
ព្រះសីហនុៈ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តទំនើបពីរគ្រឿងបុកគ្នាពេញទំហឹង នៅផ្លូវជាតិលេខ៤ ក្នុងភូមិត្រពាំងមូល ឃុំជើងគោស្រុកព្រៃនប់ បណ្ដាលឲ្យរងរបួសធ្ងន់ស្រាល មនុស្សចំនួន៦នាក់។
លោកវរសេនីយ៍ទោ ហួ យ៉ៃ អធិការនគរបាលស្រុកព្រៃនប់ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅវេលាម៉ោង៤៖៤០នាទីជិតភ្លឺថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩នេះ បន្ទាប់កើតហេតុ សមត្ថកិច្ចបានជួយសង្គ្រោះជនរងគ្រោះ ដឹកយកមកព្យាបាលនៅគ្លីនិកឯកជន លិ គឹមឌី វាលរេញ។
លោកអធិការបន្តថា ជនរងគ្រោះទី១.ឈ្មោះ ស្រ៊ុន ឡុងហេង អ្នកបើកបររថយន្ត KING LONG មានទីលំនៅក្រុងព្រះសីហនុ រងរបួសធ្ងន់ ។ ២.ឈ្មោះ ទូ ហ៊ូទុង ភេទប្រុស អាយុ ៣៧ឆ្នាំ (ជនជាតិចិន) មានទីលំនៅ ក្រុងព្រះសីហនុ រងរបួសស្រាល។ ៣.ឈ្មោះ ហ៊ិន ស្រីពេជ្រ ភេទស្រី អាយុ២៩ឆ្នាំ មានទីលំនៅភូមិ៤ សង្គាត់៤ ក្រុងព្រះសីហនុ របួសស្រាល។ ៤.ឈ្មោះ ហង្ស ចាន់ចំរើន ភេទស្រី អាយុ២៥ឆ្នាំ មានទីភូមិចុងអូរ ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ៥ ឈ្មោះ សាំង សារឿន ភេទស្រី អាយុ២៩ឆ្នាំ មានទីភូមិចុងអូរ ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ៦.អ្នករួមដំណើរម្នាក់ទៀត មិនស្គាល់អត្តសញ្ញាណ រងរបួសធ្ងន់។
ក្រោយកើតហេតុរថយន្តទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់៕

