
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧៖៣០នាទីយប់ ថ្ងៃអាទិត្យ ៧រោច ខែបុស្ស ឆ្នាំច សំរឹទ្ធស័ក ពស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ (ថៃហ្គ័រ) សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
អ្នកឃើញហេតុការណ៍ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុពួកគាត់បានឃើញ បុរសស្ត្រី២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក Suzuki Nex ពណ៌សលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1B-1792 ធ្វើដំណើតាមបណ្ដោយផ្លូវផ្លូវអាស៊ាន (ថៃហ្គ័រ) ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ បានវ៉ាជែងរថយន្តមួយគ្រឿងមិនចាំម៉ាក ស្របពេលនោះក៏មានបាវអង្ករទទេស្អាតមួយនៅកណ្ដាលផ្លូវ ទើបជនរងគ្រោះចាប់ហ្វ្រាំងម៉ូតូទាំងបង្ខំធ្វើអោយរអិលដួល បោកនឹងថ្នល់ បណ្ដាលឲ្យស្ត្រីជាប្រពន្ធរងរបួសបែកក្បាល បែកមាត់ ហូរឈាមពេញផ្លូវ ចំណែកបុរសជាប្តីបាក់ឆ្អឹងជំនីរបួសធ្ងន់សន្លប់ស្ដូកស្ដឹង ត្រូវបានរថយន្តសង្គ្រោះបន្ទាន់មន្ទីរពេទ្យបង្អែកព្រែកឯង បានមកដឹកជនរងគ្រោះទាំងពីរនាក់ប្ដីប្រពន្ធបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យរុស្សី។
ក្រោយកើតហេតុរថយន្តសង្គ្រោះបានមកជួយសង្គ្រោះដឹកប្តីប្រពន្ធទាំង២នាក់នោះបញ្ជូនទៅមន្ទីរពេទ្យរួច កម្លាំងសមត្ថកិច្ចប៉ុស្តិ៍យកម៉ូតូរងគ្រោះទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកថ្មី ដើម្បីរង់ចាំក្រុមគ្រួសារ យកឯកសារដែលពាក់ព័ន្ធ មកទទួលត្រឡប់ទៅវិញ៕









