header ads

Sponsor

ភ្នំពេញៈ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា មន្រ្តីរាជការសាធារណៈ ត្រូវបែងចែកឲ្យបានច្បាស់ រវាងការងារបក្ស និងការងាររដ្ឋ ជាពិសេសមិនត្រូវប្រកាន់និន្នាការ ឬបក្ខពួកឡើយ។

ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ សម្ដេច ស ខេង បានរំលឹកទៅដល់មន្រ្តីរាជការសាធារណៈ ត្រូវតែចៀសវាងដាច់ខាត ការយកមធ្យោបាយរដ្ឋ មកបម្រើឲ្យបក្ស ឬបុគ្គលផ្ទាល់ខ្លួន។

សម្ដេច មានប្រសាសន៍ថា “ហើយត្រូវបែងចែកឲ្យបានច្បាស់លាស់ រវាងការងារបក្ស និងការងាររដ្ឋ និងសម្រាប់ការងាររដ្ឋ គឺមិនត្រូវប្រកាន់និន្នាការ ឬបក្ខពួកឡើយ”។

ឆ្លៀតឱកាសនោះដែរ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ អំពាវនាវជាថ្មីទៀត ឲ្យម្ចាស់អាជីវកម្មកំសាន្តនានា ចូលរួមគាំទ្រការលុបបំបាត់បញ្ហាគ្រឿងញៀន ប្រសិនបើមិនបានចូលរួមទេ វិធានការណ៍ចុងក្រោយ គឺការអាជ្ញាធរនឹងចុះបង្ក្រាបដោយបិទអាជីវកម្មនោះតែម្ដង។រដ្ឋមន្ដ្រីថា អាជ្ញាធរ និងសមត្ថកិច្ច មិនត្រូវខ្លាចជនដែលប្រព្រឹត្តអំពើខុសច្បាប់ជាដាច់ខាត។

រដ្ឋមន្ដ្រីមហាផ្ទៃ បញ្ជាក់ថា មិនត្រូវរង់ចាំតែបទបញ្ជារាល់ថ្ងៃ រាល់ម៉ោងនោះទេ ពីព្រោះកម្ពុជាមានច្បាប់គ្រឿងញៀន មានគោលការណ៍ណែនាំពាក់ព័ន្ធរួចអស់ហើយ ដូច្នេះត្រូវតែដាក់វិធានការណ៍ទប់ស្កាត់ និងលុបបំបាត់ឲ្យបាននូវបញ្ហាដែលនាំឲ្យប៉ះពាល់អនាគតយុវជន និងសន្តិសុខសាធារណៈមួយនេះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post