header ads

Sponsor

សៀមរាបៈ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែង ការសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារអនុស្សាវរីយ៍ទីបញ្ជាការរណសិរ្ស៤៧៩ កងទ័ពស្ម័គ្រចិត្តវៀតណាមនៅកម្ពុជា គឺជាព្រឹត្តិការណ៍មួយដ៏មានអត្ថន័យ ជ្រាលជ្រៅបំផុត ដើម្បីជាការរំឭកដឹងគុណចំពោះគុណូបការៈដ៏ឧត្តុង្គឧត្តម និងពលិកម្ម ដ៏ធំធេងរបស់វីរកម្មាភិបាល យុទ្ធជន យុទ្ធនារី នៃរណសិរ្ស៤៧៩ ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ក្នុងការប្រយុទ្ធការពារជាតិ និងប្រជាជនកម្ពុជាឲ្យរស់ឡើងវិញក្នុងសេចក្តីសុខសាន្ត ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ថ្លែងបែបនេះ​កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារអនុស្សាវរីយ៍ទីបញ្ជាការរណសិរ្ស៤៧៩ កងទ័ពស្ម័គ្រចិត្តវៀតណាមនៅកម្ពុជា ក្នុងខេត្តសៀមរាប ។

លោកបានបន្តថា ទោះបីពេលវេលាបានកន្លងផុតទៅជាច្រើនទសវត្សរ៍ហើយក៏ដោយ ក៏យើងទាំងអស់គ្នានៅតែចងចាំជានិច្ចនូវមហាសោកនាដកម្ម ដែលបណ្តាលមកពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍របស់ពួកឃាតកអាវខ្មៅ ដែលបានធ្វើឲ្យកម្ពុជាក្លាយជាវាលពិឃាដពោរពេញដោយឈាម និងទឹកភ្នែករបស់ប្រជាជន ។ ប្រជាជនកម្ពុជារាប់លាននាក់ ត្រូវបានសម្លាប់រង្គាលយ៉ាងអាណោចអាធ័ម ព្រមជាមួយនោះ រចនាសម្ព័ន្ធសង្គមជាតិទាំងមូលត្រូវបំផ្លាញខ្ទេចខ្ទីដល់ឫសគល់ ។ ស្ថិតក្នុងកាលៈទេសៈនៃមហន្តរាយនេះ កម្លាំងអ្នកសេ្នហាជាតិ ដែលនៅសល់ពីការកាប់សម្លាប់នៃរបប ប៉ុល ពត បានក្រោកឈរតស៊ូប្រកបដោយវីរភាព ប្រឆាំងតបតនឹងរបបនេះ ហើយបានរួមគ្នាបង្កើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា នៅថ្ងៃ ២ ធ្នូ ឆ្នាំ ១៩៧៨ ដើម្បីដឹកនាំប្រជាជនធ្វើការតស៊ូរំដោះប្រទេសជាតិពីរបបដ៏កាចសាហាវនេះ ។ កងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលមានការគាំទ្រពីប្រជាជនកម្ពុជានៅទូទាំងប្រទេស និងទទួលបានការជួយឧបត្ថម្ភដ៏ធំធេង ទាន់ពេលវេលា និងមានប្រសិទ្ធភាពពីសំណាក់កងទ័ពស្ម័គ្រចិត្តវៀតណាម ក៏ដូចជាពីកម្លាំងស្នេហាសន្តិភាព និងយុត្តិធម៌នានានៅលើពិភព-លោក បានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ទទួលបានជ័យជម្នះដ៏ត្រចះត្រចង់ នៅថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ។

លោកថា ជ័យជម្នះ ៧ មករា បានសង្រ្គោះអាយុជីវិតប្រជាជនដែលនៅសេសសល់ពីការកាប់សម្លាប់បានទាន់ពេលវេលា បាននាំមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាពគ្រប់យ៉ាង និងបានធ្វើឲ្យជាតិទាំងមូលរស់ឡើងវិញ ។ ក្រោយថ្ងៃរំដោះ ស្ថានភាពសន្តិសុខជាតិត្រូវបន្តប្រឈមនឹងការគំរាមកំហែងនៃការប៉ុនប៉ងវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ ដែលនេះជាដំណាក់កាលមួយទៀតដ៏សែនលំបាកជាទីបំផុត ដែលដៃម្ខាងខិតខំស្តារសេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅរបស់ប្រជាជនឡើងវិញពីលេខសូន្យ និងពីបាតដៃទទេ ហើយដៃម្ខាងទៀតត្រូវប្រយុទ្ធទប់ស្កាត់មិនឲ្យរបប ប៉ុល ពត វិលមកវិញបាន ។ ប្រសិនបើពេលនោះយើងមិនអាចរាំងស្កាត់បាននូវការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ទេនោះ យើងពិតជាពុំអាចមានជីវិត និងមានអ្វីៗមកដល់ថ្ងៃនេះបានឡើយ ។ ដូច្នេះការជួបជុំនាថ្ងៃនេះ រួមជាមួយនឹងការសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារអនុស្សាវរីយ៍ទីបញ្ជាការរណសិរ្ស៤៧៩ កងទ័ពស្ម័គ្រចិត្តវៀតណាមនៅកម្ពុជា គឺជាព្រឹត្តិការណ៍មួយដ៏មានអត្ថន័យដ៏ជ្រាលជ្រៅបំផុត ដើម្បីជាការរំឭកដឹងគុណចំពោះគុណូបការៈដ៏ឧត្តុង្គឧត្តម និងពលិកម្មដ៏ធំធេងរបស់វីរកម្មាភិបាល យុទ្ធជន យុទ្ធនារី នៃរណសិរ្ស៤៧៩ ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ក្នុងការប្រយុទ្ធការពារជាតិ និងប្រជាជនកម្ពុជាឲ្យរស់ឡើងវិញក្នុងសេចក្តីសុខសាន្ត ។

លោកហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះបញ្ជាការដ្ឋានយោធភូមិភាគទី៧ នៃកងទ័ពប្រជាជន វៀតណាម ដែលបានជួយឧបត្ថម្ភថវិកាក្នុងការជួសជុលឡើងវិញនូវសំណង់ជាប្រវត្តិសាស្ត្រទាំងអស់នេះ ដែលជាការចូលរួមប្រកបដោយអត្ថន័យ និងមនោសញ្ចេតនាស្មោះស្ម័គ្រជាមួយប្រជាជន និងកងទ័ពកម្ពុជា ដើម្បីរំឭកឡើងវិញនូវអនុស្សាវរីយ៍នៃវីរភាពដ៏អង់អាចក្លាហាន និងពលិកម្មដ៏ធំធេង ក្នុងបុព្វហេតុនៃការរស់រានមានជីវិតឡើងវិញរបស់ជាតិ និងប្រជាជនកម្ពុជា ។

លោកថា ស្នាដៃដ៏ធំធេងនេះ ត្រូវបានកត់ត្រាទុកជារៀងរហូតនៅក្នុងការចងចាំរបស់ប្រជាជនកម្ពុជាគ្រប់ៗរូប គ្រប់ៗជំនាន់ ដែលស្រឡាញ់សន្តិភាព សេរីភាព និងយុត្តិធម៌ ។ ទន្ទឹមនឹងនេះ ខ្ញុំក៏សូមអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការល្អ និងស្មារតីជួយគ្នាទៅវិញទៅមក រវាងបញ្ជាការដ្ឋានយោធភូមិភាគទី៤ នៃកងយោធពលខេមរភូមិន្ទ និងបញ្ជាការដ្ឋានយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម តាំងពីដើមរៀងមក ដែលជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឲ្យទំនាក់ទំនងមិត្តភាពជាប្រពៃណីនៃកងទ័ព និងប្រជាជនទាំងពីរកាន់តែជិតស្និទ្ធ រឹងមាំ ប្រកបដោយការយោគយល់ និងការជឿទុកចិត្តគ្នា៕

ផ្ដល់សិទ្ធិដោយ៖ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post