header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

សៀមរាបៈ រថយន្តដឹកដី បុកម៉ូតូ ហើយជ្រុលទៅបុករថយន្ត២គ្រឿងទៀត ដែលបើកបរបញ្ច្រាសទិសគ្នា បណ្តាលឱ្យអ្នកបើកម៉ូតូ និងអ្នករួមដំណើរស្លាប់ទាំង២នាក់ភ្លាមៗ និងរបួសធ្ងន់ស្រាលប្រុសស្រី៣នាក់ ហើយក្រឡាប់ផ្ញារជើង។

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៧៖៣០នាទីព្រឹកថ្ងៃអង្គារ ១០រោច ខែមិគសិរ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅលើដងផ្លូវជាតិលេខ៦ ក្នុងភូមិ អង្គ្រង ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

លោកវរសេនីយ៍ឯក មិន ចន្ថា អធិការនគរបាលស្រុកប្រាសាទបាគង បានប្រាប់ឲ្យដឹងថា  ករណីគ្រោះថ្នាក់ចរាចរណ៍នេះ រវាងរថយន្តដឹកដី ម៉ាកហ៊ីណូ ពណ៌ស ពាក់ស្លា​កលេខចង្កូតស្ដាំPP0272 បើកបរដោយឈ្មោះ ចក់ ជួប ភេទប្រុស អាយុ២៦ឆ្នាំ រស់​នៅភូមិត្រាង ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្ដសៀមរាប ទិសពី​កើតទៅលិច លុះមកដល់ចំណុចកើតហេតុ បាន​បុកជាមួយម៉ូតូមួយគ្រឿងបើកច្រាសទិសគ្នា ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1G 52 02 ពេញទំហឹង បើកបរដោឈ្មោះ តាន់ វីរៈ ភេទប្រុស អាយុ២៧ឆ្នាំ រស់​នៅភូមិចិន ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប (ស្លាប់) និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះឈួន ឆេន ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិជា១គ្នា(ស្លាប់)។

លោកអធិការ បន្តទៀតថា បន្ទាប់ពីបុកម៉ូតូហើយ រថយន្តបានជ្រុលទៅបុករថយន្ដដឹកដី ម៉ាកហ៊ីណូ ពណ៌ខៀវ ពាក់ស្លាក​លេខ ភ្នំពេញ 3A4963 បើកបរដោយឈ្មោះ ឌុល ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិស្វាយព្រៃ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្ដសៀមរាប(របួសធ្ងន់) ពេលនោះរថយន្ដដឹកដី នោះបានក្រឡាប់ ទៅប៉ះនិងរថយន្ដមួយគ្រឿងផ្សេងទៀត ម៉ាកកាមរី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2B 0455 បើកបរដោយឈ្មោះ មេន ម៉ន ភេទប្រុស អាយុ៥៦ឆ្នាំ រស់​នៅភូមិអញ្ជាញ សង្កាត់នគរធំ ក្រុង/ខេត្ដសៀមរាប(របួសស្រាល)និងប្រពន្ធឈ្មោះ ឈឹង រុន អាយុ៥៣ឆ្នាំ(របួសស្រាល)។ ក្រោយបង្កហេតុ អ្នកបើកបររថយន្ដបបង្ក បានចុះរត់គេចខ្លួនបាត់ ដោយ​បន្សល់ទុកនៅតែរថយន្តដឹកដីប៉ុណ្ណោះ។

ក្រោយកើតហេតុ​កម្លាំងជំនាញ បានអូសយករថយន្តទាំង៣គ្រឿង និងម៉ូតូ១គ្រឿងបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់។ ចំណែកសាកសពជនរងគ្រោះប្រុសទាំង២នាក់ បានធ្វើការប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីរួចរាល់អស់ហើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post