header ads

Sponsor

ភ្នំពេញៈ អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក គង់ គាំ បានអះអាងថា ការដែល ប្រមុខរាជរដ្ឋាភិបាលចាប់យកចិន គឺជាគំនិតមួយល្អក្នុងការទប់ទល់ នឹងសាបព្រោះបដិវត្តន៍ របស់បច្ចឹមប្រទេស ដែលកំពុងតែកើតមានបញ្ហាជារឿយៗ។

ការលើកឡើងរបស់អតីតមន្ត្រីជាន់ខ្ពស់របស់បក្សប្រឆាំងនេះ ខណៈដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បាននឹង​កំពុងមានភាពស្អិតរមួ​តជាមួយមិត្តចិន។ ជាពិសេសនោះសម្រាប់ទស្សនៈកិច្ចនៅប្រទេសចិនរយៈពេល៤ថ្ងៃកន្លងមកនេះ ចិនបានជួយកម្ពុជាច្រើនមានទាំងថវិកា និងការជួយទិញទីផ្សារអង្ករពីកម្ពុជា ខណៈដែលសហភាពអឺរ៉ុបសម្រេចយកពន្ធលើអង្ករនំាពីកម្ពុជា។

លោក គង់ គាំ អតីតទីប្រឹក្សាគណបក្សសង្គ្រោះជាតិ បានលើកឡើងបណ្តាញសង្គមនៅថ្ងៃទី២២ មករា យ៉ាងដូច្នេះថា សហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប ដែលសាបព្រោះបដិវត្តន៍ពណ៌ កំពុងជួបព្យុះ ការប៉ះបោររបស់ប្រជាពលរដ្ឋខ្លួនជាហូរហែ។ ដូចនេះជម្រើសកម្ពុជា និងចិន គឺទប់ទល់ឧបាយកលបស្ចឹមប្រទេស ដែលជ្រកក្រោមបដិវត្តន៍ពណ៌ ជ្រកក្រោមស្លាកតស៊ូសិទ្ធិមនុស្ស និងតស៊ូយុត្តិធម៌ (ដ៏ពិសពុល) មិនអាចឲ្យ​ប្រទេសខ្លួនមានចលាចល និងសង្គ្រាមជាថ្មីទៀតនោះឡើយ។

លោកបន្តថា រាជរដ្ឋាភិបាល និងខ្មែរក្នុងស្រុក មិនប្រវាសសេចក្តីសុខចម្រើនជាមួយ ប្រជាធិបតេយ្យបំផ្លាញសិទ្ធិមនុស្សទេ គឺបន្តបង្កើនហេដ្ឋារចនាសម្ព័ន្ធ (ទ្វេដង) ធនធានមនុស្ស (ទ្វេដង) ឆ្ពោះទៅឆ្នាំ២០៣០ (ចំណូលមធ្យមកម្រិតខ្ពស់) ទោះជាមួយចិន គ្មានអាមេរិក និងអឺរ៉ុបក៏ដោយ។

លោក គង់ គាំ ក៏បានឌឺដងទៅកាន់ក្រុមលោក សម រង្ស៊ីយ៉ាងដូច្នេះថា ជំនឿលើ “អន្តរជាតិ” ជាជំនឿ “ក្រៅខ្លួន”។ ជំនឿលើ “ខ្លួនឯង” រង់ចាំភ័ព្វសំណាង “ក្រៅខ្លួន” គឺល្ហល្ហេវ ដូចស្រវាចាប់ផ្សែង។

លោកបន្ថែមថា មេដឹកនាំ និងក្រុមអ្នកនយោបាយ នៃ CNRP ដែលត្រូវរំលាយដោយច្បាប់របស់ប្រទេស ហើយផ្ទៃក្នុងហៅថា ក្រុមបក្សប្រហារ បានទុកខ្លួនឯងថា ត្រឹមត្រូវគ្រប់យ៉ាង ប៉ុន្តែ បានទុកស្ថាប័នជាតិទាំងអស់ និងប្រទេសខ្លួន ប្រជាពលរដ្ឋខ្លួនថា ខុសច្បាប់ និងក្លែងក្លាយ។

ជាមួយគ្នានោះដែរ អតីតមន្ត្រីជាន់ខ្ពស់ប្រឆាំង និងជាមនុស្សជំនិតលោក សម រង្ស៊ី ក៏បានលើកឡើងថា ក្រុម សម រង្ស៊ី បានបើកកិច្ចប្រជុំគណៈកម្មាធិកាអចិន្ត្រៃយ៍អតីត CNRP នៅទីក្រុងឡូវែល សហរដ្ឋអាមេរិក បានពិភាក្សាលើបញ្ហាមួយចំនួន និងផែនការវិលចូលកម្ពុជារបស់ សម រង្ស៊ី ត្រូវបានក្រុមអ្នកគាំទ្រ កឹម សុខា (CNRP-USA) បន្តបដិសេធថា ទាំងសន្និសីទនៅអាត្លង់តា ទាំងម្តងនៅទីនេះ ម្តងនៅទីនោះ ពិសេស ម្តងមិនប្រើប្រាស់ ម្តងប្រើប្រាស់យន្តការគណៈកម្មាធិការអចិន្ត្រៃយ៍នៃ CNRP ជាឡប់ឡែ ដើម្បីបោកប្រាស់ ។ល។ គឺរាល់ការសម្រេចក្រោមការដឹកនាំទាំងឡាយរបស់ សម រង្ស៊ី មិនអាចយកជាការបានឡើយ។

លោកបន្ថែមទៀតថា ចរិតអាត្មានិយមជ្រុល អស្មិមានៈជ្រុលរបស់ក្រុម សម រង្ស៊ី ឃើញសមាគមអឺរ៉ុប (បង្កើនពន្ធជះផលដល់អង្ករខ្មែរ) ភ្លេចជួយព្រួយជាមួយកសិករខ្មែរ (ដកEBA) ភ្លេចជួយចែករំលែកការលំបាករបស់កម្មករខ្មែរ បែរជាអួតផ្សំថា ពេលកម្មករខ្មែរវេទនា ពេលរដ្ឋាភិបាលខ្មែរបាត់បង់ចំណូល គឺជាឱកាសរបស់ពួកគេត្រូវកាប់បំពង់ចាំត្រងទឹកភ្លៀង ឬជាឱកាសរបស់ពួកគេដុតផ្ទះចម្អិនពង ដើម្បីបំពេញអំណាចស្រេកឃ្លានខ្លាំងរបស់ពួកគេ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post