header ads

Sponsor

ភ្នំពេញៈ ក្រុមប្រឹក្សាជំនុំជម្រុះសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩នេះ បានលើកយកសំណុំរឿងឃាតកម្មលើស្ត្រីម៉ាម៉ាយជាមន្ត្រីរដ្ឋសភា មកបើកសវនាការ នៅចំពោះមុខជនជាប់ចោទ ដែលជាអតីតអភិបាលខេត្តតាកែវ និងបងប្រុស ជាអតីតស្នងការរងនគរបាលខេត្តតាកែវ។ អង្គសវនាការនេះ ដឹកនាំដោយលោកចៅក្រម ហម ម៉េងសែ ជាប្រធានក្រុមប្រឹក្សា និងលោក ប្លង់ សុផល ជាតំណាងអយ្យការអមតុលាការ។

ក្នុងសវនាការ តុលាការបានផ្ដើមចោទប្រកាន់ឈ្មោះ ឡាយ វណ្ណៈ អតីតអភិបាលខែត្តតាកែវ និងបងប្រុសរបស់លោក ឈ្មោះ ឡាយ ណារិទ្ធ អតីតស្នងការរងនគរបាល ខេត្តតាកែវពីបទឃាតកម្មតាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ។

ហើយមនុស្សពីរនាក់ទៀត ពីបទលាក់បាំងតម្រុយតាម មាត្រា៥៣២ នៃក្រមព្រហ្មទណ្ឌ គឺឈ្មោះ ម៉េន សាម៉ៃ ជាអ្នកបើកបរឲ្យលោក ឡាយ វណ្ណៈ និងឈ្មោះ ជឹម វុធ ជាអ្នកបម្រើក្នុងផ្ទះរបស់អ្នកស្រី ចែវ សុវឌ្ឍនា។

សវនាការនាថ្ងៃដំបូងនេះ តុលាការបានសាកសួរទៅលើលោក ឡាយ វណ្ណៈ តែម្នាក់ប៉ុណ្ណោះជុំវិញការស្លាប់របស់ជនរងគ្រោះ។

ជនជាប់ចោទ ឡាយ វណ្ណៈ បានសារភាពថា លោកបានស្គាល់ ចេវ សុវឌ្ឍនា នាអំឡុងឆ្នាំ២០១៦តាមរយៈមេគយខេត្តតាកែវ ដែលជាប្រធានក្រុមការងារយុវជនក្រៅប្រទេស។ ក្នុងរយៈពេលនៃការស្រលាញ់គ្នាលួចលាក់នេះ លោកជាមួយនិងវឌ្ឍនា មានការរកាំរកូសគ្នាជាញឹកញាប់ដោយសារតែវឌ្ឍនា មានចិត្តប្រច័ណ្ឌហួងហែងច្រើន រហូតមានពេលខ្លះគាត់បានលេបថ្នាំប៉ុនប៉ងសម្លាប់ខ្លួន គំរាមលោកមិនឲ្យទៅប្រទេសម៉ារ៉ុក ជាមួយនិងភរិយា។

ការប្រច័ណ្ឌនោះ មានថ្ងៃមួយលោកបានជ្រុលដៃទះកំភ្លៀងវឌ្ឍនា២ដៃ ដោយសារតែលោកខឹងវឌ្ឍនា ទៅតាមរករឿងលោកដល់ផ្ទះឪពុកក្មេកលោក ដោយចោទថា លោកមានស្រីលាក់នៅក្នុងផ្ទះ។

ជនជាប់ចោទ បាននិយាយទៀតថា រហូតដល់ថ្ងៃទី២៥-២៦ ខែមីនា ឆ្នាំ២០១៨ លោកមានទំនាស់ជាពាក្យសម្ដីតិចតួចជាមួយវឌ្ឍនា ដោយសារតែនាងបានបង្ខំឲ្យលោកមករស់នៅក្នុងផ្ទះជាមួយរូបនាងតែម្ដង ក្នុងនោះវឌ្ឍនា បានស្នើឲ្យរូបលោកស្រលាញ់នាងដូចដើម ហើយទី២យកនាងជាប្រពន្ធទី២ ប៉ុន្តែនិយាយគ្នាមិនត្រូវលោកក៏ត្រឡប់ទៅផ្ទះវិញ។

លុះដល់ថ្ងៃទី២៦ ខែមីនា ពេលចេញពីប្រជុំលោកក៏បានឲ្យអ្នកបើកបរជូនលោកមកផ្ទះវឌ្ឍនាម្ដងទៀត ដើម្បីហូបបាយជុំគ្នា ប៉ុន្តែពេលទូរស័ព្ទទៅស្រាប់តែវឌ្ឍនាបានមកដល់ភ្នំពេញទៅហើយ ដោយសារនាងយល់ច្រឡំថា មកហូបបាយនៅផ្ទះនាងបឹងស្នោ។ ពេលនោះនាងក៏បានមកវិញជាមួយ ចាន់ រី និងប្ដី។

ពេលមកដល់ជួបគ្នានៅព្រលប់នោះ ពួកលោកបាននិយាយគ្នាម្ដងទៀត ប៉ុន្តែនិយាយគ្នាមិនត្រូវសោះ លោកក៏ត្រឡប់ទៅវិញ ពេលនោះវឌ្ឍនា បានិយាយពីលើជណ្ដើរមកថា បើថ្ងៃនេះបងចេញផុតពីមាត់ទ្វារផ្ទះ បងនឹងលែងបានជួបមុខអូនរហូតហើយ ពេលនោះលោកនៅតែដើរចេញទៅឡើងឡានមកផ្ទះវិញ។ លុះពេលមកដល់ផ្ទះស្រាប់តែ ចាន់ រី ទូរស័ព្ទមកប្រាប់ថា វឌ្ឍនា យកកាំបិតអាដៃប៉ុន្តែនាង និងប្ដី បានដណ្ដើមយកកាំបិទហើយ។ មួយសន្ទះក្រោយមកស្រាប់តែ ចាន់ រី ទូរស័ព្ទមកម្ដងទៀតថា វឌ្ឍនាចងកសម្លាប់ខ្លួនហើយ ពេលនោះលោកមិនជឿទេ ប៉ុន្តែបានឲ្យសាម៉ៃទៅមើល ពេលទៅដល់សាម៉ៃប្រាប់តាមទូរស័ព្ទថា បងស្រីចងកសម្លាប់ខ្លួនមែន។ ពេលនោះលោកតក់ស្លុតណាស់ ក៏បានប្រាប់ឲ្យសាម៉ៃយកទូរស័ព្ទរបស់វឌ្ឍនាមកទុកដោយសារក្នុងទូរស័ព្ទមានថតរូបលោកជាមួយវឌ្ឍនាយ៉ាងច្រើនខ្លាចធ្លាក់ដល់ដៃអ្នកកាសែត។ បន្ទាប់មកលោកក៏បានឲ្យអ្នកបើកបរម្នាក់ទៀត ជូនលោកមកភ្នំពេញមើលកូនឈឺ និងប្រាប់រឿងវឌ្ឍានាចងកសម្លាប់ខ្លួនឲ្យប្រពន្ធដឹង។ ក្នុងពេលនោះដែរ ស្រាប់តែម្ដាយវឌ្ឍនា និងកូនទី២បានទូរស័ព្ទមកលោកប្រាប់ពីរឿងវឌ្ឍនាចងក ពេលនោះលោកក៏សុំប្រពន្ធមកតាកែវវិញ ដើម្បីចាត់ចែងសុំយកសាកសពមកធ្វើបុណ្យនៅភ្នំពេញ។

សវនាការនេះ បានសាកសួរលោក ឡាយ វណ្ណៈ បានត្រឹមប៉ុណ្ណឹង ប្រធានក្រុមប្រឹក្សាជំនុំជម្រុះ ក៏បានសម្រេចផ្អាកសវនាការដោយសារដល់ម៉ោងបញ្ចប់ទៅហើយ ដោយសវនាការបន្ទាប់តុលាការនឹងជូនដំណឹងពេលក្រោយ។

សូមរំលឹកថា កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ អតីតអភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ នៅមុនពេលតុលាការចាប់ខ្លួន លោកបានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក Facebook របស់លោកថា លោកមានទំនាក់ទំនងស្នេហាជាមួយស្ត្រីរងគ្រោះឈ្មោះ ចេវ សុវឌ្ឍនា ប៉ុន្តែបានបដិសេធថា លោកមិនមែនបានសម្លាប់វឌ្ឍានាទេ។

ជនរងគ្រោះឈ្មោះ ចេវ សុវឌ្ឍនាអាយុ ៣៦ឆ្នាំ មានកូន៣នាក់ក្នុងបន្ទុក ដំបូងឡើយត្រូវបានរកឃើញថា ស្លាប់ដោយចងក ដែលសមត្ថកិច្ចខេត្តតាកែវ អះអាងកាលពីពេលនោះថា ជនរងគ្រោះ ធ្វើអត្តឃាតខ្លួនឯង ប៉ុន្តែក្រោយការស៊ើបអង្កេតរបស់សមត្ថកិច្ចក្រសួងមហាផ្ទៃមួយក្រុមបង្ហាញថា ស្ត្រីជនរងគ្រោះត្រូវបានធ្វើឃាតទៅវិញ ទើបរឿងក្ដីត្រូវបានសើរើ ហើយតុលាការរាជធានីភ្នំពេញ បានបញ្ជាឲ្យសមត្ថកិច្ចចាប់លោក ឡាយ វណ្ណៈ លោក ឡាយ ណារិទ្ធ ម៉េម សាម៉ៃ និងជឹម វុធ មកដាក់ឃុំខ្លួនរហូតដល់ថ្ងៃកាតក្ដីនេះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post