
ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមាននារីរូបស្រស់ភេទទី៣ មួយក្រុម បើករថយន្ត TOYOTA PRIUS បត់ស្ដាំ ខ្វះការប្រុងប្រយត្ន័ ជ្រុលទៅបុក Zoomer-X គ្រឿងទៀត បណ្ដាលឲ្យបុរសម្នាក់ រងរបួសធ្ងន់គួរសម ភ្លាមនោះនារីរូបស្រស់ភេទទី៣ ជាអ្នកបើកបរ ទុករថយន្តនៅកន្លែងកើតហេតុ រួចប្រាន់ឲ្យមិត្តភក្តិនៅរង់ចាំដោះស្រាយ ចំណែករូបនាងបានចុះមកហៅកង់បី Pass App ដឹកជនរងគ្រោះទៅគ្លីនិកឯកជន និងចេញថ្លៃព្យាបាលរបួសឲ្យជនរងគ្រោះផងដែរ។ សូមសរសើរ ទោះជាភេទទី៣ពិតមែន តែមានទឹកចិត្ត និងការទទួលខុសត្រូវ ដែលផ្ទុយពីអ្នកបើកបរមួយចំនួនអាងរត់យករួចខ្លួន។
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតមានឡើងនៅវេលាម៉ោង២៖៤០នាទីទៀបភ្លឺ ឈានចូលថ្ងៃអាទិត្យ ទី១៣ ខែមករា ឆ្នាំ២០១៩ នៅត្រង់ចំណុចច្រមុះជ្រូកនាគបាញ់ទឹក ស្ថិតតាមបណ្ដោយផ្លូវព្រះសីហនុ កែងផ្លូវសុធារស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ភ្នាក់ងារ ខេមប៉ុស្តិ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជនម្នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាក Zoomer X ពណ៌សលាយខ្មៅ ពាក់ស្លាកលេខក្រចេះ 1E-1518 បានធ្វើដំណើរតាមបណ្តោយផ្លូវសុធារស ទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចច្រមុះជ្រូកក្បាលនាគបាញ់ទឹក ជាកន្លែងកើតហេតុនោះ ស្រាប់តែមានរថយន្ត TOYOTA PRIUS មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AA-2823 បើកបរដោយនារីរូបស្រស់ភេទទី៣ មួយក្រុម (មិនដឹងថាមានគ្នាប៉ុន្មាននាក់នោះទេ) បានធ្វើដំណើរតាមបណ្តោយផ្លូវព្រះសីហនុ បត់ស្ដាំមកផ្លូវសុធារសវិញ ក៏ជ្រុលទៅបុកម៉ូតូ Zoomer X ខាងលើនោះបណ្ដាលឲ្យដួលមុខរថយន្ត និងបណ្ដាលឲ្យយុវជនម្ចាស់ម៉ូតូរងរបួសធ្ងន់គួរសម។
សាក្សីបន្តថា ភ្លាមនោះនារីរូបស្រស់ភេទទី៣ ជាអ្នកបើកបរ បានទុករថយន្តឲ្យមិត្តភក្តិនៅរង់ចាំ និងជួយមើលនៅកន្លែងកើតហេតុសិន ចំណែកនារីភេទទី៣នោះ ចុះពីលើរថយន្តរួចប្រញាប់ហៅកង់បី PassApp ដឹកជនរងគ្រោះ រួចឡើងទៅជាមួយគ្នា ហើយកង់បីបានដឹកទៅគ្លីនិកឯកជន សុខា មានចម្ងាយប្រហែល៦០០ម៉ែត្រ ពីកន្លែងកើតហេតុនោះ រួចប្រញាប់អោយគ្រូពេទ្យជួយពិនិត្យ និងព្យាបាលរបួសផងដែរ នេះសូមសរសើរនារីៗភេទទី៣ទាំងនោះ ចំពោះការទទួលខុសត្រូវក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ។
ក្រោយមកសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់បានមកដល់កន្លែងកើតហេតុ រួចអោយភាគីទាំងសងខាងដោះស្រាយគ្នាមួយជំហានទៀតសិន ចំណែកជនរងគ្រោះបានទូរស័ព្ទប្រាប់បងស្រីអោយមកកន្លែងកើតហេតុដោះស្រាយគ្នា ដោយនារីរូបស្រស់ភេទទី៣ ម្ចាស់រថយន្តបានទទួលសុខត្រូវ និងព្រមចេញសំណងលើការខូចខាតនោះ និងថ្លៃព្យាបាលរបួសទៅកាន់ជនរងគ្រោះ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុផងដែរ៕










