Sponsor
ភ្នំពេញៈ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោកម៉ុង មុនីសោភា នៅល្ងាចថ្ងៃទី ០៤មករា ឆ្នាំ២០១៩នេះ បានសម្រេចផ្ញើ ឈ្មោះ ហូវ ដាណេ ម្ចាស់គ្លីនិកឌែម៉ូ និងគ្រូពេទ្យដេរខ្ជិបឲ្យសមត្ថកិច្ចគ្រប់គ្រងជាបណ្ដោះអាសន្ន បន្ទាប់ពីតំណាងអយ្យការបានចោទប្រកាន់ ។

ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី៤ មករា ឆ្នាំ២០១៩ បានសម្រេចចោទប្រកាន់ជាផ្លូវការលើម្ចាស់គ្លីនិកឌែរម៉ូ កែសម្ផស្សចំនួន៣បទល្មើស ជាសំណុំរឿងព្រហ្មទណ្ឌ រួចបញ្ជូនជនត្រូវចោទទៅឲ្យចៅក្រមស៊ើបសួរសម្រេចតាមនីតិវិធី ។

ប្រភពព័តិមានពីសាលាដំបូងបានឲ្យដឹងថា បទចោទប្រកាន់ដែលតំណាងអយ្យការបានសម្រេចចោទ ឈ្មោះ ហូវ ដាណេ ជាម្ចាស់គ្លីនិកឌែរម៉ូ និងឈ្មោះ ពៅ ស៊ីណាត ជាគ្រូពេទ្យដេរខ្ជិបប្រចាំគ្លីនិករួមមាន ៖ ១- បទប៉ះពាល់ដល់សិទ្ធខាងរូបភាព នៃបុគ្គល តាមមាត្រា៣០២នៃក្រមព្រហ្មទណ្ឌ ។ ២ - បទកំហែងយក តាមមាត្រា៣៦៣ និងមាត្រា៣៦៤នៃក្រមព្រហ្មទណ្ឌ ។ ៣ - បទការគំរាមកំហែងហែកកេរ្តិ៍ តាមមាត្រា ២៧២ និងមាត្រា២៧៣ នៃក្រមព្រហ្មទណ្ឌ ។

មាត្រា៣០២នៃក្រមព្រហ្មទណ្ឌចែងថា អំពើថតរូបភាពនៃបុគ្គនៅទីកន្លែងឯកជន ដោយគ្មានការព្រមព្រៀងពីបុគ្គលនេះទេ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពីមួយខែទៅមួយឆ្នាំ និងពិន័យជាប្រាក់ពី១សែនរៀលទៅ២លានរៀល លើកលែងតែករណីដែលច្បាប់អនុញ្ញាត។

មាត្រា៣៦៣នៃក្រមព្រហ្មទណ្ឌចែងថា អំពើកំហែងយកគឺជាអំពើដែលប្រព្រឹត្ត ដោយការប្រើហិង្សា ការគំរាមកំហែងថានឹងប្រើហិង្សា ឬដោយការបង្ខិតបង្ខំ ដើម្បីទទួលបាននូវ ៖ ហត្ថលេខាឬស្នាមមេដៃ , ការសន្យាឬការបោះបង់ចោលអ្វីមួយ , ការបង្ហាញអាថ៌កំបាំងណាមួយ , ការប្រគល់មូលនិធិ តម្លៃ ឬ ទ្រព្យសម្បត្តិអ្វីមួយ ។

មាត្រា៣៦៤ អំពើកំហែងយកត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លានរៀលទៅ១០លានរៀល ។

មាត្រា៣៧២នៃក្រមព្រហកមទណ្ឌចែងថា អំពើគំរាមកំហែងហែកកេរ្តិ៍ គឺជាអំពើប្រព្រឹត្តដោយការគំរាមកំហែងបើកកកាយ ឬទំលាក់កំហុសដែលនាំឲ្យប៉ះពាល់ដល់កិត្តិយស ការរាប់អាន ដើម្បីទទួលបាននូវ ៖ ហត្ថលេខា ឬស្នាមមេដៃ , ការសន្យា , ការបង្ហាញអាថ៌កំបាំងណាមួយ , ការប្រគល់មូលនិធិ តម្លៃ ឬទ្រព្យសម្បត្តិអ្វីមួយ ។

មាត្រា៣៧៣បានចែងកំណត់ឲ្យផ្ដន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លានរៀលទៅ១០លានរៀល ។

ជនត្រូវចោទហូវ ដាណេ និងពៅ ស៊ីណាត ត្រូវបានសមត្ថកិច្ចអាវុធហត្ថលើផ្ទៃប្រទេសបញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី ០៤មករា ឆ្នាំ២០១៩ ដែលសំណុំរឿងនេះត្រូវបានចាត់បញ្ជូនឲ្យលោកសឿន មុនីរ័ត្ន ជាព្រះរាជអាជ្ញារងចាត់ការ ។ ក្នុងនោះក្រោយពីសាកសួរជនសង្ស័យរួច និងពិនិត្យលើរបាយការស៊ើបអង្កេតបឋមរបស់នគរបសលយុត្តិធ័មរួចមក តំណាងអយ្យការបានសម្រេចចោទប្រកាន់លោកស្រីហូវ ដាណា និងពៅ ស៊ីណាត ចំនួន៣បទល្មើសខាងលើ ហើយបញ្ជូនជនត្រូវចោទនិងសំណុំរឿងទៅឲ្យចៅក្រមសម្រេចតាមច្បាប់ ។ ម្ល៉ោះហើយនៅតំណាក់កាលសាកសួររបស់ចៅក្រមមិនទាន់បានសាកសួរជនជាប់ចោទ ចប់សព្វគ្រប់ទេ ទើបចៅក្រមសម្រេចផ្ញើជនជាប់ចោទឲ្យសមត្ថកិច្ចគ្រប់គ្រងបណ្ដោះអាសន្នសិនថើម្បីបន្តនីតិវិធីនៅព្រឹកថ្ងៃសៅរ៍ ។

អ្នកស្រីហូវ ដាណេ និងគ្រូពេទ្យឈ្មោះ ពៅ ស៊ីណាត ហៅទីណា ត្រូវបានស្ត្រីម្នាក់ប្ដឹងពីបទលួចថតរូបឯកជន បទកំហែងយក និងគំរាមកំហែងហែកកេរ្តិ៍ បន្ទាប់ពីស្ត្រីរងគ្រោះបានទៅរកសេវាកែប្រដាប់ភេទនៅគ្លីនិកឌែម៉ូ ហើយម្ចាស់គ្លីនិកបានប្រើប្រាស់រូបថតសកម្មភាពពេទ្យក្នុងគ្លីនិកដើម្បីគំរាមកំហែងជនរងគ្រោះឲ្យបង់ប្រាក់តាមតម្លៃដែលគ្លីនិកបានកំណត់ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor