header ads

Sponsor

កំពង់ស្ពឺៈ លោកឧត្តមសេនីយ៍ឯក ប៊ុត សុភាព នាយកសាលានាយទាហានសកម្ម ប្រធានគណៈកម្មការកីឡាកងយោធពលខេមរភូមិន្ទ បានលើកឡើងថា កងទ័ពត្រូវខិតខំការពារជាតិ ការពារប្រជាជន។ លោកបែបនេះ ដូចប្រសាសន៍លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ដែលបានថ្លែងថា ការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ។

លោកឧត្តមសេនីយ៍ឯក ប៊ុត សុភាព បន្តទៀតថា ការប្រកួតកីឡានេះ មិនមែនទើបតែរៀបចំលើកទី១នោះទេ គឺបានធ្វើឡើងតាំងពីឆ្នាំ១៩៩៧មកម៉្លេះ។ ក្រសួងការពារជាតិ បានរៀបចំបង្កើតឲ្យមានការប្រកួតកីឡា របស់កងយោធពលខេមរភូមិន្ទនេះឡើង គឺដើម្បីឲ្យមហាជន យុវជន បានស្វែងយល់ដឹងពីកងទ័ព ចូលរួមការពារជាតិមាតុភូមិ និងរឹតចំណងសាមគ្គីភាព រវាងកម្លាំងប្រដាប់អាវុធជាមួយប្រជាជន ហើយនៅឆ្នាំនេះ ដើម្បីចូលរួមអបអរសាទរ និងរំលឹកគុណដល់ថ្ងៃជ័យជំនះ ៧មករា ខួបលើកទី៤០។

លោកបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកីឡាករ កីឡារិនី ដែលខិតខំពុះពារប្រកួតនៅគ្រប់វិញ្ញាសា និងទទួលជោគជ័យ ប្រកបដោយមិត្តភាព សាមគ្គីភាព និងសុខភាព។

លោកឧត្តមសេនីយ៍ឯក ប៊ុត សុភាព បានជំរុញដល់គ្រប់បណ្តាអង្គភាពកងយោធពលខេមរភូមិន្ទ បន្តចូលរួមដកបទពិសោធន៍ ដើម្បីឲ្យការប្រកួតលើកក្រោយៗទៀត ទទួលបានជោគជ័យ និងកាន់តែច្រើនឡើង ដើម្បីទ្រទ្រង់ប្រទេសជាតិឲ្យបានរឹងមាំ មានស្ថិរភាព ឈានទៅរកការអភិវឌ្ឍ ក្រោមគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា ការប្រកួតកីឡានេះបានធ្វើឡើងដោយមានកីឡាករ កីឡាការិនី ចំនួន១៦០នាក់ ស្មើនឹង១៦ក្រុម មកពីតាមបណ្តាអង្គភាព ចំនួន៥ ក្នុងនោះរួមមាន បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម, កងពលតូចទ័ពពិសេសឆត្រយោងលេខ៩១១, សាលានាយទាហានសកម្ម វិទ្យាស្ថានទ័ពជើងគោក និងក្រសួងបរិស្ថាន ដោយចែកចេញជា២ប្រភេទ ដែលប្រភេទ១ មាន៤ក្រុម ស្មើ៤អង្គភាព មានវិញ្ញាសារត់ប្រដាប់អាវុធចម្ងាយ៤គីឡូម៉ែត្រ រត់ឆ្លងកាត់ឧបសគ្គ និងបាញ់គ្រាប់ពិត។

ជាលទ្ធផល ចំណាត់ថ្នាក់លេខ១ បានទៅលើកងពលតូចពិសេសឆត្រយោង៩១១, លេខ២ សាលានាយទាហានសកម្ម និងលេខ៣ បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម។ ប្រភេទទី២ មានវិញ្ញាសាសែងហ្វ្រង់ការត់ចម្ងាយ២គីឡូម៉ែត្រ, រត់ឆ្លងកាត់ឧបសគ្គ និងចោលគ្រាប់បែក ផ្នែកនារីមាន៥ក្រុម លទ្ធផលចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣ បានទៅលើ សាលានាយទាហានសកម្ម។ ផ្នែកបុរសមាន៤ក្រុម ចំណាត់ថ្នាក់លេខ១ កងពលតូចទ័ពពិសេសឆត្រយោង៩១១ ,លេខ២ និងលេខ៣ សាលានាយទាហានសកម្ម។ ជាមួយគ្នានេះ គណ:កម្មាការក៏បានផ្តល់រង្វាន់ដល់បុគ្គលល្អឆ្នើម បុរសនារី ដោយបានទៅលើក្រុមនិស្សិតវគ្គជំនាន់ទី២១ នៃសាលានាយទាហានសកម្មផងដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post