header ads

Sponsor

ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍អាស៊ី ដែលហៅកាត់ថា ADB និងដៃគូអភិវឌ្ឍន៍មួយចំនួនទៀត បានផ្តល់ជំនួយហិរញ្ញប្បទានចំនួន៧៦លានដុល្លារអាមេរិក គាំទ្រដល់ការអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា ដើម្បីបង្កើនជីវភាពកសិករ និងចំណូលជាតិ។

លោក Takeshi Ueda ប្រធានក្រុមការងារគម្រោងនៃធនាគារអភិវឌ្ឍន៍អាស៊ី បានឱ្យដឹងថា ការផ្តល់​ជំនួយហិរញ្ញប្បទាននេះ ផ្តោតជាសំខាន់ក្នុងការបំពេញខ្សែសង្វាក់តម្លៃផលិតកម្ម និងកសិផល ដើម្បីបង្កើនតម្លៃបន្ថែមដល់ផលិតផលកសិកម្ម កាត់បន្ថយឈ្មួញកណ្តាល ពង្រីកនិងពង្រឹងវិស័យកែច្នៃ វេចខ្ចប់ ឃ្លាំងស្តុក ការរក្សាទុកដាក់ក្នុងបន្ទប់ត្រជាក់ ការដឹកជញ្ជូនប្រកបដោយជំនាញបច្ចេកទេស និងការធានាគុណភាព សុវត្ថិ​ភាព អនាម័យ និងភូតគាមអនាម័យ ជាពិសេសកាត់បន្ថយការនាំចេញវត្ថុធាតុដើម។ ជាមួយគ្នានេះ មានការកសាងមន្ទីរពិសោធន៍ និងការផលិតពូជព្រមទាំងការកសាងផ្លូវ ដើម្បីសម្រួលដល់ការដឹកជញ្ជូនកសិផល ។

គម្រោងនេះ បានផ្តល់អាទិភាពទៅលើដំណាំកសិឧស្សាហកម្មមានដូចជាស្វាយចន្ទី ដំឡូងមី ស្វាយ បន្លែ និងផលិតកម្មចិញ្ចឹមមាន់។

គួរបញ្ជាក់ថា គម្រោងនេះ នឹងអនុវត្តលើខេត្តចំនួន៦ គឺខេត្តត្បូងឃ្មុំ ព្រះវិហារ កំពង់ចាម កំពង់ធំ សៀមរាប និង ខេត្តឧត្តមានជ័យ ដោយចាប់ផ្តើមពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៧។

រដ្ឋមន្ត្រីក្រសួងកសិកម្ម កាលពីថ្ងៃទី២១ ខែកុម្ភៈ ក៏ស្នើឲ្យADB ជួយគិតគូដំណាំពោតដាក់ចូលក្នុងផែនការគម្រោងផងដែរ ព្រោះដំណាំនេះកំពុងតែមានសក្កានុពលខ្លាំង ទាំងទីផ្សារក្នុងស្រុក និងបរទេស៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post