Monday, January 7, 2019

ជនសង្ស័យ៣នាក់ ត្រូវបានកម្លាំង អាវុធហត្ថ ឃាត់ខ្លួន ពាក់ព័ន្ធ ករណីឆបោកប្រាក់

បន្ទាយមានជ័យៈ ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៩ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បានសហការបង្រ្កាបករណី ឆបោក ប្រព្រឹត្តកាលពីថ្ងៃទី៧ ខែវិចិ្ឆកា ឆ្នាំ២០១៨ និងឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ នៅលើទីតាំងបីកន្លែង ដោយឡែកពីគ្នា ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌ បានឲ្យដឹងថា ៖ យោងតាមពាក្យបណ្តឹងរបស់ឈ្មោះ ទឹម សាវួន ភេទ ស្រី អាយុ ៤៦ឆ្នាំ រស់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

ក្រោយពីទទួលបានពាក្យបណ្តឹង លោកបានដឹកនាំកម្លាំងជំនាញប្រឆាំងបទល្មើសព្រហ្មទណ្ឌចុះធ្វើការស្រាវជ្រាវ រហូតកំណត់បានមុខសញ្ញាជនសង្ស័យ កំពុងស្នាក់នៅរាជធានីភ្នំពេញ និងបានស្នើសុំគោលការណ៍ពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវធហត្ថខេត្ត ដើម្បីចុះសហការ ដោយអនុវត្តន៍ទៅតាមចំណារលើសំណើសុំកិច្ចសហការពន្លាតដែនដីរបស់លោក តេង សាម៉ៃ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត និងដោយបានសហការជាមួយកម្លាំងជំនាញប្រឆាំងបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកបានចាត់តាំងលោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌ ចុះទៅដល់ទីតាំងស្នាក់នៅរបស់ជនសង្ស័យ រហូតឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ឈ្មោះ ឌី ហួរ ភេទ ប្រុស អាយុ ៥៤ឆ្នាំ នៅចំណុចផ្ទះសំណាក់កៀនឃ្លាំង ស្ថិតក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅវេលាម៉ោង ១១ និង ០០នាទី ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩ ។

តាមការបំភ្លឺរបស់ជនរងគ្រោះ បានបញ្ជាក់ថា ៖ នៅអំឡុងដើមខែវិចិ្ឆកា ឆ្នាំ២០១៨ ជនសង្ស័យខាងលើ បានជិះរថយន្តម៉ាក HONDA CRV មកហូបបង្អែមនៅតូបរបស់ខ្លួន ដោយធ្លាប់ស្គាល់គ្នាពីមុន ជនសង្ស័យក៏បានបបួលខ្លួនទៅហូបអាហារនៅតាមហាងផ្សេងៗ ដោយតម្រូវទៅតាមចិត្តរបស់ខ្លួនចង់ទៅហាងមួយណាក៏បាន ក្រោយពេលត្រូវគ្នា និងពេលកំពុងហូបអាហារ ជនសង្ស័យខាងលើ បានហៅទូរស័ព្ទទៅអ្នកផ្សេងទៀត(មិនស្គាល់ឈ្មោះ) ហើយនិយាយពីរឿងទិញលក់វត្ថុបុរាណក្នុងតម្លៃ ២៦.០០០ដុល្លារ ក្រោយពីជន ០២នាក់ទៀត បានមកដល់ និងពិនិត្យលើទំនិញរួចមក ជនសង្ស័យក៏បានដកប្រាក់ដុល្លារ ចំនួន ០៣ដុំ(មិនដឹងចំនួន) ទៅឲ្យជន ០២នាក់ដែលជាអ្នកលក់ ហើយនិយាយថា ប្រាក់ដែលខ្វះប៉ុន្មានចាំលក់ទំនិញដាច់ចាំគិតគូរគ្នាទៀត ពេលនោះអ្នកលក់ទាំង ០២នាក់ បានតបថា មិនអាចខ្វះបានទេ បើប្រាក់មិនគ្រប់ គេមិនទាន់ឲ្យទំនិញទេ ពេលនោះជនសង្ស័យបានសួរមកខ្លួនថា តើមានប្រាក់មួយចំនួនទេ ជួយចេញបង្រ្គប់មក ហើយទំនិញនេះឲ្យខ្លួនជាអ្នកទុក ហើយជនសង្ស័យបានបន្ថែមថា ៖ ពេលលក់បានប្រាក់ គេនឹងសងប្រាក់ដែលខ្ចីនោះវិញ បន្ទាប់មកជនសង្ស័យក៏ចេញទៅបាត់ដំណឹងតែម្តង ដោយទុកទំនិញឲ្យជនរងគ្រោះជាអ្នករក្សាទុក ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានបន្ថែមទៀតថា ៖ ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានសារភាព ខ្លួនពិតជាបានឆបោកជនរងគ្រោះជាច្រើននាក់មកហើយ នៅទូទាំង ២៥រាជធានី-ខេត្ត រួមជាមួយបក្សពួក ០២នាក់ផ្សេងទៀត ដោយខ្លួនដើរតួជាអ្នកទិញ-លក់វត្ថុបុរាណ ហើយទាក់ទងមិត្តភ័ក្តដែលធ្លាប់ស្គាល់គ្នា និងមានទ្រព្យសម្បត្តិច្រើនសមល្មមដែលខ្លួនអាចបោកប្រាស់បាន នាំទៅជាមួយពេលដែលទៅទិញសម្ភារៈពីបក្សពួកខ្លួន ពេលកំពុងទិញ-លក់ ខ្លួនធ្វើជាខ្វះលុយកាក់ប្រហែលពាក់កណ្តាលនៃតម្លៃសរុប ហើយសុំខ្ចីបន្ថែមពីមិត្តភ័ក្តដែលត្រូវនាំទៅឆបោក រួចនិយាយលួងលោមមិត្តភ័ក្តឲ្យជួយចេញថ្លៃពាក់កណ្តាល ដោយឲ្យរបស់ដែលទិញទៅមិត្តភ័ក្តជាអ្នកទុកដាក់ និងសន្យាសងប្រាក់ដែលខ្ចីនោះមកវិញ ហើយខ្លួនធ្វើជាចេញទៅរកឈ្មួញទិញ-លក់បន្ត ។

ក្រោយពីទទួលបានតម្រុយមុខសញ្ញាបន្ថែម លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានចាត់តាំងលោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរង ឲ្យចុះស្រាវជ្រាវឃាត់ខ្លួនមុខសញ្ញាបន្ត រហូតឃាត់ខ្លួនជនសង្ស័យ(ជាអ្នកលក់ទំនិញ) បានចំនួន ០២នាក់បន្ថែមទៀត ១-ឈ្មោះ មួន ង៉ូវ ហៅ ម៉ៅ ភេទ ប្រុស អាយុ ៥៦ឆ្នាំ បច្ចុប្បន្នរស់នៅភូមិរំដួល ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ (ឃាត់ខ្លួននៅចំណុចស្ពានក្រឡ ស្ថិតនៅភូមិគោកទន្លាប់ ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ) នៅវេលាម៉ោង ១៤ និង ២០នាទី ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨ ២-ឈ្មោះ ខុន វុទី្ធ ហៅ យិន ភេទ ប្រុស អាយុ ៥៤ឆ្នាំ បច្ចុប្បន្នរស់នៅភូមិវត្ត ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប (ឃាត់ខ្លួននៅចំណុចភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ) នៅវេលាម៉ោង ១០ និង ៣០នាទី ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨ និងរឹបអូសវត្ថុតាងរួមមាន ៖ -រថយន្តម៉ាក HONDA CRV ០១គ្រឿង -រថយន្តម៉ាក CAMRY ស៊េរីឆ្នាំ១៩៩៨ ០១គ្រឿង -ម៉ូតូម៉ាក HONDA DREAM ស៊េរីឆ្នាំ ២០១៣ ០១គ្រឿង -រូបសំណាកធ្វើអំពីស្ពាន់ ចំនួន ០២អង្គ (មួយអង្គប្រវែង ២៨ស.ម) -ខ្សែកច្រវ៉ាក់ឆាប លោហធាតុពណ៌លឿង (កាឡៃ) ០២ខ្សែ(១- ប្រវែង ៧៦ស.ម ២-ប្រវែង ៧២ស.ម) -ខ្សែកម៉ូតព្រលិតកាច់ លោហធាតុពណ៌លឿង (កាឡៃ) ប្រវែង ៧២ស.ម ០១ខ្សែ ប្រវែង ៧២ស.ម -ប្រាក់ដុល្លារក្លែងក្លាយ(ប្រាក់ដុល្លារសែន) ចំនួន ០៣ដុំ ចំនួន ២.៩០០ដុល្លារ ។

បច្ចុប្បន្នកម្លាំងជំនាញបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី ៕

Feature Ads