header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយម បានធ្វើការអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតព្យុះ ដោយសារកម្ពុជា នឹងទទួលរងឥទ្ធិពលខ្យល់ព្យុះប៉ាប៊ុក (PABUK) បង្កឲ្យមានធាតុអាកាសចុះត្រជាក់ និងមានភ្លៀងលាយឡំ ខ្យល់បោកបក់ខ្លាំងៗ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួង នៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា បន្ទាប់ពីបានតាមដានលើស្ថានភាពអាកាសធាតុរួចមក ឃើញថា ជ្រលងសម្ពាធខ្ពស់បានចាប់ផ្តើមចុះខ្សោយ។ ក្នុងសមុទ្រចិនខាងត្បូង មានកើតនូវព្យុះឈ្មោះ (ប៉ាប៊ុក) ដែលជាព្យុះទី១ ប្រចាំឆ្នាំ២០១៩។ ព្យុះនេះនឹងវិវត្តខ្លួនទៅជាព្យុះទីហ្វុង (TY PABUK) រួចបន្តដំណើរទៅកាន់ភាគខាងត្បូងប្រទេសថៃ។ លក្ខណៈបែបនេះនឹងធ្វើឲ្យអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី២-៣ ខែមករា ត្រជាក់បន្តកើតមាននៅតែបណ្តាខេត្តជាប់ជួរភ្នំក្រវាញ ខេត្តភាគឦសាន និងខេត្តប៉ៃលិនប៉ុណ្ណោះ (ត្រជាក់តែពេលយប់ និងពេលព្រឹកព្រលឹម)។

លិខិតបន្តថា ចាប់ពីថ្ងៃទី៣-៤ ខែមករា ផ្នែកខ្លះនៃសសរាជធានី និងខេត្តប៉ែកខាងក្រោមរួមនឹងខេត្តកែប កំពត និងព្រះសីហនុ អាចមានភ្លៀងធ្លាក់ពីតិចទៅមធ្យម។

ប្រភពពីក្រសួងបញ្ជាក់ថា “សូមបងប្អូនប្រជានេសាទ អ្នកដំណើរតាមសមុទ្រ ជាពិសេស វីរកងទ័ពដែលឈរជើងនៅតាមបណ្តាកោះនានា សូមបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតព្យុះ ដែលអាចនឹងបង្កឲ្យកើតមានភ្លៀងលាយឡំជាមួយខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ ចាប់ពីថ្ងៃទី៣-៤ មករា”៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post