEX 2019 ប្រើប្រាស់នូវបន្ទះឈីប Snapdragon ជាមួយរ៉េមទំហំ 12GB និងម៉េមូរីទំហំ 512GB។ ស្មាតហ្វូននេះ ទ្រទ្រង់នូវបច្ចេកវិទ្យា 5G សម្រាប់ n41, n78 និង n79។ តាមការបញ្ជាក់របស់ក្រុមហ៊ុន vivo បានអោយដឹងថា ការប្រើប្រាស់នូវបច្ចេកវិទ្យា 5G នឹងធ្វើអោយស្មាតហ្វូនមានការកើនឡើងកំដៅ ដូចនេះ ស្មាតហ្វូននេះ ក៏ប្រើប្រាស់នូវស្រទាប់ក្រាហ្វិក ច្រើនជាន់ដើម្បីទប់កម្តៅ និងបច្ចេកវិទ្យាត្រជាក់  liquid-cooling technology ដើម្បីកាត់បន្ថយទៅលើកំដៅនៅលើស្មាតហ្វូននេះ។
ស្មាតហ្វូននេះ ប្រើប្រាស់កាមេរ៉ាភ្លោះខាងក្រោយទំហំ 12MP+13MP ប៉ុន្តែវាមិនទាន់មានការលើកឡើងអំពីកាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះនៅឡើយទេ។ យើងនៅមិនទាន់ដឹងអំពីព័ត៌មានលម្អិតនៃកាមេរ៉ាខាងមុខនេះទេ ប៉ុន្តែក្រុមហ៊ុន vivo ប្រហែលជាបំពាក់តែមួយគ្រាប់តែប៉ុណ្ណោះ។ សម្រាប់ទំហំថាមពលថ្ម និង OS Version ក៏មិនទាន់ដឹងដែរ។

តម្លៃ និងកាលបរិច្ឆេទនៃការដាក់លក់
ស្មាតហ្វូនស៊េរីថ្មី vivo APEX 2019 នៅមិនទាន់ដឹងថាដាក់លក់នៅពេលណានោះទេ ហើយនេះ គឺជាហេតុផលដែលក្រុមហ៊ុន vivo នៅមិនទាន់ទម្លាយនូវលក្ខណៈ សម្បត្តិទាំងស្រុងរបស់ស្មាតហ្វូននេះ។ ជាទូទៅក្រុមហ៊ុន vivo មិនដែលបង្ហាញនូវស្មាតហ្វូន APEX នោះទេ ហើយកាលពីពេលមុននេះ ក្រុមហ៊ុននេះ បញ្ចេញនូវស្មាតហ្វូនមួយឈ្មោះផ្សេងគឺ vivo NEX។

យើងជឿជាក់ថា រឿងនេះ នឹងកើតឡើងសារជាថ្មីម្តងទៀតនៅឆ្នាំនេះ។ នៅពេលនេះ លោកអ្នកប្រហែលជាមិនអាចរកទិញស្មាតហ្វូន vivo APEX 2019 បាននៅឡើយទេ ប៉ុន្តែអ្នកអាចរកទិញស្មាតហ្វូន NEX ស៊េរីថ្មីបាន។ សម្រាប់បច្ចេកវិទ្យាជាច្រើន ដែល vivo បង្ហាញនៅថ្ងៃនេះ គឺពិតជានឹងដំណើរការនៅលើស្មាតហ្វូនជាច្រើនម៉ូដែលទៀតរបស់ខ្លួននៅក្នុងឆ្នាំនេះជាក់ជាមិនខាន។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post