header ads

Sponsor

ភ្នំពេញៈ ក្នុងឱ​កាសជួបពិភាក្សាការងារជាមួយសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) កាលពីរសៀលថ្ងៃទី២៧ កុម្ភៈ នៅរដ្ឋបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានថ្លែងថា រដ្ឋបាលរាជធានីភ្នំពេញ គ្រាន់តែចង់តម្រង់ទិសរោងចក្រ និងឃ្លាំងស្តុកទំនិញទាំងអស់អោយគិតគូរទៅតាមលទ្ធភាពក្នុងការផ្លាស់ប្តូរទីតាំងរោងចក្រកាត់ដេរ ​ឬឃ្លាំងរបស់ខ្លួនទៅនៅជាយក្រុង ពិសេសតាមផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលអស់លោក លោកស្រីជាម្ចាស់រោងចក្រនៅកណ្តាលក្រុង មានពេលវេលា៣ឆ្នាំ ពីពេលនេះទៅលើការប្តូរទីតាំងនេះ។

​លោក​អភិបាលមានប្រសាសន៍​ថា យើងអត់ត្រូវការអោយបងប្អូនរុះរើទីតាំង រោងចក្រចាស់នៅកណ្តាលក្រុងនោះទេ តែយើងគ្រាន់តែជូនដំណឹងថា ក្នុងរយៈពេល៣ឆ្នាំទៀត នៅពេលផ្លូវក្រវ៉ាត់ក្រុងទី៣ស្ថាបនារួច រថយន្តធុនធំ, រថយន្តកុងតឺន័រទាំងអស់ នឹងឈប់លែងអោយចូលកណ្តាលក្រុងទៀតហើយ ព្រោះវាបានបង្កបញ្ហាច្រើនដល់សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ បង្កគ្រោះថ្នាក់ចរាចរណ៍​ជាដើម នៅពេលឡានធំទាំងនោះដឹកទំនិញមកផ្គត់ផ្គង់រោងចក្រនៅកណ្តាលក្រុង។ ដូច្នេះ នេះជាការតម្រង់ទិស និងជូនដំណឹងជាមុនសម្រាប់​លោក លោកស្រីជាម្ចាស់រោងចក្រត្រូវគិតគូរអោយហើយ ក្នុងការរកទីតាំងនៅខាងក្រៅ ហើយចំពោះការផ្គត់ផ្គង់សម្ភារៈ​វត្ថុធាតុដើមឲ្យរោងចក្រនៅកណ្តាលក្រុង គឺលោក លោកស្រីអាចប្រើប្រាស់រថយន្តធុនតូច។

ក្នុងឱកាសនោះដែរ សជិកសមាគមរោងចក្រកាត់ដេរ ក៏បានបង្ហាញក្តីបារម្ភខ្លះៗនៅពេលប្តូរទីតាំងរោងចក្រអាចធ្វើឲ្យបងប្អូនកម្មករយល់ច្រឡំ និងបង្កទៅជាបញ្ហាផ្សេង ដែលសុំឲ្យរដ្ឋបាលរាជធានីភ្នំពេញជួយសម្រួ​លលើរឿងនេះដែរ។

លោកអភិបាលបន្តថា បើលោក លោកស្រី មានបំណងបង្កើតរោងចក្រថ្មីសុំគិតដល់ទីតាំងក្រវ៉ាត់ក្រុងទី៣ សម្រាប់​រយៈ​ពេល៣ឆ្នាំទៅមុខទៀត ហើយយើង ក៏ត្រូវគិតពីផលប្រយោជន៍​គ្រប់ភាគីពាក់ពន្ធ័ ដែលអាចទទួលយកបាន។

ក្រោយកិច្ចប្រជុំនោះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានចេញដំណឹងមួយពាក់ព័ន្ធនឹងបញ្ហាខាងលើនេះផងដែរ ដែលក្នុងសេចក្តីជូនដំណឹងនេះបានបញ្ជាក់ឲ្យ​ដឹងថា រដ្ឋបាលរាជធានីភ្នំពេញពុំមានវិធានការឲ្យរើរោងចក្រ ឃ្លាំងស្តុកទំនិញបម្រើឲ្យវិស័យកាត់ដេរទាំងអស់ ដែលមានស្រាប់ទៅទីតាំងជាយទីក្រុងឡើយ ដោយត្រូវបន្តចង្វាក់ផលិតកម្មនៅលើទីតាំងបច្ចុប្បន្ននេះជារៀងរហូត។

ជាមួយគ្នានេះរដ្ឋបាលរាជធានីភ្នំពេញ ក៏បានសំណូមពរដល់សហគមន៍រោងចក្រកាត់ដេរនៅកម្ពុជា GMAC សូមឲ្យជួយចលនាដល់វិនិយោគិន ដែលមានបំណង បង្កើតរោងចក្រថ្មីទៅសាងសង់នៅតំបន់ជាយក្រុង ឬនៅតាមបណ្ដោយខ្សែក្រវាត់ក្រុងទី៣ ដើម្បីចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ។

បន្ទាប់ពីការពិភាក្សាគ្នារួច ភាគីទាំងពីរ បានឯកភាពដូចខាងក្រោម៖

១ បង្កើតក្រុមការងាររួមមួយដែលមានសមត្ថភាពខាងសហគមន៍រោងចក្រកាត់ដេរនៅកម្ពុជា gmac សមាគមដឹកជញ្ជូនផ្លូវគោកកម្ពុជាដើម្បីកំណត់រកមាឌ និងទំហំរថយន្តដឹកទំនិញធុនធ្ងន់ចេញ ចូលរាជធានីភ្នំពេញតម្រាយផ្លូវហាមឃាត់ និងការកំណត់ពេលវេលាម៉ោងចេញ ចូលសំដៅកាត់បន្ថយការកកស្ទះចរាចរណ៍នៅរាជធានីភ្នំពេញ។

២ ក្រុមការងាររួមនេះនឹងធ្វើការប្រជុំរៀងរាល់ខែម្តងឬបីខែម្តងតាមការចាំបាច់ដើម្បីពិភាក្សារកដំណោះស្រាយក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញនិងដោះស្រាយបញ្ហាកង្វល់របស់សមាគមរោងចក្រកាត់ដេរកម្ពុជា gmac ដែលពាក់ព័ន្ធនិងសមត្ថកិច្ចរបស់រដ្ឋបាលរាជធានីភ្នំពេញ។

៣ ចំពោះការសាងសង់រោងចក្រដែលមានផ្ទៃក្រឡាក្រោម ៣០០០ ម៉ែត្រការ៉េរដ្ឋបាលរាជធានីភ្នំពេញនិងជួយសម្រួលបែបបទតាមសេវាច្រកចេញចូលតែមួយរបស់រដ្ឋបាលរាជធានីភ្នំពេញសំដៅជួយកាត់បន្ថយពេលវេលាដើម្បីឆាប់បានដំណើរការសាងសង់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post