header ads

Sponsor

ភ្នំពេញៈ ទីបំផុត សេចក្តីវិសោធនកម្ម មាត្រា៤៥ថ្មី(ស្ទួន)នៃច្បាប់ស្តីពីគណបក្សនយោបាយ ត្រូវបានព្រះមហាក្សត្រ ព្រះបាទនរោត្តម ព្រះបរម​នាថ សីហមុនី ឡាយព្រះហត្ថលេខា ដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ។ ការនេះ បានធ្វើឲ្យមន្ត្រីអតីត CNRP ទាំង១១៨រូប អាចធ្វើលិខិតស្នើទៅរដ្ឋមន្ត្រីមហាផ្ទៃ ដើម្បីឲ្យនាយករដ្ឋមន្ត្រី សុំធ្វើសម្បទាធ្វើនយោបាយឡើងវិញ។

យោងតាមសេចក្តីស្នើវិសោធនកម្មច្បាប់ មាត្រា៤៥ថ្មី(ស្ទួន)នៃច្បាប់ស្តីពីគណបក្សនយោបាយត្រូវបានព្រះមហាក្សត្រឡាយព្រះហត្ថលេខា កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ ហើយត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី៨ មករា មានចំនួន២មាត្រា។

ការប្រកាសឲ្យប្រើប្រាស់ច្បាប់នេះ គឺជាសញ្ញាមួយក្នុងការបើកផ្លូវដល់អតីតមន្ត្រីគណបក្សសង្គ្រោះជាតិ ដែលត្រូវតុលាការកំពូលហាមឃាត់ធ្វើនយោបាយរយៈពេល៥ឆ្នាំ ដើម្បីមានសិទ្ធិស្នើធ្វើនយោបាយឡើងវិញ។

ខ្លឹមសារមាត្រា បានចែងថា មាត្រា៤៥ថ្មី(ស្ទួន) នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ និងច្បាប់ស្តីពី​វិសោធនកម្មស្តីពីគណបក្សនយោបាយ ដែលប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម /០៧១៧/០០៧ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ ត្រូវបានធ្វើវិសោធនកម្មដូចខាងក្រោម មាត្រា៤៥ថ្មី(ស្ទួនមួយ) គណបក្សនយោបាយ ដែលត្រូវបានសម្រេចផ្អាកសកម្មភាព មិនត្រូវបានអនុញ្ញាតឲ្យចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត ឡើយ។ ត្រូវលុបឈ្មោះចេញពីបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ក្នុងករណីដែលគណបក្សនយោបាយនោះ ត្រូវបានសម្រេចផ្អាកសកម្មភាព ឬត្រូវបានសម្រេចរំលាយ ស្រប តាមច្បាប់នេះ។

មាត្រាដដែល បានលើកឡើងទៀតថា បុគ្គលដែលត្រូវបានតុលាការសម្រេចហាមឃាត់ ការធ្វើសកម្មភាពនយោបាយ មិនអាចបង្កើតគណបក្សនយោបាយ ឬចូលរួមក្នុងគណបក្សនយោបាយណាមួយ ឬឈរឈ្មោះឲ្យគេបោះឆ្នោត ឬធ្វើកម្មភាពណាមួយគាំទ្រ ឬប្រឆាំងគ ណបក្សណាមួយបានឡើយ។

បុគ្គលដែលត្រូវបានតុលាការសម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយនេះ នឹងអាចទទួលបានវិញ នូវសិទ្ធិនយោបាយពេញលេញដោយពេញច្បាប់ បន្ទាប់ពីផុតរយៈពេលនៃការឃាមឃាត់ ដែលកំណត់ដោយសាលដីការរបស់តុលាការកំពូល ឬក្នុងករណីដែលបុគ្គលនោះ ត្រូវបានផ្តល់នីតិសម្បទាឡើងវិញ ដោយព្រះមហាក្សត្រ តាមសំណើរបស់នាយករដ្ឋមន្ត្រី  តាមសេចក្តីស្នើសុំរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ចំណែកមាត្រា២នៃសេចក្តីស្នើវិសោធនកម្មនៃច្បាប់នេះ ប្រកាសជាការប្រញាប់។

សូមជម្រាបថា អតីតមន្ត្រីគណបក្សសង្គ្រោះជាតិចំនួន១១៨នាក់ ត្រូវបានហាមឃាត់ ក្នុងការធ្វើនយោបាយ ប៉ុន្តែនៅពេលសេចក្តីស្នើវិសោធនកម្មច្បាប់នេះចូលរួមជាធរមានហើយ អតី តមន្ត្រីទាំងនោះមានសិទ្ធិស្នើសុំទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីសុំទៅនាយករដ្ឋមន្ត្រី ថ្វាយទៅព្រះមហាក្សត្រ ដើម្បីផ្តល់នីតិសម្បទា ឬដកបម្រាមនយោបាយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post