ភ្នំពេញៈ បុរសម្នាក់ មិនដឹងតូចចិត្ត តូចថ្លើមរឿងរបរ និងការងារផ្ទាល់ខ្លួនយ៉ាងណានោះទេ បែជាបញ្ចេញចរឹតកោងកាច ដុតកង់ឡា វាយបំផ្លិចបំផ្លាញរបស់ទ្រព្យខ្លួនឯង បង្កឲ្យផ្អើលអ្នកភូមិ រហូតដល់ឪពុកទូរស័ព្ទរាយការណ៍ ស្នើសុំឲ្យប៉ូលិសមូលដ្ឋាន ជួយចុះទៅសម្របសម្រួល តែនៅមិនស្តាប់ ឡូឡា ច្រង៉ែងច្រង៉ាង ដូចមានខ្លា១០ក្នុងខ្លួន ឃើញសភាពមិនស្រួល ប៉ូលិសសុំកម្លាំងកងអន្តាគមន៍ទៅបន្ថែម គ្រាន់តែសាកសួរ រកមូលហេតុ បែរជាវាយប៉ូលិសមួយដៃ ទើបកម្លាំងសមត្ថកិច្ចទ្រាំលែងបាន ចាត់វិធានការក្តៅ សម្រុកចូលចាប់គ្រៀកតែម្ដង។
ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃចន្ទ ទី១៤ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ បុរសខាងលើមិនដឹងថា អាក់អន់ ស្រពន់ចិត្តរឿងអ្វី ឬជាមួយអ្នកណានោះទេ ខណៈដែលរថយន្តរបស់ខ្លួនរងខូចខាត ដោយគ្រោះថ្នាក់ចរាចរណ៍ ហើយក៏មិនដឹងពីពេលណាមកដែរ មកដល់ផ្ទះ បែរជាបញ្ចេញចរឹតចិត្តខ្លា ច្រង៉ែងច្រង៉ាង ឡូឡា ដុតទាំងកង់ឡាន ផ្អើលអ្នកអ្នកភូមិ រកតែដេកពួនមិនបានឃើញសភាពបែបនោះ ឪពុកបានរាយការណ៍តាមទូរស័ព្ទទៅប៉ូលិសមូលដ្ឋាន ឲ្យទៅជួយឃាត់ តែនិយាយស្តាប់គ្នាមិនបានមិនខ្លាចទេ ប៉ូលិសមូលដ្ឋានកំប៊ុកកំប៉ុក កាន់តែបានចិត្ត ចរឹតផ្គើនទ្វេដង ទើបប៉ូលិស ស្នើសុំបន្ថែមកម្លាំង ទើបកម្លាំងអន្តរាគមន៍ខណ្ឌចុះទៅប្រើវិធីសាស្រ្តលួងឃាត់ តែបែរជាបុរសចិត្តខ្លា ម៉ាត់មួយដៃ ទៅលើប៉ូលិស ទើបកម្លាំងសមត្ថកិច្ចទ្រាំលែងបាន មានតែសម្រុកចូលចាប់កាច់ក្លៀកក្លេ ផ្ដេកផ្ដួលនឹងដីវាយខ្នោះជាប់។
ជនបង្កបញ្ហាខាងលើ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននាំទៅសាកសួរនៅប៉ុស្តិ៍ រួមទាំងហៅមនុស្ស២នាក់ផ្សេងទៀត ទៅបំភ្លឺរឿងហេតុការណ៍នេះផងដែរ ជនសង្ស័យទី១ ឈ្មោះ ប្រាក់ ទង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ រត់តាក់ស៊ី ស្នាក់នៅភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (មានសារធាតុញៀន និងជនដៃដល់)។
ជនសង្ស័យទី២ឈ្មោះ ប្រាក់ ថង អាយុ២១ឆ្នាំ មុខរបរ កម្មកររោងចក្រស្នាក់នៅភូមិ ទួលពង្រ សង្កាត់ចោមចៅទី១ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (គ្មានសារធាតុញៀន មកជួយឈ្មោះ ប្រាក់ ទង)។
ជនសង្ស័យទី៣ ឈ្មោះ ឈៀង លី ភេទប្រុសអាយុ ៣០ឆ្នាំមុខរបរ ក្រុមហ៊ុន ឯកជនធ្វើអំពូលភ្លើង ស្នាក់នៅភូមិ ភូមិ ទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ(គ្មានសារធាតុញៀន មកជួយឈ្មោះ ប្រាក់ ទង)៕