header ads

Sponsor

ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ បានស្នើគ្រប់មន្ទីរព័ត៌មានរាជធានី/ខេត្ត ទាំងអស់ តាមដានរាល់ព័ត៌មានក្លែងក្លាយ ដើម្បីទុកជាឯកសារ ក្នុងការវាយបកវិញ។

ថ្លែងក្នុងពិធីប្រកាចូលកាន់តំណែង អគ្គនាយិកានៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា គឺលោកស្រី ឈឹម ពៅសុកាន់ឌី ជំនួសលោក ទន់ សារ៉ាត ដែលត្រូវចូលនិវត្តន៍ ហើយត្រូវបានឡើងតួ​នាទីជារដ្ឋលេខាធិការក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី៣០ មករា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង លោករដ្ឋមន្ត្រី​ ខៀវ កាញារីទ្ធ បានស្នើដល់ប្រធានមន្ទីទាំងអស់ ត្រូវធ្វើការផ្សព្វផ្សាយដំណឹងឲ្យ ច្បាស់លាស់ ដោយកុំផ្សាយព័ត៌មានបន្តមិនច្បាស់ ឬស្មានៗឲ្យសោះ។ ព្រោះថា ចាប់ពីពេលនេះរហូតដល់ឆ្នាំ២០២៣ មានការ​តឹងតែង ប៉ុន្តែប្រសិនបើមន្ត្រីទាំងអស់យកចិត្តទុកដាក់ចំ ពោះដំណឹង ដែលកើតនៅមូលដ្ឋានខ្លួនភ្លាម ត្រូវធ្វើការផ្សាយភ្លាមៗ ដើម្បីជៀសវាងដំណឹង ក្លែងក្លាយវាយប្រហារ។ លើសពីនេះត្រូវស្កីនស៊ត(Screen shots ) ទុកធ្វើជាភស្តុតាង។

លោកបន្តថា ដំណឹងត្រូវធ្វើឲ្យអ្នកមើលទុកចិត្ត និងលឿន ដូច្នេះត្រូវរក្សាភស្តុតាងតបតជាមួយព័ត៌មានក្លែងក្លាយ។ លោករដ្ឋមន្ត្រី ក៏ស្នើឲ្យប្រធានមន្ទីរព័ត៌មានទាំងអស់ធ្វើការរក្សាទុកព័ត៌មាន​ក្លែងក្លាយរបស់គេទំព័រ ឬអាខោនណា ដែលវាយប្រហារ ដើម្បីកំណត់ថា ព័ត៌មាន នឹងមកពីក្រុមណាច្បាស់លាស់។

លោករដ្ឋមន្ត្រី ក៏បានលើកឡើងថា បច្ចុប្បន្ននេះ អ្នកខ្លះប្រើអាខោនហ្វេសប៊ុកមានរហូតដល់៥០អាខោនក៏មាន។ លោកថា ក្រុមប្រឆាំងដែលតែងតែធ្វើការវាយប្រហាររាជរដ្ឋាភិបាលតែងតែប្រើប្រាស់អាខោនច្រើន គឺចាប់២០អាខោនឡើងទៅ។

ចំពោះមុខប្រធានមន្ទីរព័ត៌មានគ្រប់រាជធានី/ខេត្ត លោករដ្ឋមន្ត្រីក៏បានលើកឡើងថា ក្រុមប្រឆាំងដែលនិមយលេងហ្វេសប៊ុក ដើម្បីវាយប្រហារដល់រាជរដ្ឋាភិបាលនោះ ក៏មានការឆ្លងកាត់ការបណ្តុះបណ្តាលពីអ្នកនៅពីក្រោយខ្នងផងដែរ។ ជាងនេះករណីបដិវត្តន៍ពណ៌ ក៏គេបង្រៀនផងដែរ ក្នុងនោះក៏មានបង្រៀនពីការប្រើប្រាស់អាខោនហ្វេសប៊ុកសម្រាប់វាយប្រហារផងដែរ។

លោកថា «គេបង្រៀនពីរបៀបធ្វើបដិវត្តន៍ពណ៌តាមរយៈបង្កើតអាខោនវាយប្រហារ ដែលគេ ហៅថាបេសកម្មតាមអីធើណេត។ បានន័យថា បើអ្នកណាគាំទ្ររដ្ឋាភិបាល គេចុចទៅ មានជាង៥០០នាក់ជេរតបវិញតែម្តង។ អីញ្ចឹងអ្នកល្មមៗស្លុតតែម្តង តែគេធ្វើតែមនុស្សពីរ ឬបីនាក់ប៉ុណ្ណោះ»

ជាមួយគ្នានោះដែរ លោករដ្ឋមន្ត្រី ក៏បានស្នើដល់ប្រធានមន្ទីរ ក៏ដូចជាមន្ត្រីទាំងអស់ត្រូវយល់ដឹងពីព័ត៌មានប្រឆាំង ឬក្លែងក្លាយ ហើយត្រូវធ្វើការរហ័សក្នុងការឆ្លើយតបវិញ ចំពោះព័ត៌មានក្លែងក្លាយនោះវិញ។

លោកបន្តថា ព័ត៌មានក្លែងក្ហាយនេះ ត្រូវបានគេធ្វើពីក្រៅប្រទេស និងក្នុងប្រទេស ហើយមានយុវជនមួយចំនួន ដែលពុលនឹងបច្ចេកវិទ្យា ហើយស្របនឹងការផ្តល់ថវិកាមួយចំនួនផងនោះក៏បានធ្វើការទាំងមិនដឹងខ្លួន ដើម្បីវាយប្រហារមកលើករាជរដ្ឋាភិបាល ។ ដូច្នេះអ្វីដែលសំខាន់នោះ មន្ត្រីព័ត៌មានទាំងអស់ត្រូវធ្វើការបណ្តាក់គ្នា មានន័យថា ដំណឹងណាល្អ ត្រូវជួយផ្សា យគ្នា ហើយដំណឹងថា ដឹងច្បាស់ថា អាក្រក់នោះត្រូវផ្សាយឲ្យច្រើនលើកច្រើនសារ។

លោកបញ្ជាក់ថា «ចាប់ពីឆ្នាំ២០១៩នេះដល់ឆ្នាំ២០២៣ ត្រូវធ្វើការនេះឲ្យស្មើដៃគ្នា អីញ្ចឹងមន្ទីរនីមួយៗ អគ្គនាយករដ្ឋាននីមួយៗ ត្រូវមានក្រុមការងារធ្វើការងារនេះ ដើម្បីតាមដានការងារនេះ ហើយត្រូវ Screen Sots អាខោនណាដែលជេរយើង។ ការដេរយើងទាំងអស់ គឺមិនត្រូវលុបចោលទេ គឺទុកសម្រាប់ជាន់ថែមវិញ»

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post