
ភ្នំពេញៈ មនុស្សមួយគ្រួសារ៤នាក់ (ឪពុកម្ដាយ និងកូនប្រុសស្រី២នាក់ទៀត) កំពុងគេងលង់លក់ក្នុងដំណេក ដកដង្ហើមធុំក្លិនផ្សែង ក៏ភ្ញាក់ដឹងខ្លួនស្ទុះឡើង ស្រាប់តែឃើញភ្លើងកំពុងឆេះផ្ទះ ក៏នាំគ្នារត់ចេញក្រៅ តែរត់មិនរួច ព្រោះភ្លើងឆេះខ្លាំងនៅមាត់ច្រកខាងមុខ ហើយរត់ទៅបើកទ្វារក្រោយ បានហើយទៅណាមិនទាន់បានទៀត ទើបស្រែកហៅអ្នកជិតខាងឲ្យបើកទ្វារ ផ្អើលឆោឡោឡើងដល់អ្នកជិតខាង នាំគ្នាចេញមកជួយទាញទុយោបាញ់ទឹកពន្លត់ភ្លើង។
ហេតុការណ៍អគ្គិភ័យនេះ ឆាបឆេះឡើងកាលពីនៅវេលាម៉ោង១២៖៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅចំណុចផ្លូវបេតុង នៅផ្ទះល្វែងកម្ពស់៣ជាន់ លេខ២០ ស្ថិតនៅក្នុងភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ម្ចាស់ផ្ទះឈ្មោះ វ៉ាន់ សុផាវត្តី ភេទស្រី អាយុ៤៧ឆ្នាំ មុខរបរលក់ស្បែកជើង ស្នាក់នៅចំណុចខាងលើ។
ប្រភពពីស្ត្រីរងគ្រោះជាម្ចាស់ផ្ទះ បានរៀបរាប់ប្រាប់ភ្នាក់ងារខេមប៉ុស្តិ៍ថា ផ្ទះរបស់គាត់ទើបនិងធ្វើបន្ថែម និងមានមនុស្ស៤នាក់ ឪពុកម្ដាយនិងកូនប្រុសស្រី២នាក់ទៀត ហើយនៅមុនពេលកើត ពួកគាត់កំពុងគេងលក់ក្នុងដំណេក លុះពេលដកដង្ហើមធុំក្លិនផ្សែងខ្លាំងពេក ទើបភ្ញាក់ដឹងខ្លួនឡើងមក ស្រាប់តែឃើញភ្លើងកំពុងឆេះផ្ទះ ហើយក៏នាំរត់ចេញក្រៅ តែចេញមិនរួចព្រោះអណ្ដាតភ្លើងកំពុងឆេះខ្លាំងចេញពីខាងក្រោយទូទឹកកក ជាប់មាត់ច្រកទ្វារខាងមុខ និងម៉ូតូ២គ្រឿង ដាក់អែបនៅជាប់រថយន្ត CAMRY មួយគ្រឿងទៀត នៅក្នុងផ្ទះជាន់ក្រោម ទើបនាំគ្នារត់ចេញទៅបើកទ្វារក្រោយ។
ស្ត្រីខាងលើបន្តថា បន្ទាប់ពីបើកទ្វារខាងក្រោយបានហើយ ពួកគាត់នៅមិនទាន់ចេញទៅណាឡើយ ព្រោះនៅជាប់ទ្វារផ្ទះអ្នកជិតខាង ទើបគាត់នាំគ្នាស្រែកហៅអ្នកជិតខាងឲ្យមកបើកទ្វារបានទាន់ពេល ទើបគាត់បានចេញមកតាមផ្ទះអ្នកជិតខាង និងស្រែកឆោឡោឡើងផ្អើលដល់អ្នកជិតខាងដទៃទៀត នាំគ្នាចេញមកជួយទាញទុយោបាញ់ទឹកពន្លត់ភ្លើងមិនអោយឆេះរាលដាលបន្តឡើយ និងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះមកកន្លែងកើតហេតុ ហៅរថយន្តពន្លត់អគ្គិភ័យ២គ្រឿង ចេញអន្តរាគមន៍បាញ់ពន្លត់ទាំងស្រុងផងដែរ។
ចំពោះសម្ភារៈដែលខូចខាតរួមមាន ៖ រថយន្តម៉ាកបាឡែន ១គ្រឿង ម៉ូតូ២គ្រឿង ទូទឹកកក១គ្រឿង និងសម្ភារៈក្នុងផ្ទះអស់ជាច្រើនទៀត។ ចំពោះមូលហេតុ ម្ចាស់ផ្ទះថា មកពីឆ្លងចរន្តអគ្គិសនីទូទឹកកក៕




















