ភ្នំពេញៈ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានអះអាងថា លោក សម រង្ស៊ី បានកំពុងធ្វើនយោបាយប្រើប្រាស់យុទ្ធសាស្ត្រការដឹកនាំរបស់ ប៉ុល ពត។
ការលើកឡើងបែបនេះ ខណៈដែលលោក សម រង្ស៊ី បានកំពុងប្រើប្រាស់យុទ្ធសាស្ត្រ នយោបាយ ដើម្បីអូសទាញប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធដើរតាមគំនិតខ្លួន។
យ៉ាងណាក្តីលោក សុខ ឥសាន បានឲ្យដឹងនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះថា ដើម្បីមហិច្ឆតាអំណាច ទណ្ឌិត សម រង្ស៊ី រត់ចោលស្រុក បានខិតខំបំផុស និងយកនយោបាយខ្មែរក្រហម ប៉ុល ពត មកដុតកំហឹងប្រជាជន និងកងទ័ព។
លោកបញ្ជាក់ថា នយោបាយ សម រង្ស៊ី បានបង្ហាញសាធារណជនដឹងយ៉ាងដូច្នេះថា ផ្តួលរំលំរបបសព្វថ្ងៃចោល ដើម្បីឆារចោលបំណុលធនាគារ និងបំណុលផ្សេងៗ។ រឹបអូសយកលុយកាក់ និងទ្រព្យសម្បត្តិ ដីធ្លីរបស់អ្នកមានមកចែកអ្នកក្រ។ យកប្រាក់កម្ចីពីបរទេសសម្រាប់កសាង និងអភិវឌ្ឍន៍ប្រទេសមកចែកប្រជាជនក្រីក្រ។ រឹបអូសទ្រព្យសម្បតិ្ត និងប្រាក់កាសត្រកូលហ៊ុនមកចែកប្រជាជន។ ដូច្នេះគម្រោងផែនការរបស់ទណ្ឌិតរត់ចោលស្រុកនេះ គឺជានយោបាយ ប៉ុល ពត សុទ្ធសាធ ដែលប្រជាជនកម្ពុជាធ្លាប់បានភ្លក្សរសជាតិដ៏ជូរចត់ហួសវិស័យរួចមកហើយ។
លោកបញ្ជាក់ថា «នេះគ្រាន់តែជានយោបាយចងអាឃាដរបស់ទណ្ឌិតរត់ចោលស្រុក ដែលបើអញមិនបានកាន់អំណាច ពួកឯងក៏ត្រូវតែខ្ទេចខ្ទីហិនហោចរលាយអស់ដែរ »៕
