
ភ្នំពេញៈ រថយន្តឡិចស៊ីស RX330 មួយគ្រឿង ត្រូវបានជនមិនស្គាល់មុខ បើកយកទៅឈប់ចតទុកចោលតាមផ្លូវ អស់រយៈពេល៣ថ្ងៃមកហើយ ប្រកាសស្វែងរកម្ចាស់មិនឃើញមកយកចេញវិញ ប្រជាពលរដ្ឋក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅពិនិត្យ រួចស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវសហព័ន្ធរុស្ស៊ី មុខព្រលានយន្តហោះ ភូមិក្បាលដំរី១ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ។
រថយន្តត្រូវបានប្រទះឃើញចតផ្លុងចោល ម៉ាក ឡិចស៊ីស RX-330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2C-8797 មិនស្គាល់ម្ចាស់។
តាមអ្នកលក់ដូរ ក៏ដូចជាសន្តិសុខយាមក្បែរទីនោះ បានឲ្យដឹងថា រថយន្តខាងលើ ត្រូវបានប្រទះឃើញចតទុកចោល តាំងពីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩មកម្លេះ អស់រយៈពេល៣ថ្ងៃហើយ សាកសួររកម្ចាស់ពុំឃើញ ដោយខ្លាចជាប់ពាក់ព័ន្ធនឹងរឿងបទល្មើសផ្សេងៗ ទើបរាយការណ៍ប្រាប់សមត្ថកិច្ច មកស្ទូចលើកយកទៅរក្សាទុក បន្តស្រាវជ្រាវរកម្ចាស់នៅព្រឹកថ្ងៃទី៣០ ខែមករានេះ។
តាមប្រជាពលរដ្ឋបានលើកឡើងថា កន្លងមក រថយន្តចតទុកចោលបែបនេះ ច្រើនតែជនបរទេស បើកមកចតទុកចោលតាមផ្លូវហើយគាត់ឡើងយន្តហោះទៅបាត់។
រថយន្តឡិចស៊ីសមួគ្រឿងខាងលើ ត្រូវបានសមត្ថកិច្ចចុះទៅត្រួតពិនិត្យ រួចស្ទូចលើកយកទៅរក្សាទុកនៅផ្នែកជំនាញ អធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ដើម្បីបន្តធ្វើការស្រាវជ្រាវស្វែងរកម្ចាស់៕