
ភ្នំពេញៈ លោកប្តីចិត្តខ្លាំង ហៅប្រពន្ធចុងមកផឹកស៊ីជាមួយប្រពន្ធដើមជុំគ្នា ស្រាប់តែស្រវឹងរៀងៗខ្លួន កើតភ្លើងប្រច័ណ្ឌ ធ្វើឲ្យប្រពន្ធដើមរករឿងឈ្លោះប្រកែកគ្នា ផ្អើលប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍ បង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១៖៣០នាទីយប់ ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩ មុខផ្ទះលេខB3 ផ្លូវ២៤BT ក្រុម៤ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា បុរសជាប្តីមានឈ្មោះ គឹម ដារ៉ារឹទ្ធ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះកើតហេតុខាងលើ ចំណែកប្រពន្ធដើមដែលទើបនឹងលែងលះគ្នាបានរយៈពេលកន្លះខែ មានឈ្មោះ ចាន់ ថាវី អាយុ៣០ឆ្នាំ មុខរបរ បុគ្គលិកភោជនីយដ្ឋាន មានកូនស្រីម្នាក់ អាយុ៧ឆ្នាំ រីឯប្រពន្ធចុងមិនបានឲ្យដឹងឈ្មោះឡើយ។
តាមប្រភពពីអ្នកជិតខាង បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញផ្ទះខាងលើ បានរៀបចំកម្មវីធីផឹកស៊ីនៅមុខផ្ទះ ដោយមានមនុស្សប្រុសស្រីជាច្រើននាក់ចូលរួម លុះដល់វេលាកើតហេតុ មិនដឹងជាយ៉ាងម៉េច ក៏ស្រាប់តែមានរឿងឈ្លោះប្រកែកវាយគ្នាផ្អើលឆោឡោប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍ ទើបដឹងថា មូលហេតុកើតឡើងដោយសារភ្លើងប្រច័ណ្ឌ រវាងប្រពន្ធចុង និងប្រពន្ធដើម ព្រមទាំងបុរសជាប្តីឈ្លោះគ្នាសោះ។
បើតាមសម្ដីបុរសជាប្តី បានឲ្យដឹងថា គាត់នឹងប្រពន្ធដើម បានចាប់ដៃគ្នាអស់រយៈពេលជិត១០ឆ្នាំហើយ មានកូនស្រីម្នាក់ អាយុ៧ឆ្នាំ ដោយសារការរស់នៅមិនចុះសំរុងគ្នា ក៏បានផ្តិតមេដៃលែងលះគ្នា កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨មកម៉្លេះ។ លុះពេលលែងលះគ្នារួចហើយ ប្រពន្ធដើមបានមករស់នៅជុំគ្នាដដែល ដោយសារតែអាណិតកូន តែគាត់គឺមានប្រពន្ធចុងម្នាក់ទៀតផងដែរ។
ប្រភពដដែលបានបន្តថា នៅយប់ថ្ងៃកើតហេតុ គាត់បានរៀបចំកម្មវីធីផឹកស៊ីជួបជុំបងប្អូនមិត្តភក្តិនៅមុខផ្ទះ ជាមួយនឹងប្រពន្ធដើម លុះបន្តិចក្រោយមកប្អូនស្រីរបស់គាត់បានឌុបប្រពន្ធចុងរបស់គាត់មកចូលរួមហូបចុកផឹកស៊ីជាមួយគ្នាផងដែរ តែគាត់បានប្រាប់ប្រពន្ធដើមហើយថា កុំឲ្យរករឿងគ្នា លុះពេលផឹកស្រវឹងរៀងៗខ្លួន ស្រាប់តែប្រពន្ធដើមកើតភ្លើងប្រច័ណ្ឌជាមួយប្រពន្ធចុង ក៏បានរករឿងវាយគាត់ និងជេរគ្នាផ្អើលអ្នកជិតខាងតែម្តងទៅ។
ដោយឡែក ស្ត្រីជាប្រពន្ធដើមវិញ មិនបានរៀបរាប់ប្រាប់ពីដំណើររឿងនោះទេ គឺគិតតែពីជេរហែកហួរអស់កេរ្តិ៍គ្មានសល់ចន្លោះត្រង់ណានោះទេ ហើយស្ត្រីជាប្រពន្ធចុង ក៏មិនបានចេញមុខមកដែរ គឺសំងំនៅក្នុងផ្ទះ។
ក្រោយពេលកើតហេតុ ក្រុមអ្នកយកព័ត៌មានស្ទើគ្រប់ស្ថាប័ន គឺមានតែការលួងលោមឲ្យស្ត្រីជាប្រពន្ធដើម ដែលមានអាការៈស្រវឹងជោកនោះ សម្របសម្រួលចូលក្នុងផ្ទះដេក ដើម្បីបញ្ចប់រឿង៕









