
លោកឧត្តមសេនីយ៍ត្រី ព្រុំ សន្ធរ ជាកូនឯកឧត្តម ព្រំ សុខា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានចូលកាន់តំណែងជាស្នងការនគរបាលខេត្តព្រៃវែងជាផ្លូវការហើយ។ ពិធីផ្លាស់ប្តូរមុខតំណែងនេះ បានប្រព្រឹត្តទៅកាលព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង នៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង។

សូមបញ្ជាក់ថាការតែងតាំងលោកឧត្តមសេនីយ៍ត្រី ព្រុំ សន្ធរ ជាស្នងការនគរបាលខេត្តព្រៃវែង ជំនួសលោកឧត្តមសេនីយ៍ទោ ស្រេង ជា ដែលត្រូវចូលនិវត្តន៍។
គួររំលឹកថា បើយោងតាមព្រះរាជក្រឹត្យរបស់ព្រះបាទនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ស្នងការនគរបាលខេត្តចំនួន០៣រូប ដែលត្រូវដាក់ឱ្យចូលនិវត្តន៍ រួមមាន៖ ១- លោកឧត្តមសេនីយ៍ទោ ស្រេង ជាស្នងការនគរបាលខេត្តព្រៃវែង ទី២- លោកឧត្តមសេនីយ៍ទោ ជា ចាន់ឌិន ស្នងការនគរបាលខេត្តប៉ៃលិន និងទី៣- លោកឧត្តមសេនីយ៍ ឡុច វណ្ណារ៉ា ស្នងការនគរបាលខេត្តកំពង់ឆ្នាំង។
