header ads

Sponsor

ភ្នំពេញៈ យុវជន យុវនារីខ្មែរ-ចិន ចំនួន៣០នាក់ ដែលសមត្ថកិច្ចបង្ក្រាបនៅក្លិបកំសាន្តរ៉ុក ត្រូវបានបញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ចំណែកមនុស្សប្រុសស្រី ជាង២០០នាក់ផ្សេងទៀត ត្រូវបានដោះលែងឲ្យត្រឡប់ទៅផ្ទះវិញអស់ហើយ។

នគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្នុងចំណោមមនុស្សប្រុសស្រីទាំង៣០នាក់ មានជនជាតិចិន ចំនួន១៣នាក់ និងយុវជនខ្មែរ ចំនួន១៧នាក់។

ជាមួយនោះដែរ ខាងមន្រ្តីជំនាញធ្វើកោសលវិច្ច័យលើសារធាតុញៀន បានបង្ហាញឲ្យដឹងថា វត្ថុតាងគ្រឿងញៀនដែលដកហូតនៅមជ្ឍមណ្ឌលរ៉ុក ខ្លះថា ជាង៥០គីឡូក្រាម ខ្លះថាជាង៤០គីឡូក្រាមនោះ ជាក់ស្តែង ជំនាញធ្វើតេស្តរកឃើញសារធាតុគ្រឿងញៀនសុទ្ធតែ២១គីឡូ៤៦៧.៦៣ក្រាមប៉ុណ្ណោះទេ។ គ្រឿងញៀនសុទ្ធ២១គីឡូ៤៦៧.៦៣ក្រាមនេះមាន៖ ទី១. គ្រឿងញៀនប្រភេទ អិុចស្តាស៊ីល(ថ្នាំក្រវី)១២គីឡូ២១៩.២១ក្រាម។ ទី២. ប្រភេទ ខេតាមីន(ថ្នាំហិត) ៨គីឡូ៩៣៥.៣៩ក្រាម។ ទី៣. ប្រភេទ នីម៉េតាស្បាម(ថ្នាំបន្សាម) ០គីឡូ ៣០៥.១០ក្រាម។ ទី៤. ប្រភេទ មេតំហ្វេតាមីន ១គីឡូ ៦ក្រាម។ ទី៥. ប្រភេទ ហេរ៉ូអុីន ០គីឡូ ៦១ក្រាម។ ទី៦. កញ្ឆាក្រៀម២កញ្ចប់តូច ទម្ងន់៦៦.៤៣ក្រាម។

ក្នុងនោះមានសំបកសម្រាប់វេចខ្ចប់ (ដបឬកែវ)២៤៧ដប សំបកកេស និងថង់ផ្លាស្ទិចមួយចំនួនទៀត។ ហើយក្រៅពីនេះ នៅមានម្សៅសង្ស័យសារធាតុញៀនប្រមាណ១៥គីឡូ ១៤ក្រាមទៀត ដែលត្រូវខាងជំនាញមន្ទីរប្រឆាំងគ្រឿងញៀនបាន និងកំពុងយកចូលឡាបូដើម្បីធ្វើការពិសោធន៍ឲ្យបានច្បាស់លាស់។

សរុបមកវិញ សារធាតុគ្រឿងសុទ្ធដែលសមត្ថកិច្ចបង្រ្កាបបាន នៅមជ្ឍមណ្ឌលកម្សាន្តរ៉ុក តែ២១គីឡូ ៤៦៧.៦៣ក្រាមប៉ុណ្ណោះទេ ហើយនេះក៏មិនមែនជារបាយការណ៍ផ្លូវការណ៍របស់សមត្ថកិច្ចដែរ គឺគ្រាន់តែជាតួលេខដែលបានមកពីមន្ត្រីជំនាញ។

ខណៈពេលសមត្ថកិច្ចមិនទាន់បានរកឃើញម្ចាស់គ្រឿងញៀន ឬទទួលខុសត្រូវឲ្យនាំថ្នាំញៀនសន្ធឹកសន្ធប់ចូលចែកចាយ ក្នុងមជ្ឍមណ្ឌលកម្សាន្តរ៉ុកនេះ មតិមហាជនបាននិយាយតៗគ្នាថា ចាំមើលទៀត តើតុលាការ និងត្រូវដាក់គុក ឬដោះលែងយុវជនចិន-ខ្មែរ៣០នាក់នោះ បើមនុស្ស៣០០នាក់ ឲ្យរួចផុតពីការចោទប្រកាន់អស់ហើយ ?

មតិបានលើកឡើងទៀតថា មនុស្សជាង៣០០នាក់ ដែលត្រូវសមត្ថកិច្ចចាប់ខ្លួននៅក្នុងមជ្ឍមណ្ឌលរ៉ុក កណ្តាលរាជធានីភ្នំពេញ ពាក់ព័ន្ធគ្រឿងញៀនសន្ធឹកសន្ធប់នោះ ត្រូវបានដោះលែងគ្រាន់តែតម្រូវឲ្យមានអ្នកធានា បានរួចផុតពីការចោទប្រកាន់ គឺពួកគេពិតជាមានសំណាងខុសគ្នាឆ្ងាយណាស់ ចំពោះយុវជន ឬជនសង្ស័យដែលសមត្ថកិច្ចបង្រ្កាបជារៀងរាល់ថ្ងៃតាមបណ្តាខណ្ឌ ក្រុង ឬក្រសួង គ្រាន់តែគ្នាប្រើប្រាស់ ឬចាប់បានថ្នាំញៀន១កញ្ចប់តូចដាក់ក្រោមកែបម៉ូតូ ចោទពីបទ.ចែកចាយ និងប្រើប្រាស់ ដែលពួកក្រុមយុវជនទាំងនោះ កម្របានរួចខ្លួនណាស់ខ្លះយកទៅដាក់មណ្ឌលកែប្រែរាប់ខែរាប់ឆ្នាំ ខ្លះទៀតចោទប្រកាន់ជាផ្លូវការណ៍ ហើយនាំទៅឃុំខ្លួននៅពន្ធនាគារព្រៃស ទម្រាំយកមកកាត់ក្តីជាប់គុកស្កូវសក់។ និយាយដូច្នេះមិនមែនការពារជនប្រព្រឹត្តបទល្មើសគ្រឿងញៀនទេ ប៉ុន្តែហាក់ដូចជាគ្មានតម្លាភាព ជនរងគ្រោះដោយសារការប្រើប្រាស់គ្រឿងញៀនដូចគ្នា ចាប់នៅក្នុងមជ្ឍមណ្ឌកម្សាន្តអ្នកមានរួចខ្លួន ចាប់នៅតាមផ្លូវសាធារណៈ គ្មានស្បែកជើងពាក់រកបាយស៊ីមិនបានជាប់គុកស្ទើរតែរកថ្ងៃចេញគ្មាន។

ចំពោះម្ចាស់ទីតាំងឧកញ៉ា គិត ធាង និងអ្នកទទួលខុសត្រូវឯទៀតៗ ក្នុងការធ្វើអាជីវកម្មក្លិបកំសាន្តរ៉ុក រហូតមកដល់ពេលនេះ ហាក់ដូចជាគ្មានរបាយការណ៍ណាមួយបញ្ជាក់បែបណាឡើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post