header ads

Sponsor

ភ្នំពេញៈ បុរសម្នាក់ រងរបួសធ្ងន់​ ត្រូវបាន​ដឹកបញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ​តែជាអកុសលដោយរបួសធ្ងន់ធ្ងរពេក ជនរងគ្រោះបានដាច់ខ្យល់ស្លាប់នៅក្នុងមន្ទីរពេទ្យ ក្រោយពីជនសង្ស័យមួយក្រុមមាន​គ្នា៥នាក់ ប្រដាប់ដោយដែកបួនជ្រុង ដែកបំពង់ទីប និងដំបងឈើម្នាក់មួយដើមមកសំពង ជនរងគ្រោះ​យ៉ាងចាស់ដៃ។

ហេតុការណ៍នេះ បានបង្កឡើងកាលពីវេលាម៉ោង៨យប់​ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចក្រុម៧ ផ្លូវបេតុង ក្នុង​ភូមិឡកំបោរ ខណ្ឌឬស្សីកែវ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ខុន ឃីម ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅក្រុម៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក រងរបួសបែកក្បាលធ្ងន់ធ្ងរ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត (ដោយគ្មានសង្ឃឹមនៅវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ បានបាត់បង់ជីវិត)។

បើតាមសមត្ថកិច្ច បានឲ្យដឹងថា ករណីនេះ ដំបូងឡើយ កើ​តចេញពីការទំនាស់ពាក្យសំដីគ្នា បង្កដោយជនបង្កមានគ្នា៥នាក់ ក្នុងវេលាម៉ោង៧យប់ថ្ងៃកើតហេតុ​ បានប្រមូលលុយគ្នាទិញស្រាបៀរផឹក ដោយឲ្យ​ឈ្មោះ គឹម ហួន ជាអ្នកទៅទិញ ពេលនោះអ្នកទៅទិញ ក៏បានទាស់សំដីជាមួយជនរងគ្រោះនៅកន្លែងទិញស្រា ក្រោយពីប្រកែកគ្នាហើយ ឈ្មោះ គឹម ហួន បានត្រឡប់មកកន្លែងវិញ ហើ​យរៀបរាប់ប្រាប់បក្ខពួក​ឲ្យ​ដឹង រួចក៏នាំគា្នទាំង៥នាក់ ទៅរកជនរងគ្រោះវិញ ដោយប្រដាប់ដោយដែកបួនជ្រុង ដែកបំពង់ទីប និងដំបងឈើម្នាក់មួយដើម លុះពេលទៅដល់នៅកន្លែងកើតហេតុខាងលើ ក៏បាននាំគ្នាវាយជនរងគ្រោះ ហើ​យជនរងគ្រោះក៏បានតដៃមកវិញដែរ ទើ​បជនបង្កទាំង៥នាក់នោះ ព្រួតវាយជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ដេកស្ដូកស្ដឹងក្នុងថ្លុកឈាមតែម្ដង ហើ​យនាំគ្នារត់បាត់ស្រមោល ក្រោយមកជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត។

ក្រោយប្រើហិង្សា សមត្ថកិច្ចក៏បានធ្វើ​ការស្រាវជ្រាវរហូតឈានទៅឃាត់ខ្លួនភាគីបង្កចំនួន៥នាក់​នោះ ទី១ឈ្មោះ គឹម ហួន ភេទប្រុស អាយុ៣០ឆ្នាំ ។ ទី២ឈ្មោះ ចេវ ដារា ហៅឡុង ភេទប្រុស អាយុ៣៤ឆ្នាំ។ ទី៣ ឈ្មោះ ខាន់ សុខុន ភេទប្រុស អាយុ២៩ឆ្នាំ។ ទី៤ ឈ្មោះ ភ័ណ្ឌ តុល ភេទប្រុស អាយុ២០ឆ្នាំ ។ ទី៥ ឈ្មោះ ស្រ៊ី  វាសនា ហៅពៅ ភេទប្រុស អាយុ១៩ឆ្នាំ ទាំងអស់គ្នាជាជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់ ក្នុងក្រុម៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។

បច្ចុប្បន្នជនសង្ស័យខាងលើកំពុងត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីសាកសួរ និងកសាងសំណុំរឿងអនុវត្តន៍ទៅតាមនីតិវិធី។ ចំណែកសព ត្រូវបានក្រុមគ្រួសារ ដឹកយកទៅទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post