header ads

Sponsor

ភ្នំពេញៈ យ៉ាងហោចណាស់មនុស្ស៤នាក់ បានរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ក្រោយពីជាប់ក្នុងអគារមានគ្រោះអគ្គិ​ភ័យឆាបឆេះ សាកលវិទ្យាល័យខេមរៈ​យ៉ាងសន្ធរសន្ធៅ​ កាលពីវេលាម៉ោង១៖២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃសុក្រ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ១៩៨៦ ក្នុងសកលវិទ្យាល័យខេមរៈ សង្កាត់ភ្នំពេញថ្មី​ ខណ្ឌ​សែនសុខ​ រាជធានី​ភ្នំពេញ​។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា មុន​ពេលកើតហេតុ គេសង្កេតឃើញមានផ្សែងហុយចេញពីអគារសាកលវិទ្យាល័យខាងលើ ហើយក្រឡែកមើលខាងក្រោយ ស្រាប់តែមានអណ្ដាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅតែម្ដង រួចពួកគាត់ក៏ទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាន និងកម្លាំងអន្តរាគមន៍ពន្លត់អគ្គិ​ភ័យមកជួយពន្លត់ ។

ក្នុងគ្រាដែលមានហេតុការណ៍អគ្គិ​ភ័យខាងលើ​ ក៏មានមនុស្ស៤នាក់ ដែលស្នាក់នៅក្នុងសាលាបានជាប់នៅខាងក្នុង ដោយម្នាក់ៗមានភាពភ័យខ្លាច ក៏បានលោតពីលើអគារតែម្ដង បណ្ដាលឲ្យរបួសធ្ងន់ ស្រ្តី៤នាក់ ត្រូវបានក្រុមការងារសង្គ្រោះបន្ទាន់ដឹកតាម រថយន្តសាមុយបញ្ជូ​នទៅមន្ទីរពេទ្យភ្លាមៗ។

ក្នុងករណីអគ្គិភ័យខាងលើនេះដែរ មានខាងកម្លាំងសមត្ថកិច្ចមូលដ្ឋាន កម្លាំងកងរាជអាវុធហត្ថ កម្លាំងអន្តរាគមន៍ពន្លត់អគ្គិភ័យ និងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ បានជួយអន្តរាគមន៍បាញ់ពន្លត់ ដោយមានរថយន្តពន្លត់អគ្គិ​ភ័យជាង២០គ្រឿងបានមកដល់ តែប្រើទឹកអស់៧ឡានតែប៉ុណ្ណោះ ក៏រលត់ទៅវិញជាស្ថាពរ ក្នុងរយៈពេលមួយម៉ោង ។

សម្ភារៈ ដែលរងការខូចខាតរួមមាន ៖ ម៉ាស៊ី​នព្រីមមួយ និងម៉ូតូ២គ្រឿង ហើយចំពោះមូលហេតុ សមត្ថកិច្ច បានប្រាប់ឲ្យដឹងថា បណ្ដាលមកពីឆ្លងចរន្តអគ្គីសនី ។

សូមបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានសំណូមពរដល់អគ្គស្នងការនគរបាលជាតិ មេត្តាពង្រឹងផ្នែកអគ្គិ​ភ័យ ពេលណាមានអគ្គិ​ភ័យនៅជាន់ទី១ ទី២ ឬជាន់ខ្ពស់និង សូមមេត្តាយកឡានដែលមានជណ្តើរមកមុន ដើម្បីបង្ការ នឹងជួយសង្រ្គោះអាយុជីវិតមនុស្ស សំខាន់ជាងអ្វីៗទាំងអស់ ដូចករណីអគ្គិភ័យខាងលើជាដើម៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post