header ads

Sponsor

ភ្នំពេញៈ អ្នកគ្រូប្រចាំថ្នាក់ទី២ក សាលាបឋមសិក្សាច្រាំងចំរេះ ត្រូវម្តាយកូនសិស្ស​ធ្វើដំណើរទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ច្រាំងចំរេះទី២ កាលពីរសៀលថ្ងៃទី២១ ខែកុម្ភៈ បន្ទាប់ពីប្រើហិង្សាដោយយកដៃកក់សិស្សពីក្រោយ បណ្តាលឲ្យ​ជាំទាំងដុំ។

អ្នកគ្រូដែលត្រូវអាណាព្យាបាលសិស្សប្តឹងនោះ ឈ្មោះ ផ្លុង គឹមហេង ជាប្រពន្ធនាយកសាលាបឋមសិក្សាច្រាំងចំរេះ និងជាគ្រូប្រចាំថ្នាក់ទី២ក។ ចំណែកម្តាយក្មេង​ ដែលប្តឹងនោះឈ្មោះ ម៉ៅ សុភារម្យ អាយុ៣៦ឆ្នាំ។ រីឯកូនសិស្សឈ្មោះ បូ រិទ្ធសុវណ្ណដាលិន ភេទស្រី អាយុ៧ឆ្នាំ។

តាមម្តាយក្មេងស្រី បានអោយដឹងថា អ្នកគ្រូប្រចាំថ្នាក់រូបនោះ បានប្រើហិ​ង្សាមកលើកូនស្រីរបស់គាត់ជាច្រើនដងមកហើយ។ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ នៅពេលកូនស្រីត្រឡប់មកពីរៀនដោះអាវឃើញជាំខ្នង ក៏​បានសួរនាំដឹងថា អ្នកគ្រូប្រចាំថ្នាក់ប្រើហិង្សា ក៏​នាំកូនមកប្តឹងតែម្តង។

អាណាព្យាបាលរូបនោះ ក៏​បានចាត់ទុកថា ការប្រើហិ​ង្សានេះ ជាអំពើឃោរឃៅ និងមានចរិតព្រៃផ្សៃពីសំណាក់គ្រូបង្រៀន ដែលមានតួនាទីអប់រំណែនាំ មិនត្រូវប្រើអំពើហិ​ង្សាលើកុមារដែលជាសិស្សនោះទេ។ ទោះបីជាយ៉ាងណាមានមតិខ្លះថា ការវាយប្រៀនប្រដៅគោលបំណងដើម្បីអោយក្មេងចេះ តែវាជ្រុលដៃ។

តាមលោកនាយប៉ុស្តិ៍ច្រាំងចំរេះទី២ បានអោយដឹងថា នៅព្រឹកនោះនៅពេលអ្នកគ្រូហៅសិស្សឡើងក្តាខៀនធ្វើលេខគុណអត់ចេះ ក៏​បានវាយខ្នងមួយដៃជ្រុល បណ្តាលឲ្យ​ជាំតែម្តង។

កន្លងមកក្មេងនោះរពិល ត្រូវអ្នកគ្រូប្រចាំថ្នាក់វាយ​ជាច្រើនលើក នឹងបន្ទាត់តែលើកនេះវាយ​នឹង​ដៃ ទើបបណ្តាលឲ្យ​ជាំ។

បន្ទាប់ពីម្តាយដាក់ពាក្យបណ្តឹង នៅវេលារសៀលនោះ នគរបាលក៏បានហៅអ្នកគ្រូ ព្រមទាំងនាយកសាលា ដែលជាប្តីមកសាកសួរ ព្រមទាំងធ្វើការសម្របសម្រួលគ្នា ដោយអ្នកគ្រូនិងលោកនាយក ក៏​បានសុំទោស ហើយនគរបាលធ្វើកិច្ចសន្យាអប់រំឈប់ប្រើហិ​ង្សារួចឲ្យ​ត្រឡប់ទៅវិញ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post