header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ទំនងប្រចណ្ឌ​ពេលភ្ញៀវមើ​លមុខប្អូនស្រី​ម្ចាស់ហាងញឹកពេក ក្រុមចុងភៅ និងសន្តិសុ​ខ​ហាងលក់សាច់អាំងមួយកន្លែង នាំគ្នាទាញសោច្រវ៉ាក់ វាយទៅលើ​បុរសដែលជាភ្ញៀវម្នាក់ បែកក្បាលជាច្រើ​នកន្លែង ហូរឈាមជោកខ្លួន ហើយមានអ្ន​កចូលទៅជួយឃាត់ ក៏​ត្រូវក្រុមចុងភៅ និងសន្តិសុខ កាន់ច្រវ៉ាក់ និងទាញកែវគប់ បណ្ដាលឲ្យរបួសបែកក្បាលម្នាក់​ និងរបួសស្រាល២នាក់ទៀត ភ្លាមៗនោះក្រុមចុងភៅ និងសន្តិសុខ ដែលបង្កបាននាំគ្នារត់ចូលទៅក្នុងហាង​ ទើ​បអ្នកគ្រប់គ្រងហាងប្រាប់អោយបុគ្គលិកទាញទ្វារបិទ រួចចាក់សោជាប់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅអន្តរាគមន៍ទាំងយប់។

ហេតុការណ៍វាយគ្នាបង្កការភ្ញាក់ផ្អើ​លយ៉ាងខ្លាំងនេះ បានកើតឡើងនៅវេលាម៉ោង១៖២០នាទីរំលងអធ្រាត្រ​ឈានចូលថ្ងៃទី១១ ខែមករា​ ឆ្នាំ​២០១៨ នៅចំណុចហាងសាច់អាំងមួយកន្លែង យីហោ​ "ភ្នំពេញសាច់អាំង BBQ & Streamboat" ស្ថិតនៅតាមបណ្តោយផ្លូវ១៣៦ ក្នុងសង្កាត់ផ្សារកណ្ដាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ​​។

បើ​តាមសម្ដី​បុរសរងគ្រោះបានរៀបរាប់ប្រាប់ភ្នាក់ងារ “ខេមប៉ុស្តិ៍​” ឲ្យដឹង​ថា រូបគាត់និងមិត្តភក្តិបួនប្រាំនាក់ទៀត សុទ្ធតែធ្លាប់ចូលមកផឹកស៊ី​ក្នុងហាងនេះជាច្រើនសារមក​ហើយ ព្រោះមិត្តភក្តិរបស់ខ្លួនម្នាក់ ក៏ជាសន្តិសុខយាមម៉ូតូក្នុង​ហាងនោះដែរ ហើយរាល់លើ​កពួកគាត់មិនធ្លាប់មានបញ្ហាជាមួយអ្នកណានោះទេ លុះមកដល់ពេលកើតហេតុ​ រូបគេនឹងមិត្តភក្តិមានគ្នា៤-៥នាក់ បានចូលមក​ហូបសាច់អាំង និងផឹកស៊ីជួបជុំគ្នាក្នុងហាងខាងលើ បានសើចសប្បាយក្អាកក្អាយជាមួយគ្នា រហូតផឹកស៊ី​ចប់ ពួកគាត់បានឲ្យបុគ្គលិកមកគិតលុយដូចរាល់ដង ​ព្រោះចង់ទៅបន្តមួយកន្លែងទៀត។

ជនរងគ្រោះ បន្តថា ពេលគិតលុយរួច ពួកគាត់បាននាំគ្នាដើរចេញទៅក្រៅ តែគ្រាន់តែដើរដល់ខាងមុខហាង ស្រាប់តែក្រុមបុគ្គលិកមានទាំងចុងភៅ​ និងសន្តិសុខនៅក្នុងហាង បាននាំគ្នាចេញមកព្រួតវាយគាត់ មានទាំងសោច្រវ៉ាក់ និងកែវស្រា បណ្ដាលឲ្យរងរបួសបែកក្បាលជាច្រើ​នកន្លែង ហូរឈាមជោកខ្លួន ទើបមិត្តភក្តិរបស់គាត់ ក្នុងនោះមានម្នាក់ ក៏ជាសន្តិសុខហាងនោះ​ដែរ បានស្ទុះចូលមកជួយឃាត់ តែបែរជាទាស់ពាក្យសម្ដីគ្នា​ទៀត ធ្វើ​ឲ្យផ្ទុះហិង្សាទៅវិញទៅមក ដោយក្រុមចុងភៅ និងសន្តិសុខហាង​នោះ បានវាយទាំងមិត្តភក្តិគាត់ បណ្ដាលអោយរងរបួសធ្ងន់ស្រាល៤នាក់។

បើ​តាមសម្ដី​អ្នកគ្រប់គ្រង​ហាងរូបស្រស់ បានបញ្ជាក់ប្រាប់ “ខេមប៉ុស្តិ៍” ដែរថា ក្រុមបុគ្គលិកក្នុងហាងរបស់គាត់ ក៏រងរបួសដែរ​ បន្ទាប់ពីវាយគ្នាទៅវិញទៅមក ដោយមិនទាន់ដឹងមូលហេតុនោះ បន្ទាប់មកពួកគេបាននាំគ្នារត់ចូលក្នុងហាង​វិញ ទើ​បគាត់ប្រាប់ឲ្យបុគ្គលិកបិទទ្វារចាក់សោសិន​ ព្រោះខ្លាចមានការវាយគ្នាម្ដងទៀត កុំឲ្យខូចខាតសម្ភារៈក្នុងហាង ពេលនោះទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅអន្តរាគមន៍ទាំងយប់។

ស្ត្រីរូបស្រស់សម្ដីស្រទន់​បន្តថា ទោះបីជាយ៉ាងណា​ក៏ដោយ ក្នុងនាមគាត់ជាអ្នកគ្រប់គ្រងហាង  គាត់នៅតែទទួលខុសត្រូវ តាមរូបភាពជាក់ស្ដែង​ តាមដែលអាចធ្វើ​ទៅបាន ព្រោះជនរងគ្រោះជាភ្ញៀវ ពួកគាត់បានចូលមកហូបចុក​លក្ខណៈធម្មតាប៉ុណ្ណោះ​ និងមិនមែនមកអុកឡុក​ហាង​អ្វីឡើ​យ​ ហើ​យពេលចប់ពួកគាត់បានមកគិតលុយ​គ្រប់ចំនួនផងដែរ​ ដូច្នេះ​គាត់សុំជួយដោះស្រាយសិន​។

បើតាមជនរងគ្រោះម្នាក់ទៀត ដែលជាសន្តិសុខហាងនោះដែរ បានប្រាប់ “ខេមប៉ុស្តិ៍” ថា រឿងនេះ គឺកើតឡើ​ងដោយសារប្រចណ្ឌ ព្រោះគ្រាន់តែមិត្តភក្តិ​របស់គាត់ ដែលរបួសក្បាលបែកនោះ ក្រឡេកមើលមុខប្អូនស្រីម្ចាស់ហាងញឹកញាប់​ពេក ទើបធ្វើឲ្យបុគ្គលិកហាងនោះប្រចណ្ឌ ទើបបង្កជា​ហិង្សាមកលើពួកគាត់ បណ្ដាលឲ្យរងរបួសបែបនេះ។

បន្ទាប់មក ស្ត្រីរូបស្រស់ម្នាក់​ជាអ្នកគ្រប់គ្រងហាង បានចូលមកសម្របសម្រួលជាមួយអ្នករងរបួសធ្ងន់ស្រាលទាំង៤នាក់នោះ ដោយភាគីខាងជនរងគ្រោះ​ សុំទាមទារជំងឺ​ចិត្ត និងថ្លៃព្យាបាលរបួស​ ព្រោះមិនចង់ទៅប៉ុស្តិ៍ដាក់ពាក្យបណ្ដឹងនាំវែងឆ្ងាយទេ ទើ​បស្ត្រីរូបស្រស់ជាអ្នកគ្រប់គ្រងហាង សុំសម្រួលនិងព្រមចេញថ្លៃព្យាបាលរបួស ចំនួន៧០០$ ដោយក្នុងនោះសងជំងឺចិត្តទៅកាន់អ្នករបួសក្បាលធ្ងន់២នាក់ ៥០០$ (ក្នុ​ងម្នាក់២៥០$) និងនៅសល់២០០$​ សម្រាប់ថ្លៃព្យាបាលរបួសស្រាល។

ជាមួយគ្នានេះដែរ​ បុរសដែលជាសន្តិសុខរងគ្រោះ​ ក៏សុំឈប់ធ្វើការផងដែរ​ ចំណែកអ្នកគ្រប់គ្រងហាងរូបស្រស់​សម្ដីស្រទន់រូបនោះ​ ក៏មិនបានបង្ខិតបង្ខំ ឬដាក់​លក្ខខណ្ឌ​អ្វី អោយបុរសសន្តិសុខនោះទេ គឺគាត់សុំ​ឈប់ពីការងារ​ដោយខ្លួនឯងប៉ុណ្ណោះ។

ក្រោយកើ​តហេតុ​ ភាគីទាំងសងខាង​ បានយល់ព្រមសម្របសម្រួលគ្នា នៅចំពោះមុខក្រុមអ្នកសារព័ត៌មាន រួមទាំង​សមត្ថកិច្ចប៉ុស្តិ៍ផ្សារកណ្ដាលទី២ ដោយអ្នកគ្រប់គ្រងហាង សងជំងឺ​ចិត្តនិងថ្លៃព្យាបាលរបួសចំនួន៧០០$ ទៅអោយភាគីជនរងគ្រោះទាំង៤នាក់នោះ​ ដើ​ម្បីបញ្ចប់រឿង​ ដោយមិនមានការប្ដឹងផ្ដល់អ្វីនោះទេ គ្រាន់តែធ្វើ​កិច្ចសន្យាជាមួយគ្នាប៉ុណ្ណោះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post