header ads

Sponsor

ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញ បានស្នើឲ្យម្ចាស់រោងចក្រ សហគ្រាស និងយានដ្ឋានជួសជុលរថយន្តធុនធំនៅក្នុងតំបន់ទីប្រជុំជន ក្នុងរាជធានីភ្នំពេញទាំងអស់ ត្រូវផ្លាស់ប្ដូរទីតាំងអាជីវកម្មរបស់ខ្លួន ទៅនៅលើបណ្ដោយផ្លូវខ្សែក្រវាត់ក្រុងទី៣ ខណៈដែលកំណាត់ផ្លូវនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បាន និងកំពុងស្ថាបនា ដែលគ្រោងនឹងសាងសង់រួចរាល់ នៅឆ្នាំ២០២១ខាងមុខនេះ ហើយក្រោយពេលផ្លូវខ្សែក្រវាត់ក្រុងទី៣នេះ សាងសង់រួចរាល់ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការហាមឃាត់រថយន្តធុនធំគ្រប់ប្រភេទទាំងអស់ មិនអនុញ្ញាតឲ្យធ្វើចរាចរចូលរាជធានីភ្នំពេញទៀតឡើយ។

នេះបើតាមសេចក្តីជូនដំណឹង ស្ដីពីផែនការរៀបចំផ្លាស់ប្ដូរទីតាំងរោងចក្រ សហគ្រាស ឃ្លាំងស្តុកទំនិញ និងយានដ្ឋានជួសជុលរថយន្តធុនធំ ពីតំបន់ទីប្រជុំជននៅតំបន់ជាយក្រុងខេត្ត នៅតាមបណ្ដោយផ្លូវក្រវាត់ក្រុងទី៣ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលបានចេញកាលពីថ្ងៃទី២៦ ខែកុម្ភៈ។

ក្នុងសេចក្តីជូនដំណឹងនេះ មានន័យទាំងស្រុងថា រដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋជាម្ចាស់រោងចក្រ សហគ្រាស ឃ្លាំងផ្ទុកទំនិញ និងយានដ្ឋានជួសជុលរថយន្តធុនធំ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ទីប្រជុំជនក្នុងរាជធានីភ្នំពេញ ឲ្យបានជ្រាបថា ដោយសក្តានុពលសុខសន្តិភាពពេញផ្ទៃប្រទេស ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល បានធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា ទទួលបាននូវសករាជពេញលេញដោយឯករាជ្យសន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍលើគ្រប់វិស័យ។ សមិទ្ធផលនៃសុខសន្តិភាព បានធ្វើឲ្យកំណើនសេដ្ឋកិច្ចជាតិ មានការរីកចម្រើនជាបន្តបន្ទាប់ ហើយរាជធានីភ្នំពេញ ក៏មានការអភិវឌ្ឍយ៉ាងឆាប់រហ័សផងដែរ ជាពិសេសវិស័យសេវាដឹកជញ្ជូនសាធារណៈ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពានអាកាស សួនច្បារ បណ្ដាញលូ ប្រឡាយអគ្គិសនី ទឹកស្អាត និងសំណង់អគារតូចធំ មានការរីកចម្រើនគួរឲ្យកត់សម្គាល់។

ទន្ទឹមនឹងការរីកចម្រើននេះ ក៏បានធ្វើឲ្យរាជធានីភ្នំពេញ កំពុងជួបនូវបញ្ហាប្រឈមមួយចំនួន ដែលតម្រូវឲ្យដោះស្រាយជាបន្តបន្ទាប់ ក្នុងនោះ បញ្ហារៀបចំសណ្ដាប់ធ្នាប់ចរាចរណ៍ គឺជាបញ្ហាអាទិភាពមួយ ក្នុងចំណោមបញ្ហាប្រឈមនានា ក្នុងរាជធានីភ្នំពេញ ដែលបញ្ហានេះ មួយចំណែកកើតឡើងដោយសារកំណើនយានយន្តគ្រប់ប្រភេទ រោងចក្រ សហគ្រាស ឃ្លាំងផ្ទុកទំនិញ និងយានដ្ឋានជួសជុលរថយន្តធំៗ បានកើនឡើងយ៉ាងឆាប់រហ័ស និងប្រមូលផ្តុំនៅតាមតំបន់ទីប្រជុំជន ដែលជាហេតុបណ្ដាលឲ្យមានការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់។

ទោះបីជាកន្លងមក រដ្ឋបាលរាជធានីភ្នំពេញ បានចាត់វិធានការការប្រើប្រាស់គ្រប់មធ្យោបាយតាមរយៈការអប់រំច្បាប់ចរាចរណ៍ផ្លូវគោក ការរៀបចំបំពាក់បរិក្ខារប្រព័ន្ធចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ របាំងចែកទ្រូងផ្លូវ ការហាមឃាត់មិនឲ្យរថយន្តធំធ្វើចរាចរនៅពេលថ្ងៃ ការបង្កើតនូវសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង ជាពិសេសបានចេញនូវសេចក្តីណែនាំលេខ ០១៣/ ១៨ ស.ណ.ន ចុះថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈទាំងអស់ របស់រដ្ឋបាលរាជធានីភ្នំពេញក៏ដោយ ក៏ការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ នៅតែមានការកើនឡើងគួរឲ្យកត់សម្គាល់។

ដូច្នេះ ដើម្បីឲ្យរាជធានីភ្នំពេញ រក្សាបាននូវសុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ រដ្ឋបាលរាជធានីភ្នំពេញ សូមស្នើបងប្អូនប្រជាពលរដ្ឋជាម្ចាស់រោងចក្រ សហគ្រាស និងយានដ្ឋានជួសជុលរថយន្តធុនធំ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ទីប្រជុំជនក្នុងរាជធានីភ្នំពេញទាំងអស់ រៀបចំផ្លាស់ប្ដូរទីតាំងអាជីវកម្មរបស់ខ្លួនឲ្យទៅស្ថិតនៅតាមបណ្ដោយផ្លូវខ្សែក្រវាត់ក្រុងទី៣ ដែលក្រសួងសាធារណការ និងដឹកជញ្ជូន បានកំពុងស្ថាបនាផ្លូវឆ្លងកាត់រាជធានីភ្នំពេញ និងខេត្តកណ្ដាល ចាប់ពីស្ពានព្រែកព្នៅ មហាវិថីឈ្នះឈ្នះ(ផ្លូវកប់ស្រូវ) ផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ១៤+១០៥ ទៅភ្ជាប់ផ្លូវជាតិលេខ១ ត្រង់គីឡូម៉ែត្រលេខ២៤+៨៤០ ដោយកាត់ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២១ ដែលគម្រោងសាងសង់ផ្លូវខ្សែក្រវាត់ក្រុងទី៣ នឹងរួចរាល់នៅឆ្នាំ២០២១ ខាងមុខនេះ។ ក្រោយពេលផ្លូវខ្សែក្រវាត់ក្រុងទី៣នេះ សាងសង់រួចរាល់ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការហាមឃាត់រថយន្តធុនធំគ្រប់ប្រភេទទាំងអស់ មិនអនុញ្ញាតឲ្យធ្វើចរាចរចូលរាជធានីភ្នំពេញទៀតឡើយ។

រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋជាម្ចាស់រោងចក្រ សហគ្រាស ឃ្លាំងស្តុកទំនិញ និងយានដ្ឋានជួសជុលរថយន្តធំៗ ទាំងអស់ មេត្តាជ្រាប និងចូលរួមសហការអនុវត្តតាមសេចក្តីជូនដំណឹងខាងលើនេះ ឲ្យបានល្អប្រសើរ។

ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរាជធានី មន្ទីរឧស្សាហកម្ម និងសិប្បកម្មរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១២ និងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ ត្រូវអនុវត្តផ្សព្វផ្សាយឲ្យបានទូលំទូលាយ និងសហការអនុវត្តឲ្យមានប្រសិទ្ធភាព ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

ផ្ដល់សិទ្ធិដោយ៖ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post