
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២៖៣៨នាទីថ្ងៃត្រង់ ថ្ងៃអាទិត្យ ទី២០ ខែមករា ឆ្នាំ២០១៩ នៅត្រង់ចំណុចផ្លូវបំបែកជាបួន កែងផ្លូវលេខ២១០ ប្រសព្វផ្លូវលេខ១០៨ (សួនច្បារប្រគុំតន្ត្រីមាត់ទន្លេ) ស្ថិតក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
អធិការនគរបាលក្រុងតាខ្មៅ លោកវរសេនីយ៍ឯក ស កែវពិសិដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តមួយគ្រឿង ម៉ាក LEXUS RX330 ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2AX-7370 បើកបរដោយឈ្មោះ ឈុន ចាន់តារា ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ រួមដំណើរជាមួយភរិយា និងកូនតូច បើកបរក្នុងទិសដៅពីលិចទៅកើត។ លុះដល់ចំណុចផ្លូវប្រសព្វខាងលើ ស្រាប់តែត្រូវរថយន្តក្រឡុកស៊ីម៉ងត៍ មួយគ្រឿង ម៉ាកFUSO ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 5A-1615 បើកបរដោយឈ្មោះ វុធ ពុធលឿង ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិស្ពឺខាងលិច ឃុំស្ពឺ(ក) ស្រុកបាភ្នំ ខេត្តព្រៃវែង បើកបរក្នុងទិសដៅពីត្បូងទៅជើង បុកចំចំហៀងផ្នែកខាងក្រោយ បណ្តាលឱ្យជ្រុលចង្កូតទៅបុកទម្លុះចូលក្នុងហាងលក់សម្លៀកបំពាក់ យីហោ មាយស្ត័រ (My Store) ដែលមានម្ចាស់ឈ្មោះ តាំង រីតា ភេទស្រី អាយុ២៥ឆ្នាំ មានទីលំនៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ បណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិមួយចំនួន ប៉ុន្តែមិនបណ្តាលឱ្យនរណាម្នាក់រងរបួសនោះទេ។
ក្រោយពីធ្វើការវាស់វែង ជំនាញបានឱ្យដឹងថា គ្រោះថ្នាក់នេះបណ្តាលមកពីភាគីរថយន្តLEXUS បើកបរមិនគោរពសិទ្ធិអាទិភាព ហើយរថយន្តទាំងពីរគ្រឿង ត្រូវបានអូសនិងស្ទូចយកទៅរក្សាទុកបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមច្បាប់នៅពេលក្រោយ៕











