
ភ្នំពេញៈ ជនសង្ស័យម្នាក់ ជិះម៉ូតូមកធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់ មិនបានសម្រេច ហើយត្រូវបានប្រជាពលរដ្ឋដេញចាប់បានវាយទ្រោមខ្លួន កាលពីវេលាម៉ោង២៖៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ នៅចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ តាមបណ្តោយផ្លូវមុនីរ៉េត ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ព្រីង តួ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ មានស្រុកកំណើតនៅភូមិទេប ឃុំកោះខែ ស្រុកស្អាង ខេត្តកណ្តាល។
តាមសម្តីជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានចេញពីធ្វើការជិះម៉ូតូម៉ាកធូដេ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1FS 4845 ទៅផ្ទះនៅខាងក្រោយវត្តស្ទឹងមានជ័យ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យម្នាក់ ជិះម៉ូតូម៉ាកយ៉ាម៉ាហា អ៊ិចហ្សិចទ័រ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1HB-2656 ធ្វើដំណើរមកពីក្រោយ ហើយបានធ្វើសកម្មភាពឆក់កាបូប តែមិនបានសម្រេច ភ្លាមនោះជនសង្ស័យជិះហួសបន្តិច រួចក៏បកមកវិញធាក់ម៉ូតូគាត់ផ្តួលឆក់កាបូប ភ្លាមនោះក៏មានប្រជាពលរដ្ឋដែលនៅក្បែរឃើញទាន់ ក៏ដេញចាប់បានភ្លាមៗតែម្តង។
ក្រោយពេលកើតហេតុ ជនសង្ស័យត្រូវបានសមត្ថកិច្ចនាំយកទៅប៉ុស្តិ៍រដ្ឋបាលបឹងសាឡាង ដើម្បីធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការនីតិវិធីច្បាប់៕









