header ads

Sponsor

ភ្នំពេញៈ អាជ្ញាធរសម្រេចបិទទីតាំងអាជីវកម្មខារ៉ាអូខេ PRO KTV ស្ថិតតាមបណ្តោយមហាវិថីព្រះមុនីវង្ស ផ្ទះលេខ៧៥៧ និង៧៥៨ ស្ថិតនៅក្រុម២៦ ភូមិ៧ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ មិនឲ្យបើកដំណើរការអាជីវកម្មប្រភេទនេះទៀតឡើយ បន្ទាប់ពីកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ចុះបង្ក្រាប និងឃាត់ខ្លួន​ជនសង្ស័យ៥៨នាក់ ជាមួយនឹងថ្នាំញៀនមួយចំនួន។ នេះតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩នេះ។

សូមបញ្ជាក់ថា​ កន្លងទៅលោក​​ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចេញបញ្ជាឲ្យអាជ្ញាធរខណ្ឌទាំង១២ ត្រូវបន្តពង្រឹងការងារសន្តិសុខ​សណ្តាប់​ធ្នាប់​២៤ម៉ោងលើ២៤ម៉ោង ជូនប្រជាពលរដ្ឋឲ្យបានល្អជាប្រចាំ ជាពិសេ​សត្រូវលុបបំបាត់ឲ្យបានចំពោះអ្នកជូញដូរ និងប្រើប្រាស់គ្រឿង​ញៀននៅក្នុងទឹកដីរាជធានី ដើម្បីជាការឆ្លើយតបទៅវិញ បន្ទាប់ពីប្រជាពលរដ្ឋបានបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា (CPP)​ ដែលលោក​​អភិបាល លើកឡើងក្នុងកិច្ចប្រជុំបញ្ជាការឯកភាពរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១២ ខែកញ្ញា ២០១៨ នៅសាលារាជធានីភ្នំពេញ​ ថា “សន្តិសុខ គឺជាសេចក្តីត្រូវការរួមរបស់ប្រជាពលរដ្ឋគ្រប់រូប មិនអាចខ្វះបាន មិន​ថាអ្នកមាន ឬអ្នកក្រនោះទេ គឺសុទ្ធតែត្រូវការសន្តិសុខទាំងអស់។ លោក​​អភិបាល​បន្តថា ការដែលពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ និងការផ្តល់សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋនេះ គឺជាការឆ្លើយតបមួយដ៏ចាំបាច់ ក្រោយពីប្រជាពលរដ្ឋទូទាំងប្រទេស ក៏ដូចជានៅរាជធានីភ្នំពេញ បានបោះឆ្នោត​ទុកចិត្ត​លើគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំរដ្ឋាភិបាលនីតិកាលទី៦នេះ។ ដូច្នេះហើយ អាជ្ញាធរខណ្ឌទាំង១២ និងសង្កាត់​ទាំង​១០៥ ត្រូវធ្វើយ៉ាងណាផ្តល់សេវាកម្មអោយបានល្អជូន ប្រជាពលរដ្ឋមានភាពកក់ក្តៅ រក្សាបានសន្តិសុខ សុវត្ថិភាព​សណ្តាប់ធ្នាប់​របៀប​រៀបរយសាធារណៈបានល្អ”។

នាយឧត្តសេនីយ៍ មាស វីរិទ្ធ បានបញ្ជាក់ថា បន្ទាប់ពីធ្វើការស្រាវជ្រាវរួចមក ទីតាំងខាងលើនេះ មិនត្រូវបានអាជ្ញាធរអនុញ្ញាតឲ្យបើកដំណើរការទៀតទេ ព្រោះសមត្ថកិច្ចធ្លាប់ង្ក្រាបករណីគ្រឿងញៀនម្តងរួចមកហើយ និងទើបបង្ក្រាបម្តងទៀតនៅយប់ឈានចូលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩។ ដូច្នេះអាជ្ញាធរមិនអនុញ្ញាតឲ្យទីតាំងដដែលនេះ បើកអាជីវកម្មប្រភេទនេះទៀតឡើយ គឺសម្រេចបិទតែម្តង។

សូមជម្រាបថា កម្លាំងសមត្ថកិច្ចជំនាញ (ក៨)និង(ក៣) នៃមន្ទីរប្រឆាំងគ្រឿងញៀន នៅរាត្រីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ ម៉ោង១២ និង១៥នាទី ឈានចូលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩នេះ បានបើកកិច្ចប្រតិបត្តិការ បង្ក្រាបករណីជួញដូរគ្រឿងញៀន និងផ្តល់ទីតាំងអោយជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅចំណុចខារ៉ាអូខេ PRO KTV (ក្លឹបប្រូ)​ ផ្ទះលេខ៧៥៧និង៧៥៨ ផ្លូវព្រះមុន្នីវង្ស ស្ថិតនៅក្រុម២៦ ភូមិ៧ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ក្នុងប្រតិបត្តិការ​បង្ក្រាបគ្រឿងញៀនក្នុង​ខារ៉ាអូខេ​ PRO​ KTV​ នេះ កម្លាំងបានធ្វើ​ការឃាត់ខ្លួនជនសង្ស័យ បានចំនួន ៥៨នាក់ (ស្រី២៤នាក់​) ក្នុងនោះមានជនជាតិចិន ២៩នាក់ (ស្រី៥នាក់) និងជនជាតិវៀតណាម ២៣នាក់ (ស្រី១៥នាក់) និងជនជាតិថៃ ២នាក់ (ស្រី)​និងជនជាតិខ្មែរ៣នាក់ (ស្រី២នាក់) និងជនជាតិកូរ៉េម្នាក់ (ប្រុស) រួចធ្វើតេស្តទឹកម៉ូត រកសារធាតុញៀន​ ក្នុងនោះ វិជ្ជមាន ៥២នាក់ និង អវិជ្ជមាន​៦នាក់។

ប្រភេទជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមាន ៖ ១. ឈ្មោះ 차청민 Chea Cheong Min​ ជនជាតិកូរ៉េ ជាម្ចាស់ទីតាំង​ និងជាអនុប្រធានក្រុមហ៊ុន​ ។ ២. មេការធំឈ្មោះ​ Nguyen Tuan Nah ភេទប្រុស​ ជនជាតិវៀតណាម និងមេការតូចឈ្មោះ ហ៊ត ជឿង ភេទប្រុស​ ជនជាតិខ្មែរ​ ជាអ្នកចាត់ចែង។ ចំណែកឯអ្នកប្រើប្រាស់ ចំនួន​ ៥៣នាក់ និងអ្នកកំដរ ចំនួន​ ០២នាក់។

សមត្ថកិច្ចបានចាប់យកវត្ថុតាងរួមមាន ៖  អ៊ិចស្តាស៊ីគ្រាប់ ទម្ងន់២,០៥ក្រាម និងម្សៅគេតាមីន ៦,៥៨ក្រាម និងម្សៅកាហ្វេអ៊ិចស្តាស៊ី ៩៧,០៨ ក្រាម។​ ប៉ុន្តែវត្ថុតាងខាងលើនេះ មិនទាន់មានអ្នកទទួលខុសត្រូវទេ ដោយថ្នាំទាំងនេះរាយបាយលើតុ ជ្រុះដី ខណៈពួកគេ​បដិសេធន៍​ទាំងអស់គ្នា។

បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាង បានបញ្ជូនទៅមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩។

សូមបញ្ជាក់ថា ទីតាំងខាងលើត្រូវបានសមត្ថកិច្ចបង្ក្រាបម្តងរួចមកហើយ ដោយបានឃាត់ខ្លួនមនុស្ស១៧នាក់ (ស្រី៣) ក្នុងនោះ អ្នកជួញដូរ២នាក់ និងអ្នកប្រើប្រាស់១៥នាក់ (ស្រី៣នាក់) និងបានចាប់យកវត្ថុតាងថ្នាំញៀនប្រភេទខេតាមីន ៣០គ្រាប់ និងម៉េតំហ្វេតាមីន ICE ១៨កញ្ចប់តូចទៀតផង កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨នេះ ដោយរដ្ឋបាលរាជធានីភ្នំពេញ បានចេញលិខិតលេខ ២៣២/១៨ ឆត.ច្រ ជម្រាបមកលោក Nguyen Thanh Tu ម្ចាស់អាជីវកម្មខារ៉ាអូខេឈ្មោះ PRO KTV PRO ស្ថិតនៅផ្ទះលេខ៧៨៧ មហាវិថីព្រះមុនីវង្ស សង្កាត់ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ។

កម្មវត្ថុស្ដីពី សំណើសុំអនុញ្ញាតអាជ្ញាប័ណ្ណទេសចរណ៍ប្រកបអាជីវកម្មខារ៉ាអូខេ ឈ្មោះ PRO KTV PRO ស្ថិតនៅផ្ទះលេខ៧៨៧ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ​ ។

-វិញ្ញាបនបត្រ​លេខ(NO) MOC-87003371 ចុះថ្ងៃទី២៨ ខែសីហា​ ឆ្នាំ២០១៨ របស់ក្រសួងពាណិជ្ជកម្ម

-ចំណារ ឯកឧត្តមអភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញ ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨

-កំណត់ហេតុចុះថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ របស់រដ្ឋបាលខណ្ឌចំការមន

-លិខិតចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ របស់លោក Nguyen Thanh Tu ។

តបតាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាបលោកជ្រាបថា រដ្ឋបាលរាជធានីភ្នំពេញ មិនអនុញ្ញាតចេញអាជ្ញាប័ណ្ណ ប្រកបអាជីវកម្មខារ៉ាអូខេ PRO KTV PRO ដែលមានទីតាំងនៅតាមបណ្តោយផ្លូវខាងលើជូនលោកបានទេ ពីព្រោះទីតាំងដែលសុំប្រកបអាជីវកម្មខារ៉ាអូខេនេះ ត្រូវបានផ្អាកអាជីវកម្មជាបណ្តោះអាសន្ន ដោយរដ្ឋបាលខណ្ឌចំការមន​ មូលហេតុគឺពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន​ មិនមានលិខិតអនុញ្ញាតពីស្ថាប័នពាក់ព័ន្ធ នឹងមិនបានសហការជាមួយនឹងមូលដ្ឋាន។  អាស្រ័យហេតុនេះសូមលោកជ្រាបតាមការគួរអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ អភិបាលរង​ ហួត​ ហៃ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post