header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ក្រុមប្រឹក្សាជំនុំជម្រះ​សាលាដំបូងរាជធានីភ្នំពេញ នឹងធ្វើការបើកសវនាការកាត់ទោសលោក ថោង សារ៉ាត់ និងអង្គរក្សចំនួន៥នាក់ (ស្លាប់ម្នាក់) នៅព្រឹកថ្ងៃទី១៥ ១៦និង១៧ មករា ឆ្នាំ២០១៩ខាងមុខនេះ។

នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រុមប្រឹក្សាជំនុំជម្រះ​សំណុំរឿងព្រហ្មទណ្ឌ ដែលដឹកនាំដោយលោក តុប ឈុនហេង អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ។

ជនជាប់ចោទ ដែលនឹងត្រូវឈរនៅក្នុងរង្វង់ក្រចកសេះ ដើម្បីឱ្យតុលាការវិនិច្ឆ័យសេចក្តីនោះរួមមាន៖

-ទី១ឈ្មោះ ថោង សារ៉ាត់ ភេទប្រុស អាយុ ៣៨ឆ្នាំ ថៅកែក្រុមហ៊ុន ៩៩៩ ជាប់ចោទពីបទ ផ្តើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន។

-ទី២ឈ្មោះ សៀង វាសនា ភេទប្រុស អាយុ៤៤ឆ្នាំ និងទី៣ឈ្មោះ លី សៅ ហៅវី ភេទប្រុស អាយុ ៤២ឆ្នាំ (ស្លាប់) ជាប់ចោទពីបទ ឃាតកម្មគិតទុកជាមុន។

-ទី៤ឈ្មោះ កូយ ចាន់ថុល ភេទប្រុស អាយុ ២៩ឆ្នាំ ទី៥ឈ្មោះ មាស សម្បត្តិ ភេទប្រុស អាយុ ២៧ឆ្នាំ និងទី៦ឈ្មោះ ឈុន ចិត្រា ភេទប្រុស ជាប់ចោទពីបទ សមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន។

ចំណែកជនរងគ្រោះឈ្មោះ អ៊ឹង ម៉េងជឺ ថៅកែក្រុមហ៊ុន ស៊ីម៉ងតិ៍ពេជ្រ ត្រូវឃាតកបាញ់សម្លាប់ កាលពីម៉ោងប្រមាណជាង៧ល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤កន្លងទៅនៅមុខតូបលក់ផ្លែឈើស្រស់ក្បែរផ្សារអូឡាំពិក។

សវនាការនេះ ធ្វើឡើងបន្ទាប់ពីចៅក្រមស៊ើបសួរលោក លី សុខឡេង បានបិទការស៊ើបសួរហើយបញ្ជូនសំណុំរឿងឲ្យ​ចៅក្រមបន្តនីតិវិធីជំនុំជម្រះ។

នាពាលកន្លងមកក្រុមប្រឹក្សាជំនុំជម្រះ​បានប្រកាសសាលក្រមចាត់របៀបបង្វិលសំណុំ​រឿងអោយចៅក្រមស៊ើបសួរ បើកការស៊ើបសួរនូវចំណុចសង្ស័យមួយចំនួន ដែលនៅសេសសល់ ហើយការស៊ើបសួរនោះ បានពន្យារពេលអស់ជិតមួយឆ្នាំ ទើបចៅក្រមសម្រេចបិទការស៊ើបសួរ និងបញ្ជូនសំណុំរឿងអោយចៅក្រមកាត់ទោសជនជាប់ចោទនៅថ្ងៃទី១៥ ,១៦,និងថ្ងៃទី១៧ មករា ឆ្នាំ២០១៩ខាងមុខនេះ ។

សូមរំលឹកថា នាពេលសវនាការច្រើនលើកកន្លងមក ក្រុមជនជាប់ចោទបានបដិសេធថា ពួកគេមិនជាប់ពាក់ព័ន្ធនិងការសម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ ទេ ប៉ុន្តែពួកគេមិនមានភស្តុតាងដោះបន្ទុកទាល់តែសោះ។

គួររំឭកដែរថា ជនជាប់ចោទឈ្មោះ ថោង សារ៉ាត់ និងឈ្មោះ ថោង ចំរើន (ជាឪពុក) និងឈ្មោះ កែវ សារី (ជាម្តាយ) ក៏ធ្លាប់ត្រូវបាន លោក ឃី ឆៃ ចៅក្រមសាលា រាជធានីភ្នំពេញ សម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារ ពី២ឆ្នាំ ទៅ២ឆ្នាំកន្លះ និងពិន័យជាប្រាក់ក្នុងម្នាក់ៗ ៦លានរៀលចូលជាថវិការដ្ឋ ក្រោមបទចោទប្រកាន់ កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត យោងតាមមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post