មណ្ឌលគិរីៈ ប្រធានមន្ទីរបរិស្ថានលោក កែវ សុភក៌ ឲ្យដឹងថា ខ្មាន់កាំភ្លើងមួយក្រុម ស្ទាក់បាញ់ប្រហារមន្ត្រីឧទ្យានុរក្ស កំពុងល្បាតក្នុងព្រៃ ។
ក្រុមមន្ត្រីឧទ្យានុរក្សខាងលើមានគ្នាចំនួន៦នាក់ ត្រូវបានខ្មាន់កាំភ្លើងបើកការបាញ់ប្រហារយ៉ាងសន្ធប់ មកលើ ខណៈដែលកម្លាំងចម្រុះខាងលើកំពុងល្បាតព្រៃ បណ្ដាលឲ្យមន្ត្រីឧទ្យានុរក្សម្នាក់រងរបួសធ្ងន់ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៩ មករា ២០១៩ ត្រង់ចំណុចអូររ៉ូវេ ក្នុងតំបន់ត្រពាំងកកោះ ស្ថិតក្នុងភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ។
ប្រភពឲ្យដឹងថា ជនរងគ្រោះឈ្មោះ ចេង ចាន់ធី ជាមន្ត្រីឧទ្យានុក្សប្រចាំដែន ជម្រកសត្វព្រៃស្រែពក ហើយមកទល់ពេលនេះ មន្ត្រីដែលរងរបួសបានរួចផុតជីវិតហើយ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាលម៉ែត រាជធានីភ្នំពេញ ។
ជុំវិញករណីនេះ ស្នងការនគរបាលខេត្តមណ្ឌលគិរី លោក ឡោ សុខា បានប្រាប់ដែរថា កម្លាំងរបស់សមត្ថកិច្ចកំពុងដុតដៃដុតជើងស្រាវជ្រាវ ករណីនេះ ។ លោកថា បាននិងកំពុងបញ្ជាកម្លាំងជាច្រើននាក់ទៅតំបន់ខាងលើ ដើម្បីស្រាវជ្រាវតាមចាប់ជនល្មើសទាំងនោះឲ្យខាងតែបាន ៕


