
ភ្នំពេញៈ យុវជន៣នាក់ បានរងរបួស ក្នុងហេតុការណ៍អំពើហិង្សារវាងក្មេងស្ទាវ២ក្រុម ក្មេងស្ទាវមួយក្រុមមានគ្នា១២នាក់ ទើបចេញពីរ៉េនក្លឹប ត្រូវបានក្មេងស្ទាវមួយក្រុមទៀត មានគ្នាជាង១០នាក់ ជិះម៉ូតូ៥គ្រឿង តាមពីក្រោយយកខ្សែក្រវ៉ាត់ដេញវាយគ្នា ទើបក្រុមក្មេងស្ទាវ១២នាក់នោះ នាំគ្នារត់ប្រសាចពេញថ្នល់ រួចរើសដុំថ្ម ដុំឥដ្ឋ គប់ទៅលើក្រុមក្មេងស្ទាវ ដែលជិះម៉ូតូទាំងនោះវិញ បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរ និងសមត្ថកិច្ចចុះអន្តរាគមន៍ភ្លាមៗផងដែរ។
ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១២៖១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ស្ថិតនៅជិតសកលវិទ្យាល័យ IIC លើកំណាត់ផ្លូវជាតិលេខ២ ភូមិទួលរកា២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បើតាមសម្ដីយុវជនម្នាក់ដែលជាអ្នកកាន់ដុំថ្ម បានរៀបរាប់ប្រាប់អ្នកយកព័ត៌មានយើងថា មុនពេលកើតហេតុ រូបគេនិងមិត្តភ័ក្តិ១១នាក់ទៀត បានមករាំកម្សាន្តនៅក្នុងក្លឹបមួយឈ្មោះថា "រ៉េនក្លឹប RAIN CLUB" នៅចាក់អង្រែក្រោម ដែលមានចម្ងាយប្រហែល៨០០ម៉ែត្រពីចំណុចកើតហេតុខាងលើ ហើយបានហៅស្រាបៀរផឹកស៊ី រាំលេងកម្សាន្ត ដោយមិនបានប៉ះពាល់អ្នកណានោះទេ ។
យុវជនខាងលើបន្តថា តែពេលកំពុងរាំកម្សាន្តនោះ មានយុវជនម្នាក់ បានលើកដៃចង្អុលមកកាន់មិត្តភ័ក្តិរបស់ខ្លួន រួចរាំឌឺដងបន្ថែមទៀត តែរូបគេបានហាមមិនអោយមិត្តភ័ក្តិចាប់អារម្មណ៍ទៅលើភាគីម្ខាងទៀតទេ ព្រោះគិតថា មករាំលេងសប្បាយ មិនមែនមកបញ្ចេញសាច់ដុំដាក់គ្នា នាំតែកើតមានហិង្សាវាយគ្នារញ៉េរញ៉ៃតែប៉ុណ្ណោះ ទើបរូបគេនាំគ្នាផឹកនិងរាំកម្សាន្តរហូតអស់ស្រា ក៏បបួលមិត្តភ័ក្តិត្រឡប់ទៅផ្ទះវិញ ដោយដើរថ្មើជើងទិសដៅពីត្បូងទៅជើង។
យុវជនដដែលបន្តថា លុះពេលដើរមកជិតដល់សកលវិទ្យាល័យ IIC ដែលជាចំណុចកើតហេតុនោះ ស្រាប់តែឃើញក្មេងស្ទាវមួយក្រុមទៀត មានគ្នាជាង១០នាក់ ជិះម៉ូតូ៥គ្រឿង ជិះតាមមកពីក្រោយ រួចយកខ្សែក្រវ៉ាត់ ដេញវាយមិត្តភ័ក្តិរបស់ខ្លួន៣នាក់ ដែលដើរក្រោយគេ បណ្ដាលរងរបួសម្នាក់ត្រូវជើង ២នាក់របួសត្រូវដៃ ហូរឈាមប្រលាក់ពេញដៃផងដែរ ហើយរូបគេ ក៏ស្រែកឆោឡោ គេវាយគ្នាយើងហើយ ទើបមិត្តភ័ក្តិជាច្រើនទៀត ដែលដើរមកដល់មុខមុននោះ នាំគ្នាស្ទុះរត់ប្រសាចពេញថ្នល់ រើសដុំថ្ម ដុំឥដ្ឋ គប់ទៅលើក្រុមក្មេងស្ទាវ ដែលជិះម៉ូតូទាំងនោះវិញ បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរ រាយការណ៍ប្រាប់កម្លាំងល្បាតប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម ចុះអន្តរាគមន៍ភ្លាមៗផងដែរ។
គ្រាន់តែឃើញកម្លាំងល្បាតមកភ្លាម ក្រុមក្មេងស្ទាវមានគ្នាជាង១០នាក់នោះ ឡើងជិះម៉ូតូចេញទៅតាមផ្លូវជាតិលេខ២ ពីត្បូងទៅជើង បាត់ស្រមោលអស់ ហើយកម្លាំងល្បាតប៉ុស្តិ៍ចាក់អង្រែក្រោម ក៏សាកសួរនាំអ្នកណាជាដើមហេតុ ទើបពួកគេឆ្លើយថា ពួកគេត្រូវ ក្រុមក្មេងស្ទាវមួយក្រុមទៀត ជិះមកវាយពីក្រោយ បណ្ដាលឲ្យមានអ្នករបួស៣នាក់ផងដែរ។ ហើយសមត្ថកិច្ចក៏បានណែនាំឲ្យត្រឡប់ទៅផ្ទះលាងរបួសសិន ឬអាចដាក់ពាក្យបណ្ដឹងបាន។
មួយសន្ទុះក្រោយមក ស្រាប់តែឃើញក្រុមក្មេងស្ទាវ ដែលជិះរត់ទៅបាត់នោះ ជិះបកត្រឡប់មកវិញ ទើបក្រុមក្មេងស្ទាវទាំង១២នាក់នោះ ទាញដុំថ្ម ដុំឥដ្ឋ បម្រុងគប់សំដៅទៅលើក្រុមក្មេងស្ទាវទាំងនោះ តែត្រូវបានសមត្ថកិច្ចធ្វើការរារាំងមិនអោយប្រព្រឹត្តិអំពើបែបនេះទេ តែក្រុមក្មេងស្ទាវទាំង១២នាក់នោះ ក៏លើកដុំថ្ម ដុំឥដ្ឋ បង្ហាញសមត្ថកិច្ចថា ពួកគេគ្រាន់តែជាអ្នករងរបួស ដូច្នេះហើយសុំកាន់ដុំថ្មទាំងនោះ នៅជាប់ដៃដើម្បីការពារខ្លួន ខ្លាចក្រុមក្មេងស្ទាវទាំងនោះត្រឡប់មកវិញទៀត ។
ក្រោយមកកម្លាំងល្បាតមូលដ្ឋានប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម បានជិះម៉ូតូតាមក្រុមក្មេងស្ទាវទាំង១២នាក់នោះ រហូតដល់កន្លែងស្នាក់នៅវិញ ដោយសុវត្ថិភាព ហើយត្រឡប់មកល្បាតតាមភូមិសាស្ត្រដដែល។
សូមបញ្ជាក់ថា ចំពោះក្លឹបកម្សាន្តរ៉េន(Rain) កន្លងទៅ ក៏មានបុរសម្នាក់បានស្នើសុំដល់អាជ្ញាធរសង្កាត់ចាក់អង្រែក្រោម និងខណ្ឌមានជ័យ សុំឲ្យចុះទៅពិនិត្យក្លឹបឌីស្កូរ៉េន (Rain Club) ដែលបង្កឲ្យប៉ះពាល់យ៉ាងខ្លាំងជុំវិញ បរិស្ថានក្នុងការរស់នៅមិនអាចទ្រាំបាន ក្នុងមូលហេតុថា ភ្ញៀវដែលបានចូលរាំលេងកម្សាន្តនៅក្នុងក្លឹបនេះ បានជុះនោមដាក់លើផ្លូវ ជញ្ជាំង និងរបងផ្ទះព្រមទាំងបន្ទោបង់ ជាពិសេសបង្កជាសំឡេងហ៊ោកញ្ជ្រៀវ បំពងសំឡេងចេញមកក្រៅ រហូតដល់ម៉ោង៣ភ្លឺ មិនអាចដេកពួនបានឡើយ ។
ការលើកឡើងស្នើសុំនេះ គឺក្នុងឱកាសវេទិកាសាធារណៈមួយកាលពីព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅក្នុងរោងអ្នកតាចិន (ដើមពោធិ៍) ភូមិទួលរកា២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ឆ្លើយតបការស្នើសុំរបស់ប្រជាពលរដ្ឋ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ ក៏បានចុះទៅពិនិត្យជាក់ស្តែង ឃើញថា ក្លឹបពិតជាមានការរំខាន និងគ្មានសុវតិ្ថភាពនោះទេ។ លោកថា លោកបានធ្វើការណែនាំដល់ថៅកែក្លឹប ឲ្យធ្វើការកែសម្រួលឡើងវិញជាបន្ទាន់ ដោយតម្រូវឲ្យម្ចាស់ទីតាំងក្លឹបនេះ កែសម្រួលច្រកសុវតិ្ថភាពឲ្យបានចំនួនពីរទ្វារ និងដាក់អំពូលភ្លើងស្វ័យប្រវត្តិ (Auto) ។ លោកថា ធ្វើបែបនេះ គឺចៀងវាងបើមានបញ្ហាអគ្គិភ័យកើតឡើង គឺមានទ្វារសុវតិ្ថភាព សម្រាប់ចេញ និងអំពូលភ្លើងស្វ័យប្រវត្តិនោះជួយបំភ្លឺផងដែរ ៕
















