header ads

Sponsor

បន្ទាយមានជ័យៈ លោក ខឹម ចិត្រា មេប៉ុស្តិ៍​នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដែលទើបប្រកាសថ្មី ត្រូវបានគេចោទប្រកាន់ថា បាននឹងកំពុងបង្កើតក្រុមបក្ខពួ​កប្រព្រឹត្តអំពើពុករលួយ ទារលុយលើសកំណត់ពីបងប្អូនប្រជាពលរដ្ឋ ដែលចូលទៅធ្វើឯកសារបែបបទ លិខិតស្នាមផ្សេងៗ។ ការកំណត់ទារលុយលើសក្នុងរាល់ឯកសារនោះ គឺត្រូវបានគេរាយការណ៍ថា ធ្វើឡើងដោយមន្ត្រីខិលខូច និងឆ្លៀតឱកាសរបស់លោក ខឹម ចិត្រា នេះតែម្តង។

ជួបជាមួយអ្នកយកព័ត៌មានជុំវិញការចោទប្រកាន់នេះ លោក ខឹម ចិត្រា មេប៉ុស្តិ៍​នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដែលទើបប្រកាសថ្មីមិនទាន់បានមួយខែ បាននិយាយថា លោកនៅមិនទាន់បានរឹតបន្តឹងលើការងារបច្ចេកទេសជំនាញនៅឡើយទេ ដោយលោករក្សាតាមលំនាំដើម ដែលមេមុនបានរៀបចំ។ មួយវិញទៀតលោកទើបតែមកកាន់ថ្មីមានការងារជាច្រើន ដែលលោកត្រូវបំពេញដូចជាការប្រជុំនៅភ្នំពេញ ជាមួយភាគីថៃ ដើម្បីសម្រួល​យកពលករខុសច្បាប់ ដែលកំពុងជាប់ឃុំនៅថៃមកវិញ ដើម្បីកុំអោយថៃដាក់ពន្ធនាគារ និងការងារទំនាក់ទំនង ជាមួយអាជ្ញាធរមូលដ្ឋាន ការងារសង្គម និងសំអាតបរិស្ថាន ពង្រឹងវិន័យក្នុងអង្គភាពជាដើម។

ហើយជាក់ស្ដែងលោក ក៏បានរៀបចំការជួបជុំកងកម្លាំង និងគោរពទង់ជាតិជាប្រចាំរាល់ថ្ងៃចន្ទ និងចូលរួមសំអាតអនាម័​យពីគល់ស្ពានកម្ពុជា-ថៃ មករង្វង់មូលជាមួយលោក សាន ស៊ានហូ អភិបាលក្រុង ដើម្បីលើកកម្ពស់អនាម័យបរិស្ថានសម្រាប់ភ្ញៀវ។

លោក ខឹម ចិត្រា ក៏លើកឡើងផងដែរថា លោកបាននិងកំពុងរៀបចំកែសម្រួល​ជួសជុល កន្លែងវាយប៉ាស្ព័រ ចេញ-ចូល និងបំពាក់រថយន្ដ សឺរ៉ែនចំនួន៣គ្រឿង ដោយបំពាក់ សំភារៈ អន្តរាគន៍ចំនួន២០ឈុតផងដែរ។

លោកបញ្ជាក់ថា ចំពោះការលើកឡើងពីការខិលខូចរបស់មន្ត្រីលោកទទួលស្គាល់ថា នឹងអាចមាន តែលោកសន្យាវែកមុខរកអោយឃើញមន្ត្រីខិលខូចទាំងនោះយកមកដាក់ពិន័យតាមគោលការណ៍ច្បាប់មន្ត្រីនគរបាលជាតិ ដោយមិនលើកលែងបុគ្គលណាម្នាក់ឡើយ នឹង​ក៏មិនអោយកើតមានឡើងវិញនូវករណីទារលុយលើសពីគោលការណ៍ច្បាប់នេះដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post