
កំពង់ស្ពឺៈ អគ្គិភ័យមួយ បានឆាបឆេះរថយន្ដដឹកប្រេងឥន្ធនៈសូគីមិចមួយគ្រឿង បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ តែត្រូវបានកងកម្លាំងនគរបាលចេញប្រតិបត្ដិការគ្រប់គ្រងស្ថានការពន្លត់បានទាន់ពេលវេលា។
អគ្គិភ័យនេះ បានកើតឡើងនៅវេលាម៉ោង១៖៥៧នាទីរសៀលថៃ្ងព្រហស្បតិ៍ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចស្ថានីយប្រេងឥន្ទនៈសូគីម៉ិច លឹម ឈុនទ្រី ផ្លូវជាតិលេខ៤ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ម្ចាស់ស្ថានីយឈ្មោះ លឹម ឈុនទ្រី បញ្ជាក់ថា ស្ថានីយគាត់ ធ្លាប់ត្រូវបានអគ្គិភ័យឆាបឆេះកើតឡើងកាលពីឆ្នាំទៅមួយម្ដងរួចមកហើយ ដោយសារតែជាងផ្សាដែកធ្វើសកម្មភាពប្រក់ដំបូលផ្សារដែកខ្ទាតផ្កាភ្លើងទៅប៉ះជាមួយប្រេងហូរហៀ នៅលើឥដ្ឋ បណ្ដាលឲ្យឆេះតែម្ដង។
ម្ចាស់ស្ថានីយ បន្តថា លើកនេះ គឺបណ្ដាលមកពីរថយន្ដដឹកប្រេងខ្នាតតូច (ដឹកតាមប៊ីដុង)បង្កឲ្យហៀប្រេងចេញក្រៅប៉ះជាមួយកំដៅម៉ាស៊ីន ក៏កើតមានការឆាបឆេះទៅជាអគ្គិភ័យតែម្ដង។
តាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ត្រី អ៊ុម ប៊ុនធឿន ស្នងការរង បានឲ្យដឹងថា ក្នុងហេតុការណ៍គ្រោះថ្នាក់ឆេះឡានដឹកប្រេងនេះ រថយន្តអគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចេញជួយអន្ដរាគមន៍ចំនួន៣គ្រឿង និងរថយន្ដរបស់ម្ចាស់ស្ថានីយចំនួន២គ្រឿង ប្រើទឹក និងទឹកសាប៊ូ អស់ចំនួន ១០ឡាន ទើបអាចគ្រប់គ្រងស្ថានការបានទាំងស្រុង៕










