
កណ្ដាលៈ អ្នកដាំសប្បាយចិត្តនឹងអំពៅខ្មៅឡើងថ្លៃ ក្នុងពិធីបុណ្យចូលឆ្នាំចិនឆ្នាំនេះ អំពៅខ្មៅឡើងថ្លៃជាងឆ្នាំ២០១៨ ដោយទទួលបានចំណូលច្រើនពីការធ្វើកសិកម្មកម្ម។
លោក លី ហួត និងអ្នកស្រី យ៉ុង សម្បត្តិ កសិករដាំអំពៅខ្មៅ នៅក្នុងភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល បានឲ្យដឹងថា ឆ្នាំនេះអំពៅខ្មៅបានថ្លៃជាងឆ្នាំមុន គឺម៉ូយមកទទួលទិញដល់ចំការតែម្តង ដោយក្នុង១បាច់ថ្លៃ១០ម៉ឺនរៀល ខណៈកាលពីឆ្នាំកន្លងទៅ បានតែ៧ម៉ឺនរៀលប៉ុណ្ណោះក្នុង១បាច់ និងដឹកយកទៅលក់ខ្លួនឯងទៀតផង។ ក្រៅពីនោះ ក៏មានភ្ញៀវមកទិញសម្រាប់យកទៅសែនក្នុងពិធីមង្គលការ ឬក៏ឡើងគេហដ្ឋានថ្មីផងដែរ។
អ្នកស្រី លាង ហ្គិច អ្នកលក់អំពៅខ្មៅម្នាក់ នៅមុខអ្នកតាចិន ក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល បានប្រាប់ឲ្យដឹងថា ឆ្នាំនេះអំពៅខ្មៅលក់បានថ្លៃ និងស្រួលលក់ជាងឆ្នាំកន្លងទៅ ដោយអំពៅខ្មៅ១គូរ ចងជាមួយផ្លែនិងស្លឹកទទឹម អាចលក់បានពី៣ម៉ឺន ទៅ៤ម៉ឺនរៀល ខុសពីឆ្នាំមុន បានតែប្រមាណ២ម៉ឺនទៅ២៥០០០រៀលប៉ុណ្ណោះ។
អ្នកស្រីថា ជនជាតិចិន ក៏ដូចជាអ្នកជាប់ខ្សែស្រឡាយចិន គេនិយមទិញអំពៅខ្មៅ ដែលចងជាមួយផ្លែ និងស្លឹកទទឹមយកទៅដាក់នៅផ្ទះ ក្នុងឱកាសចូលឆ្នាំថ្មី ព្រោះមានជំនឿថា នឹងនាំមកនូវហុងស៊ុយល្អ ព្រមទាំងសេចក្តីសុខ និងលាភសំណាងផងដែរ។
អុំស្រី វួច លាង និងអ្នកស្រី លី សុខធារី រស់នៅរាជធានីភ្នំពេញ បានលើកឡើងថា គាត់មកអុជធូបនៅលោកតាចិនតាខ្មៅ (លោកតាធំ)នេះ គឺដើម្បីសុំសេចក្តីសុខ និងរកស៊ីមានបាន ហើយក៏ឆ្លៀតទិញអំពៅខ្មៅយកទៅដាក់ផ្ទះផងដែរ៕
